Connect with us

ព័ត៌មានជាតិ

​​រោងចក្រ​ផលិត​ជីធំៗ​ក្នុងស្រុក ​រួមចំណែកកាត់​បន្ថយ​ជី​នាំចូល ជួយ​សេដ្ឋកិច្ច​ជាតិ​រាប់លានដុល្លារក្នុងមួយឆ្នាំៗ

បានផុស

នៅ

ក្រៅពីជីនាំ​ចូល កម្ពុជាក៏​មានសមត្ថភាព​ផលិត​ជី​ក្នុងស្រុក​សម្រាប់​បម្រើ​លើវិស័យ​កសិកម្ម ដែលបាន​រួមចំណែក​កាត់បន្ថយ​ការ​​ខាត​បង់​សេដ្ឋកិច្ចជាតិ​រាប់​លាន​ដុល្លារក្នុង​មួយ​ឆ្នាំៗពី​ការ​នាំ​ចូលជី​ពី​បរទេស។

ខាងក្រោមនេះជា​​រោងចក្រ​ផលិតជីធំៗ​កំពុង​ដំណើរការ​ខ្សែ​សង្វាក់ផលិតកម្ម​ក្នុងប្រទេស​កម្ពុជា ហើយ​មួយចំនួនទៀត​​កំពុង​សាងសង់​ជា​បន្តបន្ទាប់។

ក្រុមហ៊ុន ហ៊ុយ យន់ អេហ្គ្រីខលឈ័រ

រោងចក្រ​ផលិត​ជីក្នុង​ស្រុក​មួយ​នេះ មាន​សមត្ថភាព​ផលិត​ជី​​ធម្មជាតិ​បាន​ប្រមាណ ១០០ តោន ក្នុង​មួយ​ថ្ងៃ ហើយ​ថែមទាំង​បាន​ជួយ​សម្អាត​បរិស្ថាន​សង្គម តាម​រយៈ​ការ​ប្រមូល​កាក​សំណល់​មក​កែច្នៃ​ឡើងវិញ។

រោងចក្រ​ផលិ​តជី​របស់​ក្រុមហ៊ុន ហ៊ុយ យន់ បាន​ចាប់ផ្ដើមដំណើរការ​តាំង​ពី​ឆ្នាំ ២០១៣ ​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជី​ធម្មជាតិដែល​ក្រុមហ៊ុន​ផលិត​មាន​ ៣ មុខ​សំខាន់ៗ ក្នុង​នោះ​មាន ជី​គ្រាប់ សម្រាប់​ការងារ​ស្រែ​ចម្ការ ជី​ទឹក​ធម្មជាតិ និង​ជីកំបោរ​កសិកម្ម ដែល​ភាគច្រើន​ជី​ទាំងនេះ​ផលិត​ចេញ​ពី​កាក​សំណល់​​និង​លាមក​សត្វ ដែល​ក្រុមហ៊ុន​ប្រមូល​ចូល​រោងចក្រ​។

ក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី

អ្នក​វិនិយោគ​កម្ពុជានិង​ជប៉ុន ​បាន​សហការគ្នា​បង្កើត​រោងចក្រ​ផលិតជី​ធម្មជាតិ​ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​​ស្រុក​ និង​នាំចេញទៅបរទេស។

ទស្សនៈ​វិស័យក្នុងដំណើរការ​រោងចក្រ​ផលិតជីក្នុងស្រុកនេះ​ គឺ​ដើម្បី​ចង់​ជួយកែប្រែនិង​ស្ដារ​គុណភាព​ដី​របស់​កសិករ​ដែល​បាន​ខូចខាត​ដោយ​សារ​ការ​ប្រើប្រាស់​ជីគីមី និង​ថ្នាំ​ពុល​ខុសបច្ចេកទេស។ បន្ថែមពីនេះ ក្រុមហ៊ុន​ចង់​ជំរុញ​ឲ្យ​កសិករ​កាត់​បន្ថយ​ការប្រើប្រាស់​ជីគីមី​ដែលចំណាយលុយច្រើន ហើយ​ងាកមក​ប្រើជី​ធម្មជាតិវិញ។

ក្រុមហ៊ុន​ផលិត​ជី​ ផេនដា​ មែន

ក្រុមហ៊ុន ធាន ម៉ុង បាន​សម្ពោធ​ដំណើរការ​អាជីវកម្ម ព្រម​ជាមួយ​នឹង​រោងចក្រ​ផលិត​ជី​កសិកម្ម​ក្នុង​ស្រុក​ម៉ាក​ ផេនដា មេន (Panda Man) កាល​ពី​ឆ្នាំ ២០២៤ ដែល​មាន​ទីតាំង​រោងចក្រនៅក្នុង​ស្រុក​ឆ្លូង ​ខេត្តក្រចេះ។

រោងចក្រ​ផលិត​ជី​កសិកម្ម ផេនដា មេន មាន​សមត្ថភាព​ផលិតជី អិនប៉េកា រហូត​ដល់​ទៅ ១៥ ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ និង​ជី​ទឹក​ចំនួន ៣ ម៉ឺន​តោនក្នុងមួយឆ្នាំ។

ក្រុមហ៊ុន ធានម៉ុង ជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម ដែលផ្ដួចផ្ដើមឡើងដោយស្ថាបនិកជាជនជាតិខ្មែរ និងចិនរួមគ្នា ដោយផ្ដោតលើការស្រាវជ្រាវ ការអភិវឌ្ឍ និងការផ្គត់ផ្គង់ជីគីមី និងជីទឹក សម្រាប់​ផលិតកម្ម​កសិកម្មនៅកម្ពុជា។

ផលិតផលជី ផេនដា មេន របស់ក្រុមហ៊ុនមានដូចជា ជីអ៊ុយរ៉េ ដេអាប៉េ កាលី និងអិនប៉េកា (NPK) ជាដើម។

ក្រុមហ៊ុន​ផលិត​ជី​កសិកម្ម​វីរៈ ប៊ុនថាំ

រោងចក្រ​ផលិតជី​របស់​ក្រុមហ៊ុន ​វីរៈ ប៊ុនថាំ សាងសង់នៅលើ​​ផ្ទៃដីទំហំ​​ប្រមាណ ១០ ហិកតា ស្ថិត​នៅ​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

ដោយសាង​កេរ្តិ៍ឈ្មោះ​ដំបូងតាមរយៈអាជីវកម្ម​​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ ក្រុមហ៊ុន​វីរៈ ប៊ុនថាំ បាន​វិវឌ្ឍ​​ចូលរួម​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម ដោយឈាន​ទៅ​បើកដំណើរការ​រោងចក្រ​ផលិតជី​បន្ថែម។

រោងចក្រ​ដែលមានស្ថាបនិកជាជនជាតិខ្មែរ​នេះ មាន​សមត្ថភាព​ផលិត​ជី​បាន​ប្រមាណ ២០០ តោន​ក្នុងមួយថ្ងៃ ដូចជាជីសរីរាង្គ ជីលាមក​ជន្លេន និងជីទឹក។

បើ​តាម​ប្រភព​ពី​ក្រុមហ៊ុន​ មុន​បញ្ចេញ​លក់ចែកចាយ​ជាផ្លូវការ ជីរបស់ក្រុមហ៊ុនខ្មែរ​នេះ​បាន​​យក​ទៅ​សាកល្បង​​ប្រើប្រាស់​នៅ​លើ​ដំណាំ​ជា​ច្រើន​ប្រភេទ​​ដូចជា​ស្រូវ ស្វាយ ទុរេន ដោយ​ទទួល​បាន​លទ្ធផល​ល្អ មិន​បង្ក​ប៉ះពាល់​ដល់​គុណ​ភាព​ដី​នោះ​​ឡើយ​។

ក្រៅពី​រោងចក្រ​ផលិត​ជីសរីរាង្គ ក្រុមហ៊ុន​ក៏គ្រោងសាងសង់រោង​ចក្រ​ផលិត​ជី​គីមី​បន្ថែម​ទៀតនាពេលខាងមុខ។

ក្រុមហ៊ុន husk venture

ក្រុមហ៊ុន Husk Ventures ជាក្រុមហ៊ុនវិនិយោគពី​បរទេស​មានមូលដ្ឋាន​​ផលិតកម្ម​នៅខេត្តកំពង់ធំ។ ក្រៅ​ពី​ផលិត​ជី​កសិកម្ម​ដើម្បីផ្គត់ផ្គង់​​​តម្រូវការ​​ក្នុង​ស្រុក ក្រុមហ៊ុន​ក៏​បាន​នាំ​ចេញ​ទៅ​ប្រទេស​មួយ​ចំនួន​ ខណៈ​នៅ​ឆ្នាំ ២០២៤ ក្រុមហ៊ុន​បាននាំចេញជោគជ័យផលិតផលជីសរីរាង្គចំនួន ៣០០ តោន ទៅកាន់​ប្រទេសវៀតណាម។

ក្រុមហ៊ុនបាន​ដាក់ផែនការ​ពង្រីកទីផ្សារក្នុងស្រុក និងក្រៅស្រុកបន្ថែមទៀត ហើយ​ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុន​បាន​ទិញ​ឧបករណ៍​ថ្មី​ក្នុង​ផែនការ​ជំរុញ​ការ​ផលិតជីសរីរាង្គឱ្យបាន ១០ ០០០ តោន។

ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាជួយក្រុមហ៊ុនអាច​លក់កាបោន ដែល​កើត​ចេញ​ពីការផលិតជីសរីរាង្គនៅលើទីផ្សារអន្តរជាតិបានទៀតផង។

ក្រុមហ៊ុន​សុជាតិ​យ៉ា​ខ្មែរ​កសិកម្ម

នៅ​ខេត្ត​កំពង់ស្ពឺ ក្រុមហ៊ុន​សុជាតិយ៉ា​ខ្មែរ​កសិកម្ម បាន​បង្កើត​ខ្សែ​ច្រវាក់​ផលិតកម្ម​រោងចក្រ​ផលិត​ជី​សរីរាង្គ​ដែល​មាន​ទី​តាំង​​នៅភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅឆ្នាំ២០២៤។ បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិត​ជីធម្មជាតិ​ពីរ​ប្រភេទ គឺទី១ ប្រភេទ​ជី​ម្សៅ​ និងទី២ ជា​ប្រភេទជីគ្រាប់។

ឆ្នាំ ២០២៥ ក្រុមហ៊ុន​បាន​បំពាក់​ខ្សែ​ច្រវាក់​ផលិតកម្ម​បន្ថែម ដើម្បីផលិតជីធម្មជាតិឱ្យកើនដល់ ២០០ ទៅ ៣០០ តោនក្នុងមួយថ្ងៃ សម្រាប់​ចូលរួម​អភិវឌ្ឍវិស័យកសិកម្ម និងចូលរួម​លើក​កម្ពស់​ជីវភាព​កសិករ​នៅ​តាម​តំបន់ជនបទ។

ក្រុមហ៊ុន​ផលិត​ជី​កសិកម្ម​ឧកញ៉ា ម៉ុង ឫទ្ធី

ក្រៅ​ពី​រោងចក្រ​ផលិត​ចំណី​សត្វ អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី បានចាប់ផ្តើម​សាងសង់​​រោងចក្រ​ផលិត​ជី​ធម្មជាតិ​ទាញ​ប្រភព​ពី​លាមក​ជ្រូក មាន់​ ទា ដែលមាន​ទីតាំង​នៅ​តំបន់​អភិវឌ្ឍ​សែន​ជ័យ មាន​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ប្រហែល​មួយ​ម៉ោង​ពី​រាជធានី​ភ្នំពេញ។

ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មានក្នុង​ដំណើរ​ទស្សនកិច្ច​តំបន់​អភិវឌ្ឍ​កសិ​ឧស្សាហកម្ម​នៅ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​បង្ហើប​ពី​ផែនការ​ក្នុង​ការ​សាងសង់​រោងចក្រ​ផលិត​ជី​​ធម្មជាតិ​ ខណៈ​ដែលគ្រឿងចក្រ​និង​​ឧបករណ៍​សម្រាប់​ដំឡើង​បាន​មក​ដល់​អស់​ហើយ។

បើតាម​អ្នក​ឧកញ៉ា​ គម្រោង​សាងសង់​រោងចក្រ​ផលិត​ជី​ធម្មជាតិ​បន្ថែម​នេះ មាន​គោល​បំណង​ទាញ​​យក​សំណល់​ចេញ​ពី​ការ​ចិញ្ចឹម​សត្វ និង​ផលិតផល​​ផ្សេងៗទៅ​កែច្នៃ​ផលិត​ជា​ជី​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​ក្នុង​កសិដ្ឋាន​ និង​ចែកចាយ​ដល់​កសិករ​ប្រើប្រាស់​លើ​ផល​ដំណាំ​។

បើតាមរបាយការណ៍​ពី​​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ គិត​ត្រឹម​បំណាច់​ឆ្នាំ ២០២៥ រោងចក្រ​ផលិត​ជី​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ២៥ ក្រុមហ៊ុន ជាមួយ​សមត្ថភាព​អាច​ផលិត​បាន​ចំនួន ១៨ ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម