Connect with us

ព័ត៌មានអន្ដរជាតិ

របបសឹកមីយ៉ាន់ម៉ាបន្តជំរុញការបោះឆ្នោត ទោះបីជាសង្គ្រាមស៊ីវិលកំពុងឆាបឆេះយ៉ាងខ្លាំងក៏ដោយ

បានផុស

នៅ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងបន្តដំណើរការឆ្ពោះទៅរកការបោះឆ្នោតសកលដែលមានច្រើនដំណាក់កាល ដោយចាប់ផ្តើមនៅចុងខែធ្នូឆ្នាំ២០២៥​នេះ ពោលគឺជិតប្រាំឆ្នាំបន្ទាប់ពីការដណ្តើមអំណាចតាមរយៈរដ្ឋប្រហារ ទោះបីជាមានសង្គ្រាមស៊ីវិលកំពុងបន្ត និងមានការបដិសេធយ៉ាង​ច្រើន​ចំពោះការបោះឆ្នោតនេះពីសំណាក់ក្រុមប្រឆាំង និងអ្នកសង្កេតការណ៍អន្តរជាតិក៏ដោយ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សារព័ត៌មាន Britannica និង Strait Times ការបោះឆ្នោតជុំទីមួយត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី២៨​ខែធ្នូ​ឆ្នាំ២០២៥ គ្របដណ្តប់លើក្រុងចំនួន​១០២ បន្ទាប់មកដំណាក់កាលទីពីរនៅថ្ងៃទី១១ខែមករា​ឆ្នាំ២០២៦ ក្នុងក្រុងចំនួន១០០។ ដំណាក់កាលទីបីដែលអាចកើតមាន អាចនឹងធ្វើឡើងនៅថ្ងៃទី២៥​ខែមករា ទោះបីជាអាជ្ញាធរមិនទាន់បានកំណត់ច្បាស់លាស់អំពីមណ្ឌលបោះឆ្នោតដែលពាក់ព័ន្ធក៏ដោយ។ របបសឹកបានទទួលស្គាល់ថា ការបោះឆ្នោតនឹងមិនត្រូវបានធ្វើឡើងនៅក្នុងមណ្ឌល ដែលភាគច្រើនជាតំបន់គ្រប់គ្រងដោយកងកម្លាំងតស៊ូ និងក្រុមប្រដាប់អាវុធជនជាតិភាគតិចនោះ​ទេ។

ការបោះឆ្នោតនេះ ត្រូវបានគេរិះគន់យ៉ាងខ្លាំងថាជាការប៉ុនប៉ងដើម្បីធ្វើ​ឲ្យ​ការបន្តគ្រប់គ្រងរបស់យោធាក្លាយជាស្របច្បាប់ បន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈ​ឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ដែលបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតលើកមុន ត្រូវបានរំលាយចោលបន្ទាប់ពីបដិសេធចុះឈ្មោះក្រោមច្បាប់បោះឆ្នោតថ្មីដ៏តឹងរ៉ឹង។ គណបក្សប្រឆាំងធំៗមួយចំនួនទៀតក៏ត្រូវបានហាមឃាត់ផងដែរ។

យោងតាមអាជ្ញាធរបបសឹក មានគណបក្សនយោបាយសរុបចំនួន៥៧ និងបេក្ខជនឯករាជ្យមួយចំនួនបានចុះឈ្មោះចូលរួមប្រកួតប្រជែង។ ការបោះឆ្នោតនេះ ត្រូវបានរំពឹងថានឹងគ្រប់គ្រងដោយគណបក្សសាមគ្គីភាព និងការអភិវឌ្ឍន៍សហភាព (USDP) ដែលគាំទ្រដោយយោធា ដែលបានដាក់បេក្ខជនច្រើនជាង ១០០០នាក់ ដែលជាចំនួនច្រើនបំផុតដាច់គេ។

មានតែគណបក្សចំនួនប្រាំមួយប៉ុណ្ណោះដែលនឹងប្រកួតប្រជែងនៅទូទាំងប្រទេស រួមមានគណបក្ស USDP គណបក្សសាមគ្គីភាពជាតិ និងក្រុមតូចៗមួយចំនួនទៀត។ គណបក្សដែលនៅសេសសល់ភាគច្រើនជាអង្គការជនជាតិភាគតិច ឬក្នុងតំបន់ដែល​មាន​ការ​ប្រកួតប្រជែងតិច ដែលអ្នកវិភាគនិយាយថា មិនទំនងជាអាចបង្កការប្រឈម​ធ្ងន់ធ្ងរដល់បេក្ខជនដែល​មាន​ការ​គាំទ្រ​ដោយ​​យោធានោះទេ។

(រូបថត៖ AP)

រដ្ឋធម្មនុញ្ញរបស់មីយ៉ាន់ម៉ាបានរក្សាទុកអាសនៈសភា​២៥% សម្រាប់យោធារួចជាស្រេចទៅហើយ ហើយការផ្លាស់ប្តូរថ្មីៗចំពោះប្រព័ន្ធបោះឆ្នោត ដោយការដាក់បញ្ចូលគំរូសមាមាត្រចម្រុះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការផ្តល់ផលចំណេញដល់របបសឹក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

យោងតាមក្រុមសិទ្ធិមនុស្ស ការបោះឆ្នោតនេះត្រូវបានធ្វើឡើងចំពេលមានសង្គ្រាមស៊ីវិលដ៏សាហាវដែលបានសម្លាប់មនុស្សប្រហែល ៩០ ០០០នាក់ និងធ្វើ​ឲ្យ​មនុស្សជាង ៣,៦លាននាក់ភៀសខ្លួន។ ការវាយប្រហារតាមអាកាសលើគោលដៅស៊ីវិល រួមទាំងមន្ទីរពេទ្យផងនោះ នៅតែបន្តកើតមាន។ របបសឹកក៏បានបង្កើនការបង្ក្រាបលើអ្នកផ្ទុយមតិ ដោយបានកាត់ទោសមនុស្សជាង ២០០នាក់ពីបទចោទប្រកាន់ថាបានរំខានដល់ការបោះឆ្នោត និងកំពុងឃុំខ្លួនអ្នកទោសនយោបាយប្រហែល ២២ ០០០នាក់។

ក្រុមគាំទ្រប្រជាធិបតេយ្យ រួមទាំងកងកម្លាំងតស៊ូ និងអង្គការប្រដាប់អាវុធជនជាតិភាគតិច បានប្តេជ្ញាបើកយុទ្ធនាការធ្វើពហិការមិនចូលរួមការបោះឆ្នោតនេះ ដោយហៅវាថាជា «ល្បែងបន្លំភ្នែក» ដែលរៀបចំឡើងដើម្បីពង្រឹងអំណាចយោធា។ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងរដ្ឋាភិបាលបស្ចិមប្រទេសជាច្រើនបាន​លើក​ឡើង​ថា ការបោះឆ្នោតនេះនឹងមិនមានសេរីភាព ឬយុត្តិធម៌នោះឡើយ ហើយវាប្រឈមនឹងការបង្កឲ្យមានអំពើហិង្សាកាន់តែខ្លាំងឡើង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម