Connect with us

ព័ត៌មានជាតិ

ឧកញ៉ា តែ តាំងប៉ ពន្យល់​ពី​ផលិតផល​នាំ​ចូល​ពី​បរទេស​​វៃ​ស្លាក​ឈ្មោះ​ខ្មែរ​ មាន​ដំណើរការ​យ៉ាងណា?

បានផុស

នៅ

ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា​ ក្នុង​វេទិកា​សារព័ត៌មានក្រោម​យុទ្ធនាការ​​ «រួម​គ្នា​ផលិត​រួម​គ្នា​ប្រើ​ផលិត​ផល​ជាតិ» បាន​ធ្វើការ​ពន្យល់​ពី​ផលិតផល​ខ្មែរ​ដែល​កំពុង​ចរាចរណ៍លក់​នៅ​ក្នុង​ស្រុក​។

លោក​បាន​បកស្រាយ​ពន្យល់​​ពី​ផលិតផលក្នុងស្រុក​ចែកចេញជា​ ៣ ទម្រង់​គឺ​ផលិតផល​ក្នុងស្រុក ១០០% ដែលមានម៉ាកសញ្ញាខ្មែរ និង​មាន​រោងចក្រ​ផលិត​នៅក្នុង​ស្រុក​ផ្ទាល់។​ ទីពីរ ផលិតផលម៉ាកក្នុងស្រុកតែផលិតនៅក្រៅប្រទេស (OEM) ដែល​នេះគឺជាផលិត​ផលដែល​មាន​ស្លាក​សញ្ញា​ជាស្តង់ដារបស់ខ្មែរ ប៉ុន្តែជួលរោងចក្របរទេសឱ្យផលិត និង​ទី ៣ គឺ​ផលិតផលម៉ាកបរទេសតែផលិតក្នុងស្រុកដូច​ករណីក្រុមហ៊ុន​​កូកាកូឡា (Coca-Cola) ដែលមកវិនិយោគ និង​បង្កើតរោងចក្រផលិតផ្ទាល់នៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា​នាំ​គ្នា​ធ្វើ​ពហិការ​ផលិតផល​ថៃ នាំ​ឲ្យ​ជោរជន់​ផលិតផល​ជាច្រើន​វៃ​ស្លាក​ជា​យីហោ​ខ្មែរ​ លោក​ឧកញ៉ា តែ តាំង​ប៉ ទទួល​ស្គាល់​ថា​ មាន​ផលិតផល​ខ្មែរ​ខ្លះ​បាន​នាំ​ចូល​ពី​ក្រៅ​ប្រទេស គឺដោយសារការរៀបចំរោងចក្រក្នុងស្រុកមិនទាន់ទាន់ពេលវេលា នៅពេល​ដែល​មានការ​បិទ​ព្រំដែន​។

លោក​​ថា និន្នាការ​នេះ​នឹង​ផ្លាស់ប្តូរ​ ខណៈ​ការពឹងផ្អែកលើការនាំចូល​ផលិតផល​ម៉ាក​ខ្មែរ​ពី​ក្រៅ​ប្រទេស ​នាំ​ឲ្យ​ខាត​ប្រាក់​ចំណេញ​ដោយសារ​ការ​ជាប់​ពន្ធ។

«ហេតុនេះ​ហើយវា​មិនមែន​ជា​រឿង​យូរ​អង្វែងឡើយ។ ផលិតផល​ខ្មែរ​មួយ​ចំនួន​ដែល​មាន​រោងចក្រ​ផលិត​នៅ​ក្រៅ​ប្រទេស ​កំពុង​ឈាន​ទៅ​ដំណើរការ​ខ្សែ​សង្វាក់​ផលិតកម្ម​នៅ​ក្នុង​ស្រុក​ ព្រមទាំង​មាន​រោងចក្រ​ជាច្រើន​ទៀត​ដែល​នឹង​លេច​ចេញ​ជារូបរាង​នាពេលអនាគត»។

លោក​បានលើកឡើងផលិតផលត្រីខ​របស់​ខ្មែរ​មួយ​មាន​រោងចក្រ​ផលិត​នៅ​ក្រៅប្រទេស ហើយ​នាំចូលមកចែកចាយក្នុងស្រុក ខណៈ​ដែល​ក្រុមហ៊ុន​​កំពុង​សាងសង់រោងចក្រ​ផលិតនៅក្នុងខេត្តកោះកុង ដែល​គ្រោង​រួចរាល់ដាក់​ឲ្យ​ដំណើរការនៅពេលដ៏ខ្លីខាងមុខនេះ។

លោក​ឧកញ៉ាដែល​ធ្វើការ​ដឹកនាំ​លើ​វិស័យ​សហគ្រាស​ខ្នាត​តូច ​និង​មធ្យម​ប្រមាណ​ជាង ២០ ឆ្នាំ បាន​មើលឃើញ​ពី​ការផ្លាស់​ប្តូរផ្នត់គំនិត​របស់​ពលរដ្ឋ​ ដែល​កាលពីមុនប្រជាជនកម្ពុជាច្រើន​តែទិញទំនិញ​នាំចូល​ដោយ​មិនបានគិតច្រើន ប៉ុន្តែបច្ចុប្បន្ន ប្រជាជន​មានឆន្ទៈនិងស្មារតីជាតិនិយមខ្ពស់ជាងមុន ដោយសារ​បញ្ហាបិទព្រំដែននិង​កំហឹង​ទល់នឹង​ប្រទេសជិតខាង​។

ជាក់ស្តែង ប្រជាជនខ្មែរបានចាប់ផ្តើមងាកចេញពីការប្រើប្រាស់សេវាកម្មបរទេសដូចជា​ស្ថានីយ​ប្រេង​ឥន្ធនៈ ឬការទៅ​ព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស ដែល​ការ​ផ្លាស់​ប្តូរនេះ​បាន​ជួយ​ទប់ស្កាត់​លុយ​រាប់​រយ​លាន​មិនឱ្យហូរចេញ​ទៅក្រៅប្រទេស។

បន្ថែម​ពីនេះ​ លោក​សម្លឹងឃើញ​​ពី​ចក្ខុវិស័យ​ការអភិវឌ្ឍន៍រោងចក្រនៅថ្ងៃអនាគត​ គឺ​ការបង្កើនខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុងស្រុក​សម្រាប់​វិស័យ​នាំចេញ ដូចជា​រោង​ចក្រ​ផលិត​កង់​នៅ​ខេត្ត​ស្វាយរៀង ដែល​នាំ​ចេញ​បាន​​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ ខណៈ​កម្ពុជា​ទទួល​បាន​ត្រឹមតែ​ថ្លៃ​ពលកម្ម​ប៉ុណ្ណោះ។ គោលដៅ​បន្ទាប់​គឺត្រូវរៀបចំ​ផលិត​គ្រឿង​បន្លាស់​ដូចជា​ខ្ចៅ​ខ្ចង​ឱ្យបាន​ពី ៥០% ទៅ ៦០% នៅ​ក្នុង​ស្រុក ដើម្បីទទួល​បានតម្លៃបន្ថែមខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម