Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ផ្តល់យោបល់ឱ្យ​ពិចារណាផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីធានាសុវត្ថិភាពប្រជាជន

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសបុក អំពាវនាវដល់ប្រជាជន និងផ្តល់យោបល់ទៅកាន់រាជរដ្ឋាភិបាល ក្នុងបរិបទស្ថានការណ៍តានតឹងតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ដែលបានបង្កការខូចខាតធ្ងន់ធ្ងរ និងបណ្តាលឲ្យមានការបាត់បង់ជីវិតប្រជាពលរដ្ឋកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបានលើកឡើងថា ប៉ុន្មានថ្ងៃមកនេះ កងទ័ពថៃបានបន្តឈ្លានពាន វាយប្រហារ និងសម្លាប់ប្រជាជនកម្ពុជាដោយមិនរើសមុខ និងមិនរើសទីកន្លែង សូម្បីតែហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចជា ស្ពាន ផ្លូវថ្នល់ សាលារៀន និងវត្តអារាម ក៏ត្រូវបានប្រើអាវុធធុនធ្ងន់ និងយន្តហោះវាយបំផ្លាញផងដែរ។ សម្តេចក៏បានអះអាងថា គ្រាប់បែកចង្កោម និងផ្សែងពុល ត្រូវបានប្រើប្រាស់នៅតំបន់ជាច្រើន រួមទាំងតំបន់ដែលមានពលរដ្ឋថៃកំពុងរស់នៅ និងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។

ក្នុងស្ថានការណ៍ដ៏តានតឹងនេះ ក្នុងនាមជាប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សកាន់អំណាច សម្តេច ហ៊ុន សែន បានផ្តល់យោបល់ដល់នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ឲ្យពិចារណាលើការផ្អាករាល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន រវាងប្រជាជនកម្ពុជា និងប្រជាជនថៃជាបណ្តោះអាសន្ន។

សម្តេចបានបញ្ជាក់ថា ពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ត្រូវបន្តស្នាក់នៅទីនោះ ខណៈពលរដ្ឋថៃដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ក៏ត្រូវបន្តស្ថិតនៅក្នុងទឹកដីកម្ពុជា ដរាបណាបទឈប់បាញ់មិនទាន់ត្រូវបានអនុវត្តពេញលេញ។

តាមសម្តេច វិធានការនេះមានគោលបំណងសំខាន់ ដើម្បីធានាសុវត្ថិភាពប្រជាជនទាំងពីរប្រទេស កុំឲ្យប្រឈមនឹងគ្រោះថ្នាក់ក្នុងអំឡុងពេលធ្វើដំណើរ ជាពិសេសការឆ្លងកាត់តំបន់ព្រំដែនដែលកំពុងមានការប៉ះទង្គិច។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាជនកម្ពុជា ដែលកំពុងរស់នៅប្រទេសថៃ និងប្រជាជនថៃ មេត្តាយោគយល់ចំពោះវិធានការនេះ ហើយបានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់ការពារ សុវត្ថិភាពពលរដ្ឋថៃ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា កុំឲ្យរងគ្រោះពីគ្រាប់កាំភ្លើង គ្រាប់បែក ឬផ្សែងពុលដែលបណ្តាលមកពីការប៉ះទង្គិចយោធា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម