Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ស្នើឱ្យថៃបញ្ឈប់រាល់សកម្មភាពជុំវិញបរិវេណប្រាសាទតាក្របីដែលស្ថិតក្នុងទឹកដីកម្ពុជា

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើភាគីថៃបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាគម្រោងនានានៅជុំវិញ ប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា និងងាកមករកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧។ ចំពោះសកម្មភាពគឃ្លើនរបស់ភាគី ក្រសួងវប្បធម៌ បន្តប្រកាសតវ៉ាប្រឆាំងនឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់មកលើប្រាង្គប្រាសាទ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជិតប្រាសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះ បន្ទាប់ពីក្រុមយោធាថៃបន្តរុលចូលឈូសឆាយផ្លូវ សាងសង់លេណដ្ឋាន និងបំផ្លិចបំផ្លាញគម្រោងនានាជុំវិញបរិវេណប្រាសាទតាក្របី ទោះបីជាបទឈប់បាញ់បានចូលជាធរមានរួចហើយក្តី។ សកម្មភាពរបស់យោធាថៃនាពេលនេះ បានរំលោភច្បាប់អន្តរជាតិ និងបំពានបទឈប់បាញ់ទាំងកម្រោលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីកម្ពុជា-ថៃ ដែលមានសាក្សីពីប្រទេសមហាអំណាច ប្រធានាធិបតេយ្យសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ , នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អីប្រាហីម អតីតប្រធានអាស៊ានប្តូរវេន ព្រមទំាងមានការឃ្លាំមើលពីប្រទេសមហាអំណាចចិនផងដែរ។

សេចក្តីថ្លែងការណ៍ក្រសួងវប្បធម៌ ចុះថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ បានប្រកាសប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់យោធាថៃ ក្នុងការឈ្លានពានកាន់កាប់ប្រាសាទតាក្របី និងគម្រោងនានាដែលធ្វើឱ្យប្រែប្រួលស្ថានភាពតំបន់នោះ។ ក្រសួងវប្បធម៌ ចាត់ទុកថាសកម្មភាពឈ្លានពាននេះគឺជាការរំលោភបំពានទាំងស្រុងទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបានច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។

សូមជម្រាបជាថ្មីថា ប្រាសាទតាក្របី ដែលថ្មីៗនេះទទួលរងការបាញ់បំផ្លាញពីយោធាថៃស្ទើរតែខ្ទេចរូបរាងទាំងស្រុង គឺជាទីតាំងបុរាណស្ថានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយស្ថាប័នវប្បធម៌កម្ពុជា ជាទីតាំងគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជាតាំងពីដើមរៀងមក។

ប្រាសាទតាក្របីរងការបំផ្លាញដោយយោធាថៃ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ២១ ខែមករា បានចេញសេចក្តីថ្លែងការណ៍ តវ៉ាផ្លូវការជាថ្មីម្តងទៀតប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃបង្កឡើងក្រោយបទឈប់បាញ់ ដែលបានប៉ះពាល់ធ្ងន់ធ្ងរដល់អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជារួមមាន ទី១ ការតម្កល់រូបសំណាកព្រះពុទ្ធបដិមា នៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុ ដែលត្រូវបានបំផ្លាញដោយមន្ត្រីយោធាថៃ នៅតំបន់អានសេះ ខេត្តព្រះវិហារ។ ២. ការដាក់រាយកុងតឺន័រ ដើម្បីរាំងផ្លូវនៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ និង៣. ការសាងសង់លេណដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់នៅតំបន់បឹងត្រកួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម