ព័ត៌មានជាតិ
ព្រឹទ្ធសភាកម្ពុជាទទួលជំនួយមនុស្សធម៌ពីមូលនិធិ GLS នៃកូរ៉េខាងត្បូង ក្នុងទំហំទឹកប្រាក់ជាង១លានដុល្លារ
ព្រឹទ្ធសភាកម្ពុជា បានទទួលអំណោយមនុស្សធម៌ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) នៃសាធារណរដ្ឋកូរ៉េ ក្នុងទំហំទឹកប្រាក់ប្រមាណជាង១លានដុល្លារអាម៉េរិក។ ពិធីប្រគល់-ទទួលអំណោយនេះ បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ តំណាងព្រឹទ្ធសភា ដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា និងតំណាងមូលនិធិ ដោយលោក ឧត្តម Min Byong Jang។

អំណោយមនុស្សធម៌នេះ ជាលើកទី២០ ដែលមូលនិធិបានផ្តល់មកព្រឹទ្ធសភាកម្ពុជា តាមស្មារតីនៃអនុស្សរណៈការយោគយល់គ្នារវាងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ជាមួយនឹងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល។ បើតាមព្រឹទ្ធសភា អំណោយដែលបានផ្ដល់ពេលនេះរួមមានឱសថ គ្រឿងបរិក្ខាពេទ្យ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលសរុបក្នុងទំហំទឹកប្រាក់១,៣១៧,០៣៩.០៤ដុល្លារអាម៉េរិក។

ជំនួយមនុស្សធម៌នេះ ត្រូវបានផ្តល់ឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិត និងបង្កើតបរិយាកាសរស់នៅ ដែលមានស្ថិរភាពល្អប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសជនភៀសខ្លួន គ្រួសារក្រីក្រ និងសហគមន៍ងាយរងគ្រោះនៅទូទាំងប្រទេស។
គួរឱ្យដឹងថា គណៈកម្មការទី១០ ព្រឹទ្ធសភាកម្ពុជា និងមូលនិធិកូរ៉េ GLS បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការផ្តល់ជំនួយមនុស្សធម៌លើកដំបូង ក្នុងឆ្នាំ២០២២ ដែលមានទឹកប្រាក់សរុប១០លានដុល្លារអាម៉េរិក ហើយបន្ទាប់ពីគម្រោងនេះទទួលបានការវាយតម្លៃជាវិជ្ជមាន ភាគីទាំងពីរ បានចុះ MOU ជាលើកទី២ ក្នុងឆ្នាំ២០២៥ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ក្រោមកិច្ចសហប្រតិបត្តិការថ្មីនេះ នឹងបន្តរយៈពេល៥ឆ្នាំបន្ថែម ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ ដោយទំហំជំនួយសរុបត្រូវបានពង្រីកយ៉ាងខ្លាំងដល់៥០លានដុល្លារអាមេរិក។ GLS និងព្រឹទ្ធសភាកម្ពុជា ក៏កំពុងពិភាក្សាអំពីការពង្រីកនូវគម្រោងមនុស្សធម៌បន្ថែម នៅខែមិថុនា ឆ្នាំ២០២៦នេះ ដោយផ្ដោតលើគម្រោងគាំទ្រនៅខេត្តកែប បាត់ដំបង និងព្រៃវែង។ ភាគីទាំងពីរ ក៏មានផែនការចុះ MOU ជាលើកទី៣ ដើម្បីបង្កើនទំហំជំនួយមនុស្សធម៌សរុបឱ្យដល់ប្រមាណ៦៥លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០២៩ ផងដែរ។
មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ បានផ្តល់នូវជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ចំនួន ២០លើករួចមកហើយ ក្នុងទំហំទឹកប្រាក់៣០,៦៣១,៣៩៥.០៦ដុល្លារអាម៉េរិក។ ជំនួយមនុស្សធម៌ទាំងអស់ត្រូវបានថ្នាក់ដឹកនាំព្រឹទ្ធសភាគ្រប់គ្រង និងបែងចែកទៅតាមរាជធានីខេត្ត មន្ទីរពេទ្យ មណ្ឌលសុខភាព ជនងាយរងគ្រោះ ជាពិសេសប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកបដោយតម្លាភាព គណនេយ្យភាព និងចំគោលដៅ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានកាន់ប្រសើរឡើង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


