Connect with us

ព័ត៌មានអន្ដរជាតិ

អាជ្ញាធរ​ចិន ​ដាក់​ក្រុម​ហ៊ុន​ថៃ​នាំចេញសាច់មាន់​១៧ ក្នុង​«បញ្ជីខ្មៅ​»​

បានផុស

នៅ

អតីតតំណាងរាស្ត្រគណបក្សភឿថៃ លោក Nikhom Boonwiset បានឲ្យដឹងថា អាជ្ញាធរចិនបានដាក់ក្រុមហ៊ុននាំចេញសាច់មាន់របស់ថៃចំនួន ១៧ ចូលទៅក្នុង «បញ្ជីខ្មៅ» បន្ទាប់ពីបានរកឃើញភាពមិនប្រក្រតី ពាក់ព័ន្ធនឹងប្រតិបត្តិករបរទេស ដែលបានប្រើប្រាស់ឈ្មោះក្រុមហ៊ុនថៃ ដើម្បីនាំចេញជើងមាន់ទៅកាន់ប្រទេសចិន។ យោង Thai Enquirer

អតីតតំណាងរាស្ត្រគណបក្សភឿថៃ លោក Nikhom Boonwiset (រូបភាព៖ Thai Enquirer)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nikhom បានបន្តថា ភ្នាក់ងារគ្រប់គ្រងរបស់ចិនបានរកឃើញថា បរិមាណនៃការនាំចេញពីប្រទេសថៃ មានចំនួនច្រើនហួសពីសមត្ថភាពផលិតកម្មជាក់ស្តែងនៅក្នុងស្រុក ដែលនេះបានជំរុញឲ្យមានការស៊ើបអង្កេតពីសំណាក់អគ្គរដ្ឋបាលគយនៃប្រទេសចិន (GACC)។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Thai Enquirer នៅថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២៦។

វិធានការក្តៅនេះ ត្រូវបានរាយការណ៍ថា បានបង្កឲ្យមានការខាតបង់លើការនាំចេញអស់ទឹកប្រាក់ជាង ៣០ ពាន់លានបាត (ប្រមាណជាង ៨០០ លានដុល្លារអាមេរិក)។ អាជីវកម្មដែលរងផលប៉ះពាល់ បានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងកសិកម្ម និងសហករណ៍ ដើម្បីស្នើសុំឲ្យមានការស៊ើបអង្កេតលើអ្នកដែលសង្ស័យថា បានរត់ពន្ធជើងមាន់ពីបរទេស ដោយប្រើប្រាស់សិទ្ធិនាំចេញរបស់ថៃ។

យោងតាមលោក Nikhom ស្ថាប័ន GACC របស់ចិន បានផ្ញើលិខិតព្រមានចំនួន ៤ លើករួចមកហើយ ជូនដល់អាជ្ញាធរថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ជុំវិញក្តីបារម្ភអំពីស្តង់ដារសុវត្ថិភាពចំណីអាហារ និងការខ្វះចន្លោះក្នុងការអនុវត្តច្បាប់។

លោកព្រមានថា ប្រសិនបើនៅតែបន្តមិនមានចំណាត់ការទៀតនោះ វាអាចនឹងបំផ្លាញទំនុកចិត្តលើផលិតផលនាំចេញផ្សេងទៀតរបស់ថៃ និងជះឥទ្ធិពលដល់ទំនាក់ទំនងពាណិជ្ជកម្មកាន់តែទូលំទូលាយជាមួយប្រទេសចិន។ ជាក់ស្ដែង ក្រុមហ៊ុនមួយចំនួនអាចនឹងត្រូវបង្ខំចិត្តបិទរោងចក្រ ឬកាត់បន្ថយប្រតិបត្តិការ ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយក្នុងពេលឆាប់ៗទេនោះ ដែលវាអាចនឹងប៉ះពាល់ដល់កម្មករជាច្រើននាក់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម