Connect with us

ព័ត៌មានជាតិ

ចេកណាំវ៉ា មានតម្រូវការច្រើន និងមានតម្លៃល្អ នៅលើទីផ្សារ

បានផុស

នៅ

បច្ចុប្បន្នផ្លែចេកណាំវ៉ាទុំ កំពុងមានតម្លៃល្អនៅលើទីផ្សារ និងមានតម្រូវការច្រើនពីអតិថិជន ហេតុដូច្នេះហើយទើបគេសង្គេតឃើញថា ចេកណាវ៉ាទុំ ដែលប្រជាពលរដ្ឋយកទៅលក់នៅលើទីផ្សារកម្រមានសល់ណាស់ ដោយសារតែផ្លែចេកប្រភេទនេះ គឺគេយកទៅប្រើប្រាស់ច្រើនយ៉ាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចេកណាំវ៉ា គឺជាពពួកចេកម្យ៉ាងនៅក្នុងចំណោមផ្លែចេកជាច្រើនមុខដូចជា ចេកពងមាន់ ចេកអំបូង ចេកស្នាប់មុខ ចេកជ្វា និងចេក ១០០ ស្និតជាដើម ហើយនៅក្នុងចំណោមចេកទាំងនេះ គឺមានតែចេកណាំវ៉ាមួយប៉ុណ្ណោះដែលមានតម្រូវការចាំបាច់ច្រើនជាងគេនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

អ្នកស្រី លន បញ្ញា ជាអាជីវករលក់ផ្លែឈើនៅក្នុងផ្សារមួយកន្លែងនាក្រុងបាត់ដំបងបានបញ្ជាក់ថា សម្រាប់ផ្លែចេកណាំវ៉ាដែលអ្នកស្រីលើកពីគេយកមកលក់ គឺមិនដែលសល់នោះឡើយ ដោយសារតែប្រជាពលរដ្ឋមានតម្រូវការច្រើនក្នុងការប្រើប្រាស់ចេកដាំវ៉ានេះ។

អ្នកស្រីបន្តថា សព្វថ្ងៃតម្លៃដែលអ្នកស្រីយកមកលក់នៅលើទីផ្សារ សម្រាប់ចេកណាំវ៉ាក្នុងមួយស្និត ចាប់ពី ៣.០០០ ទៅ ៤.០០០រៀល ដែលប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់ដូចជា ក្នុងពិធីបុណ្យទាន ឬយកទៅសែនព្រេន ធ្វើនំចេកបុក នំខៅម៉ៅថត នំចេកចៀន នំចេកអាំង នំអន្សមចេក និងចេកឆឹងជាដើម ៘ ហើយការលក់ផ្លែចេករបស់អ្នកស្រី គឺមានចេកជាច្រើនប្រភេទ ប៉ុន្តែលក់ដាច់ខ្លាំងគឺចេកណាំវ៉ាដោយសារមានតម្រូវការច្រើននៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

កញ្ញា សុង វល័ក្ខ ជាអ្នកលក់ចេកចៀននៅក្បែររង្វង់មូលព្រះនរាយណ៍ បានបញ្ជាក់ថា បើទោះបីជាកញ្ញាទិញចេកក្នុងមួយស្និតចាប់ពី ៣.០០០ ទៅ ៤.០០០ រៀលក៏ដោយ ក៏កញ្ញាអាចរកប្រាក់ចំណូលប្រចាំថ្ងៃបានគ្រាន់បើពីការចៀនចេកលក់ ព្រោះក្នុងមួយស្និត អាចមានរហូតជាង ១០ផ្លែ ដូច្នេះកញ្ញាអាចលក់បានជាង ១ម៉ឺនរៀលដែរព្រោះចេកចៀនមួយតម្លៃ ១.០០០ រៀល បើកាត់ថ្លៃម្សៅ ប្រេង ក៏អាចនៅសល់ដើម្បីទប់លើជីវភាពប្រចាំថ្ងៃដែរ ដែលមុខរបរនេះកញ្ញាលក់ជិត ៤ ឆ្នាំមកហើយ បើគិតមកទល់ថ្ងៃនេះ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម