Connect with us

ព័ត៌មានជាតិ

តំណាងអចិន្ត្រៃយ៍កម្ពុជានៅ UN ថា រដ្ឋមួយប្រើកម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរដ្ឋមួយទៀត ជាការបំពានចំពោះច្បាប់អន្តរជាតិ

បានផុស

នៅ

ពីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីនោះ បានគូសបញ្ជាក់ពីកាតព្វកិច្ចរបស់រដ្ឋ ដែលជាសមាជិកអង្គការសហប្រជាជាតិ ត្រូវតែអនុវត្តតាមច្បាប់អន្តរជាតិជាចាំបាច់ចំពោះបូរណភាពទឹកដីនៃរដ្ឋណាមួយ ហើយបើរដ្ឋមួយប្រើកម្លាំង ដើម្បីប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋមួយទៀតនោះ ជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ ឈា បានសង្កត់ធ្ងន់ទៅលើបញ្ហានេះ ថា ការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ គឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ​ ដែលស្របតាមមាត្រា ២.៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ការថ្លែងរបស់លោក កែវ ឈា យ៉ាងដូច្នេះនៅក្នុងកិច្ចពិភាក្សាបើកចំហរជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដែលកិច្ចពិភាក្សានេះ ផ្ដោតទៅលើប្រធានបទស្តីពីការបញ្ជាក់ឡើងវិញនូវនីតិរដ្ឋអន្តរជាតិ៖ ដំណើរឆ្ពោះទៅរកការស្តារឡើងវិញនូវសន្តិភាព យុត្តិធម៌ និងពហុភាគីនិយម។

ក្នុងសេចក្តីថ្លែងការណ៍ លោក កែវ ឈា ក៏បានលើកឡើងពីការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាកាតព្វកិច្ចផ្លូវច្បាប់ដែលរដ្ឋសមាជិកត្រូវអនុវត្ត ជាពិសេសការដោះស្រាយជម្លោះ តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ដែលជាយន្តការដែលអាចទុកចិត្តបាន និងធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់រដ្ឋសមាជិក។

ភ្ជាប់គ្នានេះ លោក ក៏បានគូសបញ្ជាក់ពីការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ដែលជាធាតុផ្សំសំខាន់ និងមិនអាចកាត់ផ្តាច់បាននៃនីតិរដ្ឋអន្តរជាតិ។ លោក បាននិយាយថា អំពើរំលោភបំពានទៅលើលើជនស៊ីវិលស្លូតត្រង់ ការបំផ្លិចបំផ្លាញ និងការប្លន់យកទ្រព្យសម្បត្តិជនស៊ីវិល ការរារាំងការវិលត្រឡប់របស់ជនស៊ីវិល ការកាន់កាប់ទឹកដីដោយខុសច្បាប់ និងបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។

ការលើកឡើងទាំងនេះ គឺស្របពេលដែលកងកម្លាំងប្រដាប់អាវុធថៃ បាននិងកំពុងបន្តសកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលកំពុងធ្វើក្នុងតំបន់ដែលបានកាន់កាប់លើទឹកដីរបស់កម្ពុជា បើទោះជាមានបទឈប់បាញ់ក៏ដោយ។ កម្លាំងយោធាថៃបានដាក់ទូរកុងតឺន័រ និងរាយបន្លាលួសព័ទ្ធយកផ្ទះពលរដ្ឋខ្មែរនៅតាមខ្សែបន្ទាត់ព្រំដែន ដូចជានៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ ជាដើម ហើយថែមទាំងប្រើត្រាក់ទ័រវាយកម្ទេចផ្ទះសម្បែងដែលនៅសេសសល់ពីការបាញ់ផ្លោងបន្ថែមទៀត ជាមួយនឹងការសាងសង់លេណដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់នៅតំបន់ទាំងនោះ។

ចំពោះមុខបញ្ហាជម្លោះព្រំដែននេះ កម្ពុជា តែងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ហើយខណៈដែលកម្ពុជាក៏បានប្រកាសមិនទទួលស្គាល់នូវព្រំដែនដែលត្រូវបានកែប្រែដោយប្រើកម្លាំងនោះឡើយ៕

ដោយ៖ ធឿន វ៉ាន់សុង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម