Connect with us

សេដ្ឋកិច្ច

កសិករដាំផ្លែទឹកដោះគោលឿង ទទួលបានទិន្នផលខ្ពស់ និងតម្លៃល្អ

បានផុស

នៅ

លោក វឿន ចំណាប់ ម្ចាស់ចម្ការទឹកដោះគោលឿង ស្ថិតនៅ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានជ្រើសរើសដាំផ្លែទឹកដោះគោលឿង ផ្ដល់ទិន្នផលខ្ពស់ ដែលអាចលក់ចេញទៅកាន់ទីផ្សារបាន ៣ដុល្លារ ក្នុងមួយគីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតនៅក្នុង​វ័យ ៤០ឆ្នាំ លោក វឿន ចំណាប់ ជាម្ចាស់ចម្ការទឹកដោះគោលឿង (ចម្ការតាចំណាប់) ខេត្តបាត់ដំបង ​ប្រាប់កម្ពុជាថ្មីថា ចម្ការទឹកដោះគោលឿងរបស់លោកបានចាប់ផ្តើមឡើងមកតាំងពីឆ្នាំ ២០២២។ លោក បន្តថា បច្ចុប្បន្ន ផ្លែទឹកដោះគោលឿងនៅក្នុងចម្ការរបស់លោក កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ភ្ញៀវទេសចរ ដែលបានមកជួយទិញដល់ចម្ការផ្ទាល់។

ម្ចាស់ចម្ការរូបនេះ បានឱ្យដឹងទៀតដែរថា មូលហេតុដែលលោកជ្រើសរើសពូជផ្លែទឹកដោះគោលឿងនេះមកដាំ ដោយ សារតែវាមានរសជាតិឆ្ងាញ់ និងពុំសូវមានជ័រច្រើនដូចផ្លែទឹកដោះគោរបស់ខ្មែ​រ។

ម្យ៉ាងទៀត ផ្លែទឹកដោះគោលឿងនេះ វាងាយស្រួលដាំដោយប្រើរយៈពេលត្រឹមតែ២ឆ្នាំ ក៏អាចទទួលបានផលយ៉ាងឆាប់រហ័ស ផងដែរ។

លោក វឿន ចំណាប់ បានបញ្ជាក់ដែរថា នេះជាឆ្នាំទី៣ហើយ ដែលលោកបានប្រមូលផលផ្លែទឹកដោះគោលឿងនេះ ខណៈឆ្នាំមុន ទឹកដោះគោលឿងអាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ៤ដុល្លារ ទៅ៥ដុល្លារ។

ដោយឡែក ឆ្នាំនេះ លោក ចំណាប់ ដាក់ក្ដីរពឹងថា ផ្លែទឹកដោះគោលឿង ក្នុងចម្ការរបស់លោក នឹងទទួលបានទិន្នផលសរុប ២០តោន នេះក៏ដោយសារតែ គ្រាន់តែ១ដើមអាចប្រមូលផលបានចន្លោះពី ៤០គីឡូ ទៅ៥០គីឡូក្រាមទៅហើយ។

ទោះបីជាផ្លែទឹកដោះគោលឿង នៅក្នុងចម្ការលោក ចំណាប់ អាចទទួលបានទិន្នផលខ្ពស់ក៏ពិតមែន ប៉ុន្ដែលោកថា ទិន្នផល​ប៉ុណ្ណឹង នៅពុំទាន់អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារបាននៅឡើយ។ ជាក់ស្ដែង ផ្លែទឹកដោះគោលឿងគ្រាន់តែចាប់ផ្ដើមប្រមូលផលភ្លាម ក៏មានអតិថិជនមកទិញដល់ចម្ការផ្ទាល់តែម្ដង។

ក្រៅពីដំណាំផ្លែទឹកដោះគោលឿង ចម្ការរបស់លោក ចំណាប់ ក៏មានដាំដំណាំហូបផ្លែជាច្រើនមុខទៀត សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារបានជារៀងរាល់ឆ្នាំ។

ចម្ការទឹកដោះគោលឿងរបស់លោក វឿន ចំណាប់ មានដើមទឹកដោះគោលឿងដែលអាចប្រមូលផលបានចំនួន ១ ៤០០ដើម នៃផ្ទៃដីសរុបជិត ៣០ហិកតា៕

អត្ថបទ ៖​ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម