ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បន្តណែនាំអាជ្ញាធរខេត្តសៀមរាប-ឧត្តរមានជ័យ យកចិត្តទុកដាក់ជាពិសេសគ្រួសារយុទ្ធជនពលីនៅសមរភូមិ និង គ្រួសារអតីតយុទ្ធជន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានបន្តណែនាំដល់អាជ្ញាធរខេត្តសៀមរាប និង ឧត្តរមានជ័យ ត្រូវយកចិត្តទុកដាក់ជាពិសេសគ្រួសារយុទ្ធជនពលីនៅសមរភូមិ និង គ្រួសារអតីតយុទ្ធជន។

ការណែនាំនេះ ក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ និង ថ្នាក់ដឹកនាំ មន្ទីរអង្គភាពនានា ជុំវិញខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ នៅសាលសន្និបាតសណ្ឋាគារសុខា ខេត្តសៀមរាប ដែលមានអ្នកចូលរួមប្រមាណជិត ២,០០០ នាក់ កាលពីព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ និង ណែនាំឲ្យថ្នាក់ដឹកនាំ និង អាជ្ញាធរមូលដ្ឋាន នៃខេត្តទាំងពីរ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រងវត្តមានអតីតយុទ្ធជន ជាពិសេសក្រុមគ្រួសារយុទ្ធជនពលីនៅសមរភូមិ ដែលជាកិច្ចការដែលយើងត្រូវធ្វើ ដើម្បីពង្រឹងខឿនការពារជាតិឲ្យបានល្អប្រសើរ និង កាត់បន្ថយការលំបាករបស់គ្រួសារយុទ្ធជនពលី។ សម្ដេចតេជោ បានអំពាវនាវឲ្យយកចិត្តទុកដាក់ជាពិសេសដល់ការលើកកម្ពស់ការសិក្សាអប់រំរបស់កូន ចៅ យុទ្ធជនពលី ឲ្យទទួលបានការរៀនសូត្រ និង ត្រូវផ្ដល់អាទិភាពឲ្យពួកគេទទួលបានអាហារូបករណ៍សិក្សាដោយមិនបង់ថ្លៃ។

បន្ថែមពីនេះ សម្តេចតេជោ ប្រធានសមាគម ក៏មានប្រសាសន៍ឲ្យយកចិត្តទុកដាក់ទាំងអតីតមន្រ្តីរាជការស៊ីវិលដែលចូលនិវត្តន៍ ដូចជា អតីតអភិបាលខេត្ត អភិបាលស្រុក អតីតមេឃុំ ចៅសង្កាត់ ជាដើមនោះ គប្បីយកចិត្តទុកដាក់បន្ថែមទៀត ដោយឧស្សាហ៍ចុះសួរសុខទុក្ខ ផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ និង ត្រូវផ្ដល់ឱកាស អញ្ជើញពួកគាត់ចូលរួមក្នុងពិធីជួបជុំ និង សំណេះសំណាលផ្សេងៗ ស្របពេលដែលពេលនេះ សម្ដេចតេជោ បានដាក់បញ្ចូលពួកគាត់ជានិវត្តជន មកក្រោមឆ័ត្រតែមួយរបស់សមាគម ដោយបានធ្វើវិសោធនកម្មលក្ខន្តិកៈពីសមាគមអតីតយុទ្ធជនកម្ពុជា មកជាអតីតយុទ្ធជន និង និវត្តជនកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្ដីទី ក៏បានមានប្រសាសន៍កោតសរសើរចំពោះយន្តការរបស់រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិដែលបានជួយសម្រាលបន្ទុកគ្រួសារយុទ្ធជនពលីទូទាំងប្រទេស ដោយបានផ្ដល់ការអនុគ្រោះ លុបចោលបំណុលដែលខ្ចីពីធនាគារក្នុងស្រុក ព្រមទាំងបានជួយពន្យារការសងត្រឡប់ក្នុងករណីមួយចំនួនដែល សម្ដេច បានហៅយន្តការអនុគ្រោះនេះ គឺជាផ្នែកមួយ នៃការជួយពង្រឹងខឿនការពារជាតិយ៉ាងពិតប្រាកដ ជាពិសេសបានបង្ហាញពីស្មារតី នៃការរួបរួមគ្នាជាកម្លាំងសាមគ្គីជាតិបានល្អបំផុត។

គួរជម្រាបជូនថា ចំពោះការងារគ្រប់គ្រង អតីតយុទ្ធជន និង និវត្តជន ក្នុងខេត្តឧត្តរមានជ័យ យោងតាមរបាយការណ៍របស់ លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ននេះ មានអតីតយុទ្ធជនសរុប ៤,៩៨៧ នាក់ ក្នុងនោះ អ្នកនៅក្នុងបន្ទុកមានចំនួន ៧,៥៦១ នាក់។ អតីតយុទ្ធជន ចូលជាសមាជិកសមាគមមានចំនួន ៣,៤៣២ នាក់ (ស្រី ១៥៣ នាក់។ មុខសញ្ញានិវត្តជន ជាអតីតមន្រ្តីរាជការស៊ីវិលក្នុងខេត្តមានចំនួនសរុប ៣៥០ នាក់ (ស្រី ៤១ នាក់)។ បច្ចុប្បន្ន អ.ន.ក ខេត្តឧត្តរមានជ័យ កំពុងគ្រប់គ្រងដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជនមាន ២ កន្លែង ដែលមានទំហំ ២,៦៦៥ ហិតា ដែលទីតាំងនៅ ៖ ១.ភូមិអូរតារម៉ែង ឃុំអន្លង់វែង ស្រុកអន្លង់វែង មានទំហំ ៥៤ ហិតា និង ទីតាំងទី ២ ស្ថិតនៅភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ មានទំហំ ២,៦១១ ហិតា។ ចំពោះការងារសាងសង់ផ្ទះចាប់ពីឆ្នាំ ២០១៦-២០២៦ សាងសង់បាន ៦៥២ ខ្នង ស្មើនឹង ៦៥២ គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ដោយឡែកការងារគ្រប់គ្រង អតីតយុទ្ធជន និង និវត្តជន ក្នុងខេត្តសៀមរាប លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងក្នុងរបាយការណ៍ថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៦ នេះ ខេត្តសៀមរាប មានអតីតយុទ្ធជនសរុបចំនួន ៩,៣៣៤ នាក់ ក្នុងនោះអ្នកនៅក្នុងបន្ទុកមានចំនួន ១២,៤៧៥ នាក់ អតីតយុទ្ធជនចូលជាសមាជិកសមាគមមានចំនួន ៦,៦៣១ នាក់ , មុខសញ្ញានិវត្តជន ជាអតីតមន្រ្តីរាជការស៊ីវិល មានចំនួនសរុប ២,០៨៨ នាក់។ បច្ចុប្បន្ន អ.ន.ក ខេត្តសៀមរាប កំពុងគ្រប់គ្រងដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជនមាន ២ កន្លែង ៖ ១.ស្ថិតនៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មានទំហំ ៣,០៨០ ហិតា។ ២.ស្ថិតនៅឃុំឃុនរាម និង ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានទំហំ ១,៣១៧ ហិតា និង បែងចែកដីឡូត៍កម្មសិទ្ធជូនអតីតយុទ្ធជនចំនួន ១៥២ គ្រួសារ។ ចំពោះការងារសាងសង់ផ្ទះវិញ ចាប់ពីឆ្នាំ ២០១៧ – ២០២១ បានសាងសង់ផ្ទះសរុបបានចំនួន ៩០ ខ្នងផ្ទះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន , សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៕




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


