ព័ត៌មានជាតិ
លោកស្រី អ៊ឹង កន្ថាផាវី ណែនាំប្រធានមន្ទីរកិច្ចការនារីខេត្តបាត់ដំបងថ្មី ត្រូវពង្រឹងសាមគ្គីភាព ដឹកនាំប្រកបដោយតម្លាភាព
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានណែនាំដល់ប្រធាមមន្ទីរកិច្ចការនារីខេត្តបាត់ដំបងថ្មី ត្រូវពង្រឹងសាមគ្គីភាព ដឹកនាំប្រកបដោយតម្លាភាព លើកកម្ពស់សមត្ថភាពឱ្យមានចំណេះដឹងខ្ពស់ និងបម្រើសេវាជូនសាធារណជនឱ្យបានល្អប្រសើរ។ លោកស្រីបានណែនាំ បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរកិច្ចការនារីខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នាសាលប្រជុំសាលាខេត្តបាត់ដំបង។

លោកស្រី អ៊ាន ណារៀង ទទួលបានការ ប្រកាសតែងតាំងជាប្រធានមន្ទីរកិច្ចការនារីខេត្តបាត់ដំបងជំនួសលោកស្រី ភោគ សុភ័ក្រ្ត ដែលបានចូលនិវត្តន៍។ ការរៀបចំពិធីប្រកាសចូលកាន់មុខតំណែង ជាការអនុវត្តស្របតាមបែបបទនីតិវិធីរដ្ឋបាល និងជាច្បាប់ ទម្លាប់ធម្មតារបស់មន្រ្តីរាជការក្នុងការរៀបចំ និងពង្រឹងរចនាសម្ព័ន្ធដឹកនាំ។ ការផ្លាស់ប្តូរ ឬការតែងតាំងមុខតំណែងថ្មីនេះ ធ្វើឡើងក្នុងគោលបំណងធានានូវនិរន្តរភាពការងារ ព្រមទាំងជាការផ្ដល់ឱកាសក្នុងការអនុវត្តមុខងារ សមត្ថភាព បង្កើនប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវខ្ពស់ជាងមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃសង្គមជាតិ ស្របតាមគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនេះដែរ សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរកិច្ចការនារីខេត្តទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងរួមគ្នាពុះពារគ្រប់ឧបសគ្គ បំពេញភារកិច្ចស្នូលរហូតសម្រេចបាននូវស្នាដៃ និងលទ្ធផលការងារជាច្រើនគួរជាទីមោទនៈ។ លោកថា សមិទ្ធផលទាំងនោះ បានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការការពារសិទ្ធិស្ត្រី-កុមារ ការលុបបំបាត់រាល់ទម្រង់នៃការរើសអើង និងការអភិវឌ្ឍសមត្ថភាពស្ត្រីក្នុងខេត្តទាំងមូល។

ដើម្បីឱ្យការដឹកនាំ និងការអនុវត្តការងាររបស់មន្ទីរកិច្ចការនារីខេត្តបាត់ដំបង កាន់តែមានភាពរស់រវើកជោគជ័យ និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងការវិវឌ្ឍសង្គម លោក អភិបាលខេត្ត បានផ្តាំផ្ញើដល់លោកស្រីប្រធានមន្ទីរថ្មី ក៏ដូចជាមន្ត្រីរាជការទាំងអស់ ត្រូវពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង។ ក្នុងនោះលោកបានណែនាំដល់លោកស្រីប្រធានមន្ទីរថ្មី ត្រូវដើរតួជាស្នូល និងជារូបភាពតំណាងនៃការប្រមូលផ្តុំកម្លាំង រក្សាសាមគ្គីភាពផ្ទៃក្នុង រវាងថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ឱ្យ បានខ្ជាប់ខ្ជួន។ ជាពិសេស ដឹកនាំដោយគោរពតាមគោលការណ៍ច្បាប់ លទ្ធិប្រជាធិបតេយ្យ ស្តាប់មតិយោបល់ជុំវិញខ្លួន មានតម្លាភាព និងជៀសវាងដាច់ខាតនូវបុគ្គលនិយម ឬការបែកបាក់ដែលប៉ះពាល់ដល់ដំណើរការការងាររដ្ឋបាល។ លើសពីនេះ ត្រូវបន្តចាត់ចែងអនុវត្តការងារ និងផែនការសកម្មភាពនានាដែលនៅសេសសល់ពីថ្នាក់ដឹកនាំមុនឱ្យមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ ត្រូវបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធ បើកចំហ និងរលូនជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា ដើម្បីរួមគ្នាជំរុញចរន្តការងារស្ត្រីឱ្យមានកម្លាំងខ្លាំងក្លាឡើង។ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយជាតិ យុទ្ធសាស្ត្រនានាសំដៅលុបបំបាត់រាល់ទម្រង់ នៃអំពើហិង្សាលើស្ត្រីនិងកុមារ។ សហការជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) គ្រប់លំដាប់ថ្នាក់ដើម្បីតាមដានជួយសង្គ្រោះ និងគាំទ្រផ្នែកច្បាប់ ក៏ដូចជាផ្នែកជីវភាពដល់ស្ត្រី និងកុមារដែលងាយរងគ្រោះ ឬរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ និងការជួញដូរមនុស្ស។

ត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញទន់ និងជំនាញរឹងដល់ស្រ្តីនៅក្នុងមូលដ្ឋាន ជាពិសេសស្ត្រីនៅតាមតំបន់ជនបទដាច់ស្រយាល ដើម្បីជួយឱ្យពួកគាត់មានលទ្ធភាពបង្កើតមុខរបរផ្ទាល់ខ្លួន បង្កើនចំណូលគ្រួសារ និងមានភាពឯករាជ្យផ្នែកសេដ្ឋកិច្ច។ ជាងនេះទៅទៀត ត្រូវពង្រឹងសមត្ថភាពមន្រ្តីរាជការនៅក្នុងមន្ទីរខ្លួនឯង ឱ្យស្របទៅនឹងយុគសម័យបច្ចេកវិទ្យា និងសង្គមឌីជីថល។
លោកបន្ថែមថា ក្នុងនាមជាមន្ត្រីរាជការ បម្រើ ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ក្រមសីលធម៌វិជ្ជាជីវៈ មិនត្រូវមានការរើសអើង បក្ខពួកនិយម ឬនិន្នាការនយោបាយឡើយ។ ត្រូវខិតខំដោះស្រាយរាល់កង្វល់ ឬសំណូមពររបស់បងប្អូនស្រ្តីនៅក្នុងខេត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងរហ័សទាន់ចិត្ត៕




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


