Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ផ្អាក​ដំណើរការ​អន្តោប្រវេសន៍​​ចំពោះ​១៩ប្រទេស ​បន្ទាប់ពី​មាន​ការ​បាញ់ប្រហារ​នៅ D.C

បានផុស

នៅ

រដ្ឋបាល​លោក ត្រាំ កាលពី​ថ្ងៃ​អង្គារ​​ទី​២​ខែ​ធ្នូ​ឆ្នាំ​២០២៥ បាន​ផ្អាក​ពាក្យស្នើសុំ​អន្តោប្រវេសន៍​ទាំងអស់ រួម​ទាំង​​​ការ​ផ្ដល់​បណ្ណ​ Green Card និង​សញ្ជាតិ សម្រាប់​ប្រជាជន​មកពី១៩ប្រទេស ដោយ​លើកឡើង​ពី​កង្វល់​សន្តិសុខ​ជាតិ និង​សុវត្ថិភាព​សាធារណៈ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម New York Times វិធានការ​នេះ ដែល​ត្រូវ​បាន​គូសបញ្ជាក់​ក្នុង​កំណត់ហេតុ​ផ្ទៃក្នុង​មួយ មាន​ផលប៉ះពាល់​ដល់​អ្នក​ដាក់ពាក្យ​ពី​ប្រទេស​ដែល​ស្ថិត​ក្រោម​បម្រាម​ធ្វើដំណើរ​កាលពី​ខែ​មិថុនា និង​ដាក់​កំហិត​បន្ថែម​ទៀត​លើ​អន្តោប្រវេសន៍​ស្របច្បាប់ ដែល​ជា​បង្គោល​ដ៏​សំខាន់​នៃ​របៀបវារៈ​នយោបាយ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ។ ប្រទេស​ក្នុង​បញ្ជី​ហាមឃាត់​​នេះ​រួមមាន អាហ្វហ្គានីស្ថាន, សូម៉ាលី, មីយ៉ាន់ម៉ា, ឆាដ, សាធារណរដ្ឋ​កុងហ្គោ, អេក្វាទ័រ​ហ្គីណេ, អេរីទ្រា, ហៃទី, អ៊ីរ៉ង់, លីប៊ី, ស៊ូដង់, យេម៉ែន, ប៊ូរុនឌី, គុយបា, ឡាវ, សៀរ៉ាឡេអូន, តូហ្គោ, តួកមេនីស្ថាន និង វ៉េណេស៊ុយអេឡា។

មន្ត្រី​​អាមេរិក​បាន​និយាយ​ថា ការ​ផ្អាក​នេះ​ធ្វើឡើង​បន្ទាប់ពី​ការ​វាយប្រហារ​កាលពី​សប្តាហ៍​មុន​នៅ​ទីក្រុង​វ៉ាស៊ីនតោនឌីស៊ី ជា​កន្លែង​​ដែល​បុរស​ជនជាតិ​អាហ្វហ្គានីស្ថាន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ពី​បាញ់​សមាជិក​ឆ្មាំ​ជាតិ​ពីរ​នាក់ ក្នុង​នោះ​មាន​​​​ម្នាក់ស្លាប់ និង​​​ម្នាក់ទៀត​រងរបួស​ធ្ងន់។ ហេតុការណ៍​នេះ​ បាន​បង្កើន​ការ​ត្រួតពិនិត្យ​លើ​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​ជាច្រើន​ ហើយ​​លោកត្រាំ ក្នុង​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ​បាន​វាយប្រហារ​ជនអន្តោប្រវេសន៍​សូម៉ាលី​ថា​ជា «សំរាម» និង​បាន​និយាយ​ថា «យើង​មិន​ចង់​​​ឲ្យ​​ពួកគេ​នៅ​ក្នុង​ប្រទេស​របស់​យើង​ទៀត​ទេ»។

(រូបថត៖ EPA)

ចាប់តាំងពី​ត្រឡប់​មក​កាន់​តំណែង​វិញ​កាលពី​ខែ​មករា លោកត្រាំ​បាន​បង្កើន​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ដោយ​ដាក់​ពង្រាយ​ភ្នាក់ងារ​សហព័ន្ធ​ទៅ​កាន់​ទីក្រុង​ធំៗ និង​រឹតត្បិត​យ៉ាង​ខ្លាំង​នូវ​សិទ្ធិ​ជ្រកកោន​នៅ​ព្រំដែន​សហរដ្ឋអាមេរិក-ម៉ិកស៊ិក។

សេចក្ដីណែនាំ​ថ្មី​នេះ​បញ្ជា​​ឲ្យ​​មាន​ការ​ផ្អាក​ទាំងស្រុង​លើ​ករណី​ដែល​កំពុង​រង់ចាំ និង​តម្រូវ​​ឲ្យ​​អ្នក​ដាក់ពាក្យ​ទាំងអស់​មកពី១៩ប្រទេស​នេះ​ត្រូវ​ឆ្លងកាត់ «ការ​ត្រួតពិនិត្យ​ឡើងវិញ​យ៉ាង​ហ្មត់ចត់» ដែល​អាច​រួម​បញ្ចូល​ទាំង​ការ​សម្ភាសន៍​បន្ថែម។ មេធាវី​អន្តោប្រវេសន៍​និយាយ​ថា ពួកគេ​បាន​ទទួល​របាយការណ៍​រួច​ហើយ​អំពី​ការ​លុបចោល​ពិធី​ស្បថ​ចូល​សញ្ជាតិ ការ​សម្ភាសន៍​សញ្ជាតិ និង​ការ​ណាត់ជួប​​ទទួល​យក​ប័ណ្ណ Green Card៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម