Connect with us

ព័ត៌មានជាតិ

ច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨

បានផុស

នៅ

ក្នុងសម័យប្រជុំពេញអង្គ នាព្រឹកថ្ងៃពុធនេះ ព្រឹទ្ធសភាកម្ពុជា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដោយឥតកែប្រែក្នុងចំនួន៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឯកភាពរបស់ព្រឹទ្ធសភាគឺស្របទៅនឹងរដ្ឋសភា ដែលបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់នេះ កាលពីសប្ដាហ៍មុន។ ជាការកត់សម្គាល់ បន្ទាប់​ពី​ត្រូវ​បានស្ថាប័ន​សភាទាំងពីរថ្នាក់​អនុម័ត​រួចរាល់ សេចក្ដីព្រាងច្បាប់នេះនឹងត្រូវទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះហស្តលេខា ដើម្បីដាក់​ឱ្យ​ប្រើប្រាស់​នា​ពេល​ខាង​មុខ​។ ខណៈច្បាប់នេះនឹងត្រូវប្រកាសទុកជាការប្រញាប់។

សេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាមាន៨ជំពូក និង២០មាត្រា ត្រូវ​បានរៀបចំឡើងដោយអនុលោមតាមមាត្រា៤៩ថ្មីនៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងបំណងពង្រឹងលើវិស័យការពារជាតិ និងការបណ្តុះបណ្តាលយុវជន។ ពេលច្បាប់នេះចូលជាធរមាន កម្ពុជានឹងអនុវត្តកាតព្វកិច្ចយោធា ដោយប្រជាពលរដ្ឋខ្មែរ ភេទប្រុស ដែលអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ត្រូវទៅហ្វឹកហាត់ជំនាញយោធា រយៈពេល២៤ខែ ខណៈស្ត្រី ត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។

ក្នុងសម័យប្រជុំនាព្រឹកមិញនេះ ព្រឹទ្ធសភា ក៏បានពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមសម្រាប់ការធានាការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាមផងដែរ ដោយអង្គព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ពាក់ព័ន្ធនឹងវិស័យថាមពលនេះ ដោយសំឡេង៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម