អត្ថាធិប្បាយ
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បង្ហាញហេតុផលចំនួន៥ដែលថាថៃជា «អ្នកឈ្លានពាន»
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានសរសេរលិខិតចំហរមួយដែលមាន៣ភាសា គឺភាសាខ្មែរ អង់គ្លេស និងបារាំង បង្ហាញពីហេតុផលចំនួន៥ដែលអាចអះអាងថាសកម្មភាពយោធារបស់ថៃគឺជាសកម្មភាព «ឈ្លានពាន» លើកម្ពុជាសុទ្ធសាធ។ ខាងក្រោមជាសំណេរទាំងស្រុងរបស់លោកដែលថាសកម្មភាពយោធារបស់ថៃគឺមានការគិតគូរ និងគ្រោងទុកយ៉ាងល្អិតល្អន់បំផុត៖

រាជរដ្ឋាភិបាលកម្ពុជា ប្រជាជាតិកម្ពុជាទាំងមូល និងប្រជាជនខ្មែរទាំងអស់នៅក្នុងនិងក្រៅប្រទេស សូមប្រកាសជាសំឡេងតែមួយ ជូនចំពោះសហគមន៍អន្តរជាតិឱ្យជ្រាបថា អ្វីដែលបាននិងកំពុងបន្តកើតឡើង នៅបណ្តោយព្រំដែនខាងលិចនៃប្រទេសយើង តាំងពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥មកទល់ថ្ងៃនេះ គឺជាការឈ្លានពានមួយជាក់ស្តែងប្រកែកមិនបាន ពីសំណាក់កងទ័ពថៃ មកលើបូរណភាពទឹកដីនិងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ។ អ្វីដែលបាននិងកំពុងបន្តប្រព្រឹត្តទៅនេះ មិនមែនជាឧបទ្ទវហេតុមួយចៃដន្យ, មិនមែនជាការផ្ទុះអាវុធមួយរប៉េះរប៉ោះ ហើយក៏មិនមែនជាចម្បាំងមួយដែលកើតចេញពីភាពតានតឹងជាអចិន្ត្រៃយ៍គ្រប់គ្រងមិនបានទាល់តែសោះនោះដែរ ។ តាមពិត វាគឺជាសង្គ្រាមទាំងស្រុងនិងទាំងកំរោលមួយ ដែលដុះចេញពីចេតនាពេញលេញរបស់ទីក្រុងបាងកក និងដែលត្រូវបានគិតគូរគ្រោងទុកជាមុនយ៉ាងល្អិតល្អន់បំផុតដោយកងទ័ពថៃ ។ គោលដៅរបស់បាងកក ដែលប្រើប្រាស់ដំណាលគ្នាកងកម្លាំងជើងគោក ជើងទឹក ព្រមទាំងជើងអាកាស គឺ ឈ្លានពានប្លន់យកទឹកដីកម្ពុជា វាយបាននៅទីណាដោតទង់ជាតិថៃនៅទីនោះ ដោយវាយប្រហារមិនត្រឹមតែលើទីតាំងយោធាប៉ុណ្ណោះទេ តែលើប្រជាជនស៊ីវិលស្លូតត្រង់ ហេដ្ឋារចនាសម្ព័ន្ធ និងប្រាង្គប្រាសាទបុរាណដែលមហាបុព្វបុរសខ្មែរបានបន្សល់ទុក និងដែលមួយចំនួនបានក្លាយទៅជាបេតិកភណ្ឌពិភពលោក ។
កម្ពុជាមានហេតុផលជាសារវន្តចំនួន៥ ដែលច្បាស់ជានឹងជម្រះក្តីមន្ទិលសង្ស័យរបស់មតិអន្តរជាតិ និងធ្វើឱ្យសហគមន៍អន្តរជាតិយល់ដឹងថា ថៃជាគឺអ្នកឈ្លានពាន រីឯកម្ពុជាគឺជាអ្នកត្រូវថៃឈ្លានពាន ៖
ទី១-កម្ពុជាជាប្រទេសតូចមិនអាចធ្វើសង្គ្រាមឈ្លានពានប្រទេសថៃជាប្រទេសធំបានទេ
កម្ពុជាជាប្រទេសតូច គឺតូចទាំងទឹកដី តូចទាំងសេដ្ឋកិច្ច តូចទាំងយោធា និងតូចទាំងមហិច្ឆតា ។ ដូចនេះ កម្ពុជាមិនអាចឈ្លានពានប្រទេសធំជាងខ្លួន ដល់ទៅ ៣ដង ដូចជាប្រទេសថៃបានឡើយ ។ កម្ពុជាតែងតែអត់ធ្មត់ និងអំពាវនាវឱ្យមានការដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី តាំងពីមុនផ្ទុះអាវុធលើកទី១ រហូតដល់មានការទទួលយកបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។ បើកម្ពុជាពិតជាចង់បានសង្គ្រាម តើកម្ពុជាខិតខំបង្កើត និងរក្សាសន្តិភាព តាំងពីឆ្នាំ១៩៩៨ ដើម្បីអ្វី?

ទី២-កម្ពុជាទាមទារឱ្យគោរពខ្សែបន្ទាត់ព្រំដែនតាមផែនទីតាមសន្ធិសញ្ញាព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែ ថៃទាមទារខ្សែបន្ទាត់ព្រំដែនតាមផែនទីឯកតោភាគីរបស់ខ្លួន
ប្រទេសកម្ពុជា និងប្រទេសថៃ គឺជាអ្នកជិតខាងនឹងគ្នា ដែលមានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់កំណត់ដោយអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៧ និងផែនទី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ព្រមទាំងមានអនុស្សារណៈយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខ័ណ្ឌព្រំសីមាព្រំដែនគោក ដើម្បីឈានទៅបោះបង្គោលព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍជាមួយគ្នាឱ្យបាន ១០០ ភាគរយ។ ដូចនេះ គ្មានហេតុផលណាមួយ ដែលកម្ពុជាមានចេតនាឬប៉ុនប៉ងរំលោភបំពាន និងឈ្លានពានលើអធិបតេយ្យភាពរបស់ប្រទេសថៃនោះឡើយ។
ទី៣-កម្ពុជាប្រើយន្តការអន្តរជាតិដើម្បដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែ ថៃធ្វើសង្គ្រាមដើម្បីប្លន់យកទឹកដី
ជាក់ស្ដែង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ទាំងជម្លោះកាលពីឆ្នាំ១៩៥៤, ជម្លោះឆ្នាំ២០០៨-២០១១ និងជម្លោះបច្ចុប្បន្ននេះ កម្ពុជាតែងតែប្រកាន់យកយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ជាលទ្ធផលនៃជម្រើសផ្លូវច្បាប់នេះ កម្ពុជាបានទទួលជោគជ័យ ដោយក្នុងករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២ និងឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថាប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។ នេះបង្ហាញថាកម្ពុជាជាប្រទេសការពារអធិបតេយ្យភាពរបស់ខ្លួនដោយប្រើយន្តការច្បាប់អន្តរជាតិ ហើយគ្មានហេតុផលណាដែលកម្ពុជាច្រានចោលយន្តការដែលខ្លួនធ្លាប់ទទួលបានជោគជ័យ២លើករួចមកហើយនេះ ហើយបែរជាទៅបង្កសង្រ្គាមជាមួយប្រទេសថៃនោះឡើយ។

ទី៤-កម្ពុជាស្គាល់ច្បាស់ពីសោកនាដកម្មនៃសង្គ្រាម និងផ្ដល់តម្លៃខ្ពស់បំផុតដល់សន្តិភាព
កម្ពុជាជាប្រទេសស្រលាញ់សន្តិភាព។ ក្នុងរយៈពេលជិត ៥០ឆ្នាំ កន្លងទៅនេះ ក្រោយពីឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ ក្នុងនោះរួមមានទាំងរបបខ្មែរក្រហមប្រល័យពូជសាសន៍មួយផងនោះ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ឱ្យតម្លៃខ្ពស់បំផុតដល់សន្តិភាព រហូតទទួលបានមេដៃមាសសន្តិភាពពិភពលោកឆ្នាំ២០២១ និងមេដៃសន្តិភាពសម្រាប់មនុស្សជាតិនិងភពផែនដីឆ្នាំ២០២៤ ព្រមទាំងពានរង្វាន់អាស៊ានឆ្នាំ២០២៥។ កម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់ហើយ កម្ពុជាត្រូវការសន្តិភាព និងស្ថិរភាពសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដូចនេះ គ្មានហេតុផលណាមួយដែលកម្ពុជាទៅរំលោភបំពានឈ្លានពានទៅលើប្រទេសណាមួយ បង្កសង្គ្រាមបំផ្លាញសន្តិភាពដែលរកបានមកដោយលំបាកនោះឡើយ។
ទី៥-ថៃប្រកាសសង្គ្រាមជាចំហ និងវាយប្រហារយ៉ាងព្រៃផ្សៃមកលើកម្ពុជា
ការផ្ទុះឡើងវិញនៃសង្គ្រាមព្រំដែន ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មករហូតដល់ពេលនេះ គឺនាយករដ្ឋមន្ត្រីថៃ និងមេទ័ពកំពូលរបស់ថៃ បានប្រកាសសង្គ្រាមឱ្យយោធាថៃវាយប្រហារកម្ពុជាដោយពង្រីកវិសាលភាពតាមបណ្តោយព្រំដែនគោកជាង ៨០០គីឡូម៉ែត្រ និងបើកប្រតិបត្តិការយោធាវាយលុកចូលជ្រៅជាង ៨០-៩០ គីឡូម៉ែត្រដីមកក្នុងអធិបតេយ្យភាពកម្ពុជា ដោយបានប្រើកម្លាំងគ្រប់ប្រភេទ ទាំងជើងគោក ជើងអាកាស និងជើងទឹក ក្នុងនោះរួមមានយន្តហោះចម្បាំង F-16 និង Gripen គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនពិឃាដ ដ្រូនទម្លាក់គ្រាប់បែក យន្តហោះគ្មានមនុស្សបើក កាំភ្លើងធំ កាំភ្លើងត្បាល់ រ៉ុកកែតចម្ងាយឆ្ងាយ រថក្រោះ រថពាសដែក ព្រមទាំងកម្លាំងទ័ពថ្មើរជើង ដើម្បីបំផ្លាញទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជាស្ពានថ្នល់ សាលារៀន វត្តអារាម ជំរំជនភៀសខ្លួន និងលំនៅដ្ឋានប្រជាជន ហើយបន្តបដិសេធមិនគោរពបទឈប់បាញ់។ ដូចនេះ ច្បាស់ណាស់ថាប្រទេសកម្ពុជាមិនមែនជាអ្នករំលោភបំពាន និងបង្កសង្គ្រាមឈ្លានពានទៅលើប្រទេសថៃនោះទេ ហើយសកម្មភាពអស់ទាំងនេះពុំមែនជាការអនុវត្តសិទ្ធិការពារខ្លួនដូចប្រទេសថៃបានអះអាងឡើយ។
ផ្អែកលើចំណុចទាំង ៥ នេះ គឺប្រទេសកម្ពុជាជាអ្នករងគ្រោះការពារខ្លួន ហើយប្រទេសថៃជាអ្នកបង្កសង្គ្រាមឈ្លានពានលេបយកទឹកដីកម្ពុជា។
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


