Connect with us

ព័ត៌មានជាតិ

រដ្ឋបាលស្រុកកណ្ដៀង ឲ្យពលរដ្ឋផ្អាកធ្វើស្រូវប្រាំងជាលើកទី២ ដោយសារបរិមាណទឹកក្នុងស្ទឹងពោធិ៍សាត់ត្រូវបានកាត់បន្ថយ

បានផុស

នៅ

រដ្ឋបាលស្រុកកណ្ដៀង នៃខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានជូនដំណឹង និងណែនាំឲ្យប្រជាកសិករដែលបង្កបង្កើនផលស្រូវប្រដេញទឹក និងស្រូវប្រាំង ត្រូវផ្អាកការធ្វើស្រូវប្រាំងជាលើកទី២ បន្ទាប់ពីប្រមូលផលរួចរាល់ចន្លោះខែធ្នូ ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ ជាដាច់ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ ធ្វើឡើងក៏ដោយសារបរិមាណទឹកនៅក្នុងស្ទឹងពោធិ៍សាត់ នឹងត្រូវកាត់បន្ថយជាអតិបរិមា ដើម្បីដំណើរការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹក ដោយវិធានការចម្រុះជំហាន២ របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលជាគម្រោងសាងសង់សំណង់ កាត់ស្ទឹងពោធិ៍សាត់ ក្រោមជំនួយ និងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍអាស៊ី ដែលនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៦ខាងមុខ។

រដ្ឋបាលស្រុកកណ្ដៀង ក៏បានណែនាំឲ្យប្រជាកសិករត្រូវយកចិត្តទុកដាក់ក្នុងការរក្សាទឹកទុក និងគ្រប់គ្រងទឹកនៅតាមបឹងបួរ ស្រះសហគមន៍ ស្រះគ្រួសារ និងប្រភពទឹកផ្សេងៗ នៅតាមសហគមន៍ ភូមិ និងឃុំនីមួយៗ ដើម្បីសម្រាប់ប្រើប្រាស់នារដូវប្រាំងខាងមុខនេះ។

រដ្ឋបាលស្រុកព្រមានថា ក្នុងករណីប្រជាកសិករនៅតែអនុវត្តការបង្កបង្កើនផលស្រូវរដូវប្រាំងលើកទីពីរ ប្រជាកសិករច្បាស់ជាប្រឈមនឹងការខ្វះទឹកស្រោចស្រពជាពុំខាន ជាពិសេសនឹងជួបប្រទះការខ្វះទឹកសម្រាប់សត្វពាហនៈ និងជីវភាពរស់នៅប្រចាំថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម