Connect with us

ព័ត៌មានជាតិ

សណ្ឋាគារ​កំពូលៗ​លំដាប់​ពិភពលោក​ កំពុង​មាន​វត្តមាន​ពង្រីក​អាជីវកម្ម​​នៅ​កម្ពុជា

បានផុស

នៅ

ខណៈ​កម្ពុជា​បាន​ក្លាយ​ជា​គោលដៅ​វិនិយោគ​ និង​​ការ​​​ធ្វើទេសចរណ៍មកកម្សាន្ត គេ​​ឃើញ​មាន​សណ្ឋាគារ​លំដាប់​កំពូល​ៗរបស់​ពិភពលោក​​បាន​ពង្រីកអាជីវកម្ម​​ផ្តល់​សេវា​បដិសណ្ឋារកិច្ច​ សម្រាប់ទទួលទេសចរមកទស្សនាប្រទេស​កម្ពុជា​។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ

ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ជាសណ្ឋាគារប្រណិតលំដាប់ផ្កាយប្រាំ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង ​ក្រោមទុន​ ១៨០ លានដុល្លារអាមេរិក។ ក្រុមហ៊ុន ជីប ម៉ុង បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសណ្ឋាគារលំដាប់ពិភពលោក ហៃយ៉ាត់ ហូថែល ខបភើរេស៊ិន កាលពីឆ្នាំ ២០១៦ ដើម្បី​គ្រប់គ្រងដំណើរការ​សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានបើកដាក់​ឲ្យ​ដំណើរការសាកល្បងនៅដើមឆ្នាំ ២០២១ ជាមួយ​បន្ទប់ស្នាក់នៅសរុបចំនួន ២៤៧ បន្ទប់​ ដែល​បន្ទប់នីមួយៗ​ត្រូវ​បាន​តុបតែងប្រកបដោយផាសុកភាព និងបរិក្ខារដ៏ប្រណិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សណ្ឋាគាររ៉ូសវ៉ូដ

សណ្ឋាគារ​ រ៉ូសវ៉ូដ ​​វិនិយោគ​សាងសង់និង​គ្រប់គ្រង​ដោយ​​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យវឌ្ឍនៈ​ប្រូផើធី​កម្ពុជា ដែល​មាន​ទីតាំង​នៅ​​​លើ​អគារ​វឌ្ឍនៈ​កាពីតាល់កម្ពស់ ៣៩ ជាន់ ស្ថិត​នៅ​​ចំ​កណ្តាល​តំបន់​ពាណិជ្ជកម្មក្នុង​រាជ​ធានី​ភ្នំពេញ។

ដោយ​មាន​កម្ពស់​ផុត​ពី​ផ្ទៃដី ១៨៨ ម៉ែត្រ សណ្ឋាគារនេះកាន់កាប់ជាន់កំពូលចំនួន ១៤ ជាន់ នៃ​អគារ​កញ្ចក់ Vattanac Capital Tower និង​បាន​​បើកដំណើរការ​ជា​ផ្លូវការ​​ក្នុង​ឆ្នាំ​ ២០១៧។

សណ្ឋា​គារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ

សណ្ឋាគារ Fairfield by Marriott Phnom Penh គឺជាគម្រោងសណ្ឋាគារលំដាប់អន្តជាតិទី ២ របស់ក្រុមហ៊ុនជីបម៉ុង គ្រុប បន្ទាប់ពី​សណ្ឋាគារ Hyatt Regency Phnom Penh។

ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Marriott International ដែលជាក្រុមហ៊ុនវិនិយោគ​លើវិស័យ​សណ្ឋាគារ​ធំជាង​គេមួយក្នុងពិភពលោក ក្រុមហ៊ុន​ជីប ម៉ុងបាននាំយក​សណ្ឋាគារ Fairfield by Marriott ដំបូងគេនៅកម្ពុជា។

សណ្ឋាគារដ៏ប្រណីតនេះគ្របដណ្ដប់លើ​ ១៩ ជាន់ខាងលើនៃអគារជីប ម៉ុង ថៅវើ ដែល​មាន​បន្ទប់ស្នាក់នៅស្ដង់ដារហូតដល់​ទៅ ៣០០ បន្ទប់ ដែលអាចឲ្យភ្ញៀវគយគន់​ទេសភាព​ដ៏​ស្រស់ត្រកាលនៃរាជធានីភ្នំពេញពីលើអាកាសរាប់រយម៉ែត្រ។

អ្វីដែលពិសេស សណ្ឋាគារ​ស្ថិតនៅ​ក្នុង​អគារ​ពាណិជ្ជកម្មចម្រុះអន្តរជាតិ មាន​ផ្សារទំនើបប្រណីតរបស់ ជីប ម៉ុង រីថែល ការិយាល័យ​ធ្វើការ ដែល​ជួយពង្រីក​សក្ដានុពល​របស់សណ្ឋាគារ​នេះ​មួយ​កម្រិត​ទៀត។

សណ្ឋាគារ Fairfield by Marriot មាន​ទីតាំង​នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្បែរស្ពាន​អាកាស​ប្រាំមករា និង​បាន​បើកទទួល​​ភ្ញៀវ​ស្នាក់នៅ​នៅ​​ឆ្នាំ ២០២៣។

សណ្ឋាគារ Citadines Flatiron

ក្រុមហ៊ុនសណ្ឋាគារល្បីឈ្មោះ Ascott បាន​បើកដំណើរការបណ្តាញសណ្ឋាគាររបស់ខ្លួន Citadines Flatiron Phnom Penh កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅរាជធានី​ភ្នំពេញ​ ដែល​មាន​ផ្តល់សេវាកម្ម​ទាំង​បន្ទប់អាផាតមិនជួល និង​សណ្ឋាគា​រ​។

Citadines Flatiron មាន ៣១៥ យូនីត ហើយមានទីតាំងនៅក្នុងអគារ Flatiron by Meridian ដែលជា​គម្រោង​អភិវឌ្ឍចម្រុះ​កម្ពស់ ៤១ ជាន់​។

Citadines Flatiron ផ្តល់ជូននូវជម្រើសបន្ទប់ និងអាផាតមិនជាច្រើនពីយូនីតសណ្ឋាគារ ដែលមាន​បន្ទប់ប្រភេទស្ទូឌីយ៉ូ ១ បន្ទប់គេង ២ បន្ទប់គេង និង ៣ បន្ទប់គេងជាដើម។

វត្តមាន​របស់ Citadines Flatiron Phnom Penh គឺជាការបោះជំហានការពង្រីកអាជីវកម្ម​ជំនួញ​ទី ៣ របស់ The Ascott Limited មកកាន់ប្រទេសកម្ពុជា បន្ទាប់ពី CASA Meridian Residences និង Somerset Norodom Phnom Penh។

សណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ (Raffles Le Royal)

សណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ ជាសណ្ឋាគារ​ដែលឥស្សរ:ជនល្បីៗនៅលើពិភពលោក​ជ្រើសជ្រើសរើស​សម្រាប់ការស្នាក់នៅ រាល់ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​ប្រទេស​កម្ពុជា។ ក្នុងនោះមាន​តារា​កំប្លែង​ជនជាតិអង់គ្លេស Charlie Chaplin ដែលប្រជាជនកម្ពុជានិយមហៅលោក សាកឡូ និង​លោកស្រី Paulette Goddard អ្នកនិពន្ធរឿងជនជាតិអង់គ្លេស លោក William Somerset Maugham ប្រធានាធិបតី​បារាំង លោក​ហ្សាល ដឺហ្គូល (Charles de Gaulle) ស្ត្រីទី ១ ​អាមេរិក​ លោកស្រី Jacqueline Kennedy ដែលជាភរិយារបស់ប្រធានាធិបតីអាមេរិកលោក John F Kennedy រួមទាំង​អ្នកនិពន្ធប្រលោមលោកល្បីឈ្មោះជនជាតិបារាំងលោក Andre Malraux។

សណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ មានឈ្មោះដំបូងគឺសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ដែល​​សាងសង់​​ឡើងនៅអំឡុង​ឆ្នាំ​ ១៩២៣-​១៩២៤ នា​សម័យអាណានិគម​បារាំង​ដោយស្ថាបត្យករជនជាតិបារាំងលោក Ernest Hebrard ដែល​មាន ៥៤ បន្ទប់ និងបានបើកឲ្យដំណើរការនៅក្នុងឆ្នាំ១៩២៩ ក្រោមព្រះរាជាធិបតីព្រះបាទស៊ីសុវត្ថិ មុនីវង្ស។

សណ្ឋាគារ ណូវ៉ូតែល (Novotel)

ណូវ៉ូតែលគឺជាសណ្ឋាគារដ៏ល្បីល្បាញ ស្ថិតនៅក្រោម​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​អន្តរជាតិ​ Accor។

សណ្ឋាគារ Novotel ដែល​ពង្រីកជំនួញ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​មាន​​ពីរ​ទីតាំង​គឺ​នៅ​រាជធានី​​ភ្នំពេញ និង​មួយ​ទៀតនៅ​ក្រុង​ព្រះសីហនុ ។

លោក​ Garth Simmons ប្រធាន​ផ្នែកប្រតិបត្តិការ (COO) របស់ក្រុមហ៊ុន Accor ទទួលបន្ទុក​ផ្នែក​សណ្ឋាគារ​កម្រិត​ស្តង់ដារ​ខ្ពស់ កម្រិតមធ្យម និង​កម្រិត​សមរម្យប្រចាំនៅតំបន់អាស៊ីថ្លែង​នៅក្នុង​ឱកាស​បើក​សម្ពោធ​សណ្ឋាគារ Novotel Phnom Penh BKK 1 គឺជាពេលវេលា​ដ៏សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ក្រុមហ៊ុន​បាន​នាំយកប្រេន Novotel ដ៏ល្បីល្បាញ​មក​បើក​ដំណើរការ​នៅក្នុង​តំបន់​មជ្ឈមណ្ឌលដ៏រស់រវើក​នៅ​កណ្ដាលទីក្រុងភ្នំពេញ។

វត្តមាន​របស់ Novotel បង្ហាញពីការប្ដេជ្ញាចិត្តក្នុងការ​រួម​ចំណែក​ដល់ភាពរីកចម្រើននៃវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍​នៅតំបន់អាស៊ី។

សណ្ឋាគារ Courtyard by Marriott

សណ្ឋាគារ Courtyard by Marriott គឺ​ជា​ម៉ាក​យីហោ​សណ្ឋាគារ​ប្រណីត​​របស់​ក្រុមហ៊ុន Marriott International ដែល​​មាន​​បទ​ពិសោធន៍​វិនិយោគ​វិស័យ​សណ្ឋាគារ​ស្ទើរ​ទូទាំង​ពិភពលោក។

សណ្ឋាគារ​នេះមាន​វត្តមាន​​​​ស្ទើរ​គ្រប់​ប្រទេស​នៅ​អាស៊ីមាននៅ ថៃ វៀតណាម សិង្ហបុរី និងនៅ​អឺរ៉ុប​សរុប​​ជាង ៤០​ប្រទេស។ សណ្ឋាគារ​លំដាប់​ថ្នាក់​អន្ដរជាតិ​មួយ​នេះបាន​បើក​ដំណើរការ​​នៅ​ខេត្ត​សៀមរាប ខណៈ​នៅ​​រាជ​ធានី​ភ្នំពេញ មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​កែង​រវាង​វិថី​ត្រសក់​ផ្អែម និង​រុក្ខវិថី​សម្ដេច​ប៉ាន។

សណ្ឋាគារ​ «Shangri-La Phnom Penh»

សណ្ឋាគារ Shangri-La Phnom Penh គឺជាសណ្ឋាគារទីមួយរបស់ក្រុមហ៊ុន Shangri-La Group ដែលមានវត្តមាន​នៅ​ក្នុង​ប្រទេសកម្ពុជា។

សណ្ឋាគារ Shangri-La Phnom Penh ស្ថិត​នៅក្នុងចង្កោមសំណង់អគារបីជាប់គ្នាជាមួយនឹងកម្ពស់កប់ពពកដល់ទៅ ២២៨ ម៉ែត្រ ដែល​មានទីតាំង​ស្ថិតនៅតំបន់កោះពេជ្រដែលជាតំបន់ពាណិជ្ជកម្ម​ដ៏​​រស់​រវើក។

The shangri-la Hotel ជា​សណ្ឋាគារ​យីហោលំដាប់​ពិភពលោក​ ដែលជា​ការ​វិនិយោគ​​​ក្រោមការ​បណ្តាក់​ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន Oxley-Gem (Cambodia) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ត​របស់​ក្រុមហ៊ុន​មេ Oxley Holdings Limited របស់​សិង្ហ​បុរី និង​ក្រុមហ៊ុន World bridge របស់​ឧកញ៉ា ​សៀ រិទ្ធី និង​​បាន​​បើកឲ្យ​​ដំណើរការសាកល្បងកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤។

សណ្ឋាគារ Oakwood Premier

បន្ទាប់ពីបានបើកដំណើរការដោយជោគជ័យនៅទីក្រុងមែលប៊ន សេអ៊ូល តូក្យូ ក្វាងចូវ បាងហ្គាឡូ អ៊ីនឈុន តុងលូ និងហ្សាកាតា យីហោសណ្ឋាគារ Oakwood Premier បានឈានចូល​ប្រទេស​កម្ពុជា​ជាមួយ​ការបើកសម្ពោធ Oakwood Premier ភ្នំពេញ។

ស្ថិតនៅចំកណ្តាលនៃសង្កាត់ពាណិជ្ជកម្មនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ អចលនទ្រព្យនេះ​ត្រូវ​បាន​សាងសង់ឡើង​ដើម្បីបង្កើន​ភាពទាក់ទាញនៃការរស់នៅដែលស័ក្តសមនឹងជីវិតទីក្រុងទំនើប។

សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភោគីត្រា

សូហ្វីតែល ភ្នំពេញ ភោគីត្រា (Sofitel Phnom Penh Phokeethra) មានទីតាំងស្ថិតនៅជាប់របងផ្សារទំនើប Aeon 1 គឺជាសណ្ឋាគារប្រណីត​ដែល​មានទីស្នាក់ការកណ្តាលនៅទីក្រុង​ប៉ារីស ប្រទេស​បារាំង​។

ម៉ាកយីហោ​សណ្ឋាគារប្រេនកំពូលនេះ​​ ត្រូវបានក្រុមហ៊ុនបដិសណ្ឋារកិច្ចបារាំង Accor កាន់កាប់ចាប់តាំងពីឆ្នាំ១៩៨០។

ក្រោមការបណ្តាក់ទុនពីវិនិយោគិនជនជាតិថៃ គិតមកដល់ត្រឹមឆ្នាំ ២០២៥ សណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ បាន​ដំណើរការជាង ២៥ ឆ្នាំនៅកម្ពូជា។

ក្រៅពីនៅភ្នំពេញ ​សណ្ឋាគារសូហ្វីតែលអង្គរភូគីត្រាមបាន​ដំណើរការ​នៅ​ខេត្ត​សៀមរាប ដែល​ជា​​តំបន់​ទេសចរណ៍​បេតិកភណ្ឌ​ពិភពលោក៕

សណ្ឋាគារ TRIBE

TRIBE បាន​ក្លាយជាសណ្ឋាគារយីហោ​ TRIBE ដំបូងបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ តាមរយៈវត្តមាននៅក្នុងប្រទេសកម្ពុជា។

បង្កើតឡើងនៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០១៧ យីហោសណ្ឋាគារ TRIBE នាំរសជាតិថ្មីមកកាន់ទីផ្សារកម្ពុជាឆ្លើយតបទៅអ្នកធ្វើដំណើរ ដែលចង់បានសណ្ឋាគារដែលមានរចនាប្លែកទំនើប និងឆ្លាតវៃ តែក្នុងតម្លៃសមរម្យ។

យីហោ TRIBE គឺជាផ្នែកមួយនៃក្រុមហ៊ុន Ennismore ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយ Accor ដែលបាន​បង្កើតឡើងក្នុងឆ្នាំ ២០២១។

សណ្ឋាគារ TRIBE Phnom Penh Post Office Square បោះទីតាំង​នៅជិតប្រៃសណីយ៍ភ្នំពេញ និង​ម្ដុំវត្តភ្នំ​ដែល​មានបន្ទប់សរុបចំនួន ២៦០ បន្ទប់ រួមនឹងអាហារដ្ឋាន Skybar និងកន្លែងធ្វើការរួមគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម