Connect with us

សេដ្ឋកិច្ច

​កម្ពុជា​រកចំណូលបានជាង ៤៥៣ លានដុល្លារ ​ពីការនាំចេញជ័រកៅស៊ូ ត្រឹមរយៈពេល ១០ ខែ

បានផុស

នៅ

កម្ពុជា​រកចំណូល​បាន​ជាង ​៤៥៣ ​លានដុល្លារ ​ពីការនាំចេញជ័រកៅស៊ូ ​នៅក្នុងរយៈពេល ​១០ ខែ ឆ្នាំ ២០២៥ ធ្លាក់ចុះ ៣,៩% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤ ដោយសារតម្រូវការក្នុងស្រុកបានកើនឡើងខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍របស់​អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មបង្ហាញថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៥ ផលិតកម្មកៅស៊ូរបស់កម្ពុជា សម្រេចបានជាង ៣០ ម៉ឺនតោន (៣០៧ ៣៣២) កើនឡើង ៣,៩២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ តម្លៃជ័រ​កៅ​ស៊ូកម្ពុជាជាមធ្យម ១៧៦៣ ដុល្លារ ក្នុងមួយតោន កើនឡើង ៨,៧%។

លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ការនាំចេញជ័រកៅស៊ូ​សម្រេចបានប្រមាណជាង ២៥ ម៉ឺនតោន (២៥៧៣២២) បាន​ធ្លាក់​ចុះបន្តិច​ ដោយ​សារ​​តម្រូវការ​ប្រើប្រាស់ក្នុងស្រុក​បានកើនឡើង​រហូតដល់ ១១៧% ក្នុងរយៈពេល ១០ ខែឆ្នាំនេះ។

​លោកបានបញ្ជាក់​ថា ខ្សែច្រវាក់តម្លៃកៅស៊ូ ​ការគ្រប់គ្រង ប្រមូលផល កែច្នៃ និងធុរកិច្ច នៅតាម​បណ្ដារ​ក្រុមហ៊ុន ចម្ការ​កៅ​ស៊ូ នៅដំណើរការធម្មតា។​

លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​បានឱ្យដឹងថា ​តម្លៃជ័រកៅស៊ូបានកើន​ឡើង​ធៀបនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន​ ខណៈទិន្នផលប្រហាក់ប្រហែលឆ្នាំមុន ហើយ​វត្ត​មាន​​រោងចក្រផលិត​សំបក​កង់​រថ​យន្តបាន​ជួយស្រូប​ទាញ​ជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។​

​លោក ម៉ែន សុភក្ដិបន្ថែមថា៖ «ពីមុន​យើង​លក់នាំចេញទៅក្រៅប្រទេស ឥឡូវ​មានរោង​ចក្រកង់​ឡានដែលគេ​មកផលិតដោយ​ប្រើកៅ​ស៊ូ​ធម្មជាតិ ផ្នែកនៃគ្រឿងផ្សំផលិត​កង់​ឡាន​​​គឺទិញកៅស៊ូធម្ម​ជាតិ​ក្នុងស្រុក ហើយយើង​លក់​កៅ​ស៊ូ​ក្នុង​ស្រុកយើងអត់ចំណាយ​លើការដឹក​ជញ្ជូន​សេវាផ្សេងៗ»។

​នៅក្នុងឆ្នាំ ២០២៤ កម្ពុជានាំ​ចេញជ័រកៅស៊ូ​បាន​ទឹកប្រាក់​ជាង ៦៧១ លានដុល្លារ កើនឡើង​៣៦,៣៨% ធៀបនឹងឆ្នាំ ២០២៣។​

​កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរជ័រមានចំនួនជាង​៣៣ម៉ឺន​ហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។ សម្រាប់​ផ្ទៃដីកៅស៊ូកសិឧស្សា​ហកម្មមាន​ចំនួន​ជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារ​មានចំនួន​ជាង ២០ ម៉ឺនហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម