Connect with us

ព័ត៌មានជាតិ

ចិនអរគុណកម្ពុជាចំពោះកិច្ចសហការចាប់បញ្ជូនមេឧក្រិដ្ឋកម្មឆបោកអនឡាញជាជនជាតិចិន

បានផុស

នៅ

ឯកអគ្គរដ្ឋទូតចិន សម្ដែងការអរគុណដល់កម្ពុជាចំពោះកិច្ចសហការក្នុងការចាប់ខ្លួន និងបញ្ជូនមេខ្លោងឧក្រិដ្ឋកម្មឆបោកតាមអនឡាញជាជនជាតិចិន ឱ្យទៅអាជ្ញាធរចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងផ្តន្ទាទោស។ ការអរគុណនេះ ធ្វើឡើងក្នុងពេលលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលពិភាក្សាការងារជាមួយទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក វ៉ាង វិនពីន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក៏ដូចជាសមត្ថកិច្ចរបស់កម្ពុជា ដែលបានសហការក្នុងការចាប់ខ្លួន និងបញ្ជូនមេខ្លោងជនជាតិចិន និងគូកន ត្រលប់ទៅប្រទេសចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងផ្តន្ទាទោស។ លោក សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ ជាសក្ខីកម្មសបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាលទ្ធផលជាក់ស្តែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ទៅកាន់សហគមន៍អន្តរជាតិ ហើយវាក៏សបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងសមត្ថកិច្ចកម្ពុជា និងចិនផងដែរ។

លោកឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានផែនការច្បាស់លាស់ ធ្វើឱ្យអន្តរជាតិមានជំនឿចិត្តថា កម្ពុជាមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ហើយសង្ឃឹមថា អាចលុបបំបាត់ឧក្រិដ្ឋកម្មនេះបានជាដាច់ខាត។

លោក វ៉ាង វិនពីន មានជំនឿជឿជាក់លើការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចការនេះប្រកបដោយប្រសិទ្ធភាព ហើយថា ភាគីចិនរីករាយ និងត្រៀមខ្លួនជានិច្ច ក្នុងការធ្វើកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជា ដើម្បីសម្រេចគោលដៅបង្ក្រាប និងបោសសម្អាតសកម្មភាពឆបោកតាមអនឡាញពីប្រទេសកម្ពុជា។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើគ្រប់វិស័យនិយាយជារួម និងដោយឡែកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏មានភាពជិតស្និទ្ធ និងទទួលបានលទ្ធផលជាផ្លែផ្កា។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ និងជាក់លាក់ក្នុងការដាក់វិធានការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការអនុវត្តនីតិវិធីលើមេក្លោង និងគូកន។ ទន្ទឹមនេះ កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូ ដើម្បីបន្តធ្វើការរួមគ្នាអនុវត្តប្រតិបត្តិការបង្ក្រាបប្រកបដោយសង្គតិភាព សំដៅធ្វើយ៉ាងណាកាត់ក្បាល និងបំបែកសម្បុកក្រុមឧក្រិដ្ឋជនឱ្យដល់ឬសគល់៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម