ព័ត៌មានជាតិ
សេចក្ដីព្រាងច្បាប់ពាក់ព័ន្ធច្បាប់សមុទ្រអន្តរជាតិ ត្រូវបានប្រគល់ឱ្យគណៈកម្មការជំនាញព្រឹទ្ធសភា ពិនិត្យសិក្សា
ព្រឹទ្ធសភា បានសម្រេចប្រគល់សេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ឱ្យទៅគណៈកម្មការជំនាញរបស់ខ្លួន ដើម្បីពិនិត្យសិក្សា មុនដាក់ឱ្យអង្គព្រឹទ្ធសភាអនុម័ត។ ការសម្រេចនេះ ធ្វើឡើងដោយគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹកនេះ ដឹកនាំដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។
យោងតាមសេចក្ដីប្រកាសរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បន្ទាប់ពីមានការពិនិត្យនិងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅឱ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន រួមនឹងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងនាំយកយោបល់មកជូនគណៈកម្មាធិការអចិន្ត្រៃយ៍វិញ មុនដាក់ឆ្លងសម័យប្រជុំពេញអង្គព្រឹទ្ធសភា។

គួរឱ្យដឹងថា សេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ដែលមាន ៣មាត្រា ហើយស្នើឡើងដោយរដ្ឋាភិបាល ត្រូវបានអនុម័តដោយរដ្ឋសភា ក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
សេចក្តីព្រាងច្បាប់នេះ គឺធ្វើឡើង ដើម្បីឱ្យស្របនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេសហ្សាម៉ាអ៊ីក ហើយចូលជាធរមាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។ អនុសញ្ញានេះ គឺកំណត់អំពីក្របខណ្ឌគតិយុត្តនៃការកំណត់ព្រំដែនសមុទ្រ សេរីភាពផ្នែកនាវាចរណ៍តាមផ្លូវសមុទ្រ សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្ហសមុទ្រ និងសេចក្តីណែនាំនានាសម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ព្រមទាំងការគ្រប់គ្រងធនធានធម្មជាតិសមុទ្រដ៏សម្បូរបែប។

បច្ចុប្បន្នមានប្រទេសចំនួន១៧១ បានចូលជារដ្ឋភាគីនៃអនុសញ្ញានេះ។ ក្នុងក្របខណ្ឌអាស៊ាន ប្រទេសចំនួន១០ រួមទំាងប្រទេសឡាវដែលជាប្រទេសមិនជាប់សមុទ្រ ក៏បានចូលជាភាគីនៃអនុសញ្ញានេះរួចផងដែរ។ ប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញានេះ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៣។
ចំពោះការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជាដែលជាប្រទេសមានសមុទ្រទទួលបាននូវក្របខណ្ឌច្បាប់សមុទ្រមួយពេញលេញសម្រាប់កិច្ចការសមុទ្រ ទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិទាក់ទងនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា និងពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខក្នុងការគ្រប់គ្រងសមុទ្រ ដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានា និងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រ ជាដើម៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


