ព័ត៌មានជាតិ
តាមរយៈ UNCLOS រដ្ឋមន្ត្រីការបរទេស ថា កម្ពុជានឹងពង្រឹងអធិបតេយ្យជាតិលើដែនទឹកសមុទ្រ
កម្ពុជានឹងទទួលបាននូវសិទ្ធិ និងកាតព្វកិច្ចកាន់តែពេញលេញ តាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដើម្បីពង្រឹងអធិបតេយ្យជាតិលើដែនទឹកសមុទ្រ ក្នុងនាមជាប្រទេសជាប់សមុទ្រ ដែលត្រូវទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិ។ នេះជាការថ្លែងរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ដែលបានលើកបង្ហាញពីអត្ថប្រយោជន៍ដែលនឹងផ្ដល់ឱ្យកម្ពុជានៅពេលចូលជារដ្ឋភាគីអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឬជាភាសាអង់គ្លេសហៅកាត់ថា UNCLOS។

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ជាឧបករណ៍គតិយុត្តអន្តរជាតិដ៏សំខាន់ និងមានលក្ខណៈសកលដែលកំណត់ព្រំដែនសមុទ្រ សេរីភាពផ្នែកនាវាចរណ៍តាមផ្លូវសមុទ្រ ក៏ដូចជាសិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្អសមុទ្រ សេចក្តីណែនាំសម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិសមុទ្រ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជ្ញាធរបាតសមុទ្រអន្តរជាតិ ព្រមទាំងយន្តការដោះស្រាយវិវាទនីតិសមុទ្រ។
ថ្លែងការពារសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស ដែលជាតំណាងរដ្ឋាភិបាល លើកឡើងថា ការផ្ដល់សច្ចាប័នលើអនុសញ្ញានេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើនដល់កម្ពុជា ដោយលោកបានបង្ហាញពីអត្ថប្រយោជន៍ដំបូងគេគឺការទទួលបាននូវក្របខណ្ឌច្បាប់សមុទ្រមួយពេញលេញសម្រាប់កិច្ចការសមុទ្រ ក្នុងនាមកម្ពុជាជាប្រទេសជាប់សមុទ្រ។

បើតាមលោក ប្រាក់ សុខុន កម្ពុជានឹងអាចពង្រឹងអធិបតេយ្យជាតិខ្លួនលើដែនទឹកសមុទ្រ និងពង្រឹងសិទ្ធិលើអធិបតេយ្យធនធានធម្មជាតិសមុទ្រ ក៏ដូចជាការទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិ ដែលទាក់ទងទៅនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា ដូចជាការគ្រប់គ្រង និងការអភិរក្សបរិស្ថានសមុទ្រ ការធ្វើអាជីវកម្មលើធនធានសមុទ្រ និងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រជាដើម។ បន្ថែមពីនេះ តាមរយៈ UNCLOS ក៏នឹងពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ ដោយស្មើមុខស្មើសិទ្ធិ ក្នុងការគ្រប់គ្រងសមុទ្រ និងការដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានា និងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រផងដែរ។

គួរឱ្យដឹងថា សេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ដែលមាន ៣មាត្រា ហើយស្នើឡើងដោយរាជរដ្ឋាភិបាល ត្រូវបានអនុម័តដោយរដ្ឋសភាក្នុងសំឡេង១១៤សំឡេង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ហើយទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភា ដោយឥតកែប្រែក្នុងចំនួន៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ក្នុងសម័យប្រជុំពេញអង្គជាវិសាមញ្ញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។
ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញានេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ឱ្យដឹងថា កម្ពុជាក៏នឹងត្រូវបំពេញកាតព្វកិច្ចមួយចំនួនផងដែរ ដោយសំខាន់បំផុតនោះ គឺកម្ពុជាត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តជាតិបន្ថែមទៀត ទាក់ទងនឹងការគ្រប់គ្រង និងអភិរក្សកិច្ចគាំពារបរិស្ថានសមុទ្រ និងការថែរក្សាសុវត្ថិភាព សន្តិសុខសមុទ្រ ដើម្បីឱ្យស្របទៅនឹងបទបញ្ញប្បត្តិនៃអនុសញ្ញានេះ។ ខណៈកម្ពុជា ក៏ត្រូវបង់វិភាគទានសម្រាប់ដំណើរការតុលាការអន្តរជាតិនីតិសមុទ្រ និងអាជ្ញាធរបាតសមុទ្រ ខ្ទង់៥ពាន់ដុល្លាក្នុងមួយឆ្នាំ ដែលចំនួននេះ លោក ប្រាក់ សុខុន ថា មិនជាបញ្ហាសម្រាប់កម្ពុជា៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


