Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកសំឡូត ពង្រឹងការងារសន្តិសុខ និងចុះពិនិត្យគុណភាពផ្លែទុរេនដើម្បីធានាគុណភាព

បានផុស

នៅ

ចាប់តាំងពីមានរឿងអាស្រូវនូវការនាំចូលផ្លែទុរេនពីប្រទេសថៃមកលក់ក្នុងខេត្តបាត់ដំបងរួចមក គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសំឡូត បានធ្វើការដឹកនាំកម្លាំងចុះត្រួតពិនិត្យទីតាំងដែលមានដាក់លក់ផ្លែទុរេនក្នុងស្រុកជាប់ជាប្រចាំ ដើម្បីរក្សាគុណភាពរបស់ផ្លែទុរេនក្នុងស្រុក ចៀសវាងការនាំចូលពីប្រទេសជិតខាងមកដាក់លក់នៅក្នុងស្រុកបន្លំភ្នែកមហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយៈពេលប៉ុន្មានខែកន្លងមកនេះ អាជ្ញាធរស្រុកសំឡូត បានដឹកនាំកម្លាំងចុះពិនិត្យទីតាំងដែលលក់ទុរេននៅតាមតំបន់រមណីយដ្ឋាននានា នៅចំណុចសំឡូតចាស់ សំឡូតថ្មី និងតាមបណ្ដោយផ្លូវទៅកាន់ច្រក ៤០០ ដែលជាតំបន់សម្បូរចម្ការទុរេន ហើយមានគុណភាព និងរសជាតិឆ្ងាញ់ពិសា។

លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្ដីពីការដាក់កម្លាំងទៅតាមគោលដៅសំខាន់ៗ និងតាមតំបន់រមណីយដ្ឋាន ដែលជាតំបន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចុះទៅកំសាន្ត ដើម្បីស្រូបយកខ្យល់អាកាសនាថ្ងៃឈប់សម្រាក និងចុះទៅទិញផ្លែទុរេនដើម្បីពិសាផងនោះ កម្លាំងរបស់លោកត្រូវរក្សាឲ្យបាននូវសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ ដែលបច្ចុប្បន្នក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរធ្វើដំណើរទៅកំសាន្តយ៉ាងគគ្រឹកគគ្រេង ពិសេសគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យតែម្ដង។

លោក សៅ តារា ជាម្ចាស់ចំការទុរេននៅចំណុចឃុំស៊ុង ដែលជាតំបន់ផ្លូវទៅកាន់ច្រក ៤០០ បានរៀបរាប់ថា បច្ចុប្បន្នបើទោះបីជាផ្លែទុរេននៅស្រុកសំឡូតមានការបេះលក់យ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ ក៏មានចម្ការខ្លះទើបតែដល់ពេលទំុក៏មានដែរ រីឯតម្លៃដែលលក់ចេញពីចម្ការផ្ទាល់ទៅឲ្យឈ្មួញកណ្ដាលសព្វថ្ងៃនេះ គឺបានតម្លៃចាប់ពី ៩.០០០ រៀល ទៅ ១០.០០០ រៀល ក្នុងមួយគីឡូក្រាម តែប៉ុណ្ណោះ ដោយឡែកអ្នកយកមកលក់បន្តនៅក្នុងក្រុងបាត់ដំបងគឺអាចចាប់ពី ១៣.០០០ រៀល ដល់ ១៧.០០០ រៀល ក្នុងមួយគីឡូក្រាម ដោយឆ្នាំនេះតម្លៃផ្លែទុរេនមិនសូវខុសគ្នា ពីឆ្នាំមុនៗប៉ុន្មានឡើយ ប៉ុន្តែឆ្នាំនេះ ចំការមួយចំនួនបានរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ដែលធ្វើឲ្យផ្លែទុរេនជ្រុះរាប់ពាន់ផ្លែ។

លោកបានបន្ថែមថា ទោះបីជាបច្ចុប្បន្នការលក់ផ្លែទុរេនក្នុងស្រុកបានពាក់កណ្ដាលទីក៏ដោយ ក៏ឆ្នាំនេះផ្លែទុរេនមិនទាន់លក់បានពាក់កណ្ដាលនៅឡើយទេ ដូច្នេះរដូវលក់ផ្លែទុរេនអាចនៅមានពេលយូរអង្វែងទើបអស់ផ្លែទុរេនពីចំការ។ ដោយបច្ចុប្បន្នអាជ្ញាធរនិងសមត្ថកិច្ចតែងតែចុះពិនិត្យតាមកន្លែងលក់ផ្លែទុរេនជាញឹកញាប់ ដើម្បីពង្រឹងគុណភាពជារៀងការនាំចូលពីប្រទេសជិតខាងមកបន្លំជាទុរេនក្នុងស្រុក៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម