Connect with us

ព័ត៌មានជាតិ

រក្សាប្រពៃណីបុរាណ ៖ ចាប់ត្រីបឹងបង្កោង ទាក់ទាញទេសចរអន្តរជាតិ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃទី ​៨ ខែកុម្ភៈ ឆ្នាំ ​២០២៦ បរិយាកាស​នៅ​ជុំវិញ បឹង​បង្កោង ស្ថិត​ក្នុងភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បានក្លាយ​ជាទី​ប្រជុំ​ដ៏​អ៊ូអរ ខណៈ​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់ មកពី​គ្រប់ទិសទី បាន​សម្រុក​ចូលរួម​ព្រឹត្តិការណ៍ ចុះ​ចាប់​ត្រី​តាមបែប​បុរាណ ដែលជា​ទំនៀមទម្លាប់​បន្សល់ទុក​តាំងពី​បុរាណកាល​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​ចាប់​ត្រី​នៅ​បឹង​បង្កោង មាន​លក្ខណៈពិសេស​ខុសពី​ការនេសាទ​ធម្មតា ដោយសារ​តែមាន ច្បាប់​សហគមន៍​តឹងរ៉ឹង​។ ជា​រៀងរាល់ឆ្នាំ អាជ្ញាធរ​ភូមិ និង​គណៈកម្មការ​វត្ត តែង​ហាមឃាត់​ការ​នេសាទ​ក្នុង​បឹង​នេះ​ពេញ​មួយឆ្នាំ ដើម្បី​រក្សា​ពូជ​ត្រី ហើយ​អនុញ្ញាតឱ្យ​ចាប់​ត្រី​បានតែ​ម្តងគត់​ក្នុង​មួយ​ឆ្នាំ គឺ​ក្នុង​ខែមាឃ បន្ទាប់ពី​ប្រមូល​ផល​ស្រូវ​រួច។

សម្រាប់​ឧបករណ៍​នេសាទ អនុញ្ញាតឱ្យ​ប្រើតែ​ឧបករណ៍​បុរាណ​ប៉ុណ្ណោះ ដូចជា អង្គ្រុត ឈ្នាង សំណាញ់ និង​ត្រក ខណៈ​ឧបករណ៍​ឆក់ ឬ​មធ្យោបាយ​ទំនើប​ផ្សេងៗ​ ដែល​អាច​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី ត្រូវបាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​។

ទិដ្ឋភាព​នា​ព្រឹកមិញ​នេះ មិន​ត្រឹមតែ​ជាការ​ចុះ​ចាប់​ត្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ពេលវេលា ​នៃ​ការ​ជួបជុំ​គ្រួសារ និង​ការរួម​សប្បាយ​របស់​សហគមន៍​។ ជាពិសេស កូនចៅ​ដែល​ធ្វើការ​នៅ​ឆ្ងាយ ក៏​តែង​ឆ្លៀត​ត្រឡប់​មកលេង​ស្រុកកំណើត ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​។

គួរ​ឱ្យ​កត់សម្គាល់ថា ក្នុង​ឆ្នាំ​ ២០២៦​ នេះ មាន​វត្តមាន ភ្ញៀវទេសចរ​អន្តរជាតិ មក​ទស្សនា និង​ថតរូប​ភាព​កាន់តែ​ច្រើនឡើង ដែល​បង្ហាញថា ពិធី​ចាប់​ត្រី​បឹង​បង្កោង បាន​ក្លាយជា​ផលិតផល​ទេសចរណ៍​បែប​វប្បធម៌​ដ៏​សំខាន់​មួយ​របស់​ខេត្តសៀមរាប បន្ថែម​ពីលើ​ប្រាសាទបុរាណ​។

ការរក្សាបាន​នូវ​ប្រពៃណី​ចាប់​ត្រី​នេះ មិន​ត្រឹមតែ​ជា​សក្ខីភាព​ នៃ​ការអភិរក្ស​អត្តសញ្ញាណ​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាការ​លើកទឹកចិត្ត​ឱ្យ​យុវជន​ជំនាន់​ក្រោយ ស្គាល់​តម្លៃ និង​ចេះ​ថែរក្សា​ធនធានធម្មជាតិ​ដែលមាន​នៅក្នុង​សហគមន៍​ផងដែរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម