Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក កម្ទេចអគារនៅជាប់ព្រំដែនថៃ ដែលជាសម្បុក Scammer

បានផុស

នៅ

ច្រើនខែមកហើយ មីយ៉ាន់ម៉ា មិនទាន់បញ្ឈប់ប្រតិបត្តិការកម្ចាត់សម្បុក Scammer នៅព្រំដែនជាប់ប្រទេសថៃទេ ខណៈប្រតិបត្តិការចុងក្រោយបំផុតនេះ កងទ័ពរដ្ឋាភិបាលបានទម្លាក់គ្រាប់បែក កម្ទេចអគាររបស់ក្រុមឧក្រិដ្ឋជនអនឡាញចំនួន១៧អគារបន្ថែមទៀតនៅតំបន់សេដ្ឋកិច្ចពិសេស KK Park ព្រមទាំងចាប់បានជនបរទេស៥១៦នាក់ ក្នុងនោះមាន១០នាក់ ជាជនជាតិថៃទៀតផង។

ការផ្ទុះនៅ KK Park (រូបថត៖ Facebook)

តាមការផ្សាយរបស់ The Star នៅថ្ងៃចន្ទទី១៥ខែធ្នូឆ្នាំ២០២៥ កងទ័ពមីយ៉ាន់ម៉ា បានកម្ទេចអគារក្នុងតំបន់ Myawady នៃរដ្ឋ Kayin ជាប់ស្រុក Mae Sot នៃខេត្ត Tak ប្រទេសថៃ ដោយចោទថា ជាកន្លែងលេងភ្នាល់ល្បែងតាមអនឡាញ។

ក្នុងប្រតិបត្តិការនោះផងដែរ កងទ័ពបានចាប់ខ្លួនជនបរទេសចំនួន៥១៦នាក់ ដែលមានជនជាតិចិនច្រើនជាងគេ ពោលគឺ២២៥នាក់ បន្ទាប់មកគឺ វៀតណាម៨៣នាក់, ហ្វីលីពីន៧៧នាក់, កេនយ៉ា៣៩នាក់, អ៊ូហ្គង់ដា២០នាក់, នេប៉ាល់១៧នាក់, ឥណ្ឌូណេស៊ី១២នាក់, អេត្យូពី១១នាក់, ថៃ១០នាក់, ម៉ាឡេស៊ី៩នាក់, ឥណ្ឌា៤នាក់, សេរ៉ាឡេអូន៣នាក់, តៃវ៉ាន់២នាក់, ហ្គីណេអេក្វាទ័រ២នាក់, ម៉ាដាហ្គាស្កាម្នាក់ និងតូហ្គោម្នាក់។

ការផ្ទុះនៅ KK Park (រូបថត៖ Facebook)

ក្រៅពីកម្ទេចអគារនិងចាប់ខ្លួនជនបរទេសហើយនោះ កងទ័ពក៏បានចូលឆែកឆេរអគារ ហើយរឹបអូសសម្ភារៈនិងគ្រឿងអេឡិចត្រូនិច រួចដុតបំផ្លាញចោលផងដែរ។

សូមជម្រាបជាថ្មី មីយ៉ាន់ម៉ា ចាប់ផ្តើមការវាយប្រហារកម្ទេចពួក Scammer តាំងពីដើមខែតុលាមកម្ល៉េះ ខណៈគិតត្រឹមពេលនេះ អគារនៅ KK Park ចំនួន៣៩៨ក្នុងចំណោម៦៣៥អគារ ត្រូវបានកម្ទេចហ្មត់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម