Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្ស ភឿថៃ ងាកមកយកចិត្តប្រជាជនមូស្លីម ដើម្បីកៀរគររកសំឡេងឆ្នោត

បានផុស

នៅ

គណបក្សភឿថៃបានបន្ទន់ជំហរ ដោយពេលនេះ បែរជាងាកទៅយកចិត្តប្រជាជនមូស្លីមវិញ ដើម្បីប្រមូលសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតខែក្រោយ។

មន្ត្រីគណបក្សភឿថៃ (រូបថត៖ Reuters)

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី៨ខែមករាឆ្នាំ២០២៦, អំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងទីក្រុងបាងកកនិងខេត្តនន្ទបុរី, គណបក្សភឿថៃ បានប្តេជ្ញាថាលើកកម្ពស់ពហុវប្បធម៌ និងទទួលស្ដាប់នូវរាល់សំណើទាំងឡាយពីសហគមន៍មូស្លីម។

ក្នុងយុទ្ធនាការនោះ បេក្ខជននាយករដ្ឋមន្ត្រីបក្សភឿថៃ Yodchanan Wongsawat និយាយថា លោកផ្តោតសំខាន់លើពហុវប្បធម៌និងសមភាពរវាងគ្រប់ជំនឿសាសនានិងវប្បធម៌។ រាជធានីបាងកក ត្រូវតែជាទីក្រុងដែលមនុស្សគ្រប់គ្នាអាចទទួលបានសេវាសាធារណៈ អាហារ ការដឹកជញ្ជូន និងបរិក្ខារបស់រដ្ឋដោយស្មើភាព។

លោក Yodchanan Wongsawat (រូបថត៖ Reuters)

ទន្ទឹមនោះលោក Yodchanan បានបញ្ជាក់ពីការលើកកម្ពស់ទេសចរណ៍វប្បធម៌នៅក្នុងសហគមន៍មូស្លីម ការកែលម្អប្រព័ន្ធដឹកជញ្ជូនដើម្បីសម្រួលដល់ភ្ញៀវទេសចរ និងការបង្កើនចំណេះដឹងជាសាធារណៈអំពីប្រវត្តិសាស្ត្រមូស្លីមនៅក្នុងប្រទេសថៃ។

សូមជម្រាបថា ប្រជាជនមូស្លីមនៅក្នុងប្រទេសថៃ គឺជាក្រុមសាសនិកដែលមានចំនួនច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីអ្នកកាន់ព្រះពុទ្ធសាសនា។

លោក Yodchanan Wongsawat (រូបថត៖ Reuters)

តាមការប៉ាន់ស្មាន ជនជាតិមូស្លីមមានប្រហែល ៥% ទៅ ៦% (ប្រហែល ៤ លាននាក់) នៃប្រជាជនសរុប។ ពួកគេភាគច្រើនរស់នៅខេត្តភាគខាងត្បូង ហើយក្រៅពីនោះ ក៏មានសហគមន៍ធំៗនៅ ទីក្រុងបាងកក និងតំបន់កណ្តាលផងដែរ។

យ៉ាងណា តំបន់ភាគខាងត្បូង ត្រូវញាំញីដោយជម្លោះប្រដាប់អាវុធ និងចលនាបំបែកខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលបញ្ហាទាំងនេះ គឺបណ្ដាលមកពីភាពខុសគ្នានៃអត្តសញ្ញាណ វប្បធម៌ និងការទាមទារស្វយ័តភាព៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម