Connect with us

សន្តិសុខសង្គម

ខ្ចីម៉ូតូអ្នកធ្វើការជាមួយគ្នាយកទៅបញ្ចាំលេងល្បែងអស់ រួចកុហកសមត្ថកិច្ចថា ចោរប្លន់

បានផុស

នៅ

បុរស​ម្នាក់ ងប់ងុល​នឹង​ល្បែង​អន​ឡាញ ពេល​ចាញ់​អស់​លុយ​ពី​ខ្លួន យក​ម៉ូតូ​អ្នក​ធ្វើការ​ជាមួយ​គ្នា​ទៅ​បញ្ចាំ​បាន​លុយ​លេងល្បែង​អស់​ទៀត ក៏​មក​អង្គុយ​យំ​ស្រែក​ឲ្យ​គេ​ឯង​ជួយ ដោយ​កុហក​ថា ចោរ​ប្លន់​ម៉ូតូ​ខ្លួន​យក​ទៅ​បាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ ២០២៦ ស្ថិត​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​សម្ដី​បុរស​ខាង​លើ ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ងប់ងុល​នឹង​ល្បែង​ស៊ីសង​តាម​អន​ឡាញ​រហូត​អស់​លុយ​ពី​ខ្លួន ទើប​ទៅ​ខ្ចី​ម៉ូតូ​ហុងដា​ឌ្រី​ម ១ គ្រឿង ពី​អ្នក​ធ្វើការ​សំណង់​ជាមួយគ្នា ដោយ​ប្រាប់​ថា ទៅ​រក​ទិញ​អី​ហូប​បន្តិច។ ក្នុង​នោះ ដោយ​ការ​ស្រលាញ់​រាប់អាន​ទុកចិត្ត ម្ចាស់​ម៉ូតូ ក៏​ឲ្យ​ម៉ូតូ​យក​ទៅ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយពី​បាន​ម៉ូតូ​ហើយ ខ្លួន​ក៏​យក​ម៉ូតូ​នោះ​ទៅ​បញ្ចាំ​បាន​លុយ ៦៥០ ដុល្លារ មក​ចាក់​ល្បែង​ស៊ីសង​ទៀត រហូត​ចាញ់​អស់​លុយ​ពី​ខ្លួន មិន​ដឹង​ដោះស្រាយ​ជាមួយ​ម្ចាស់​ម៉ូតូ​យ៉ាងម៉េច​ក៏​កុហក​ថា ម៉ូតូ​ត្រូវ​ចោរ​វាយ​ប្លន់​យក​ទៅ​បាត់ ហើយ​អង្គុយ​ស្រែកយំ​ទាំង​កណ្ដាលយប់​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ និង​នាំ​យក​ទៅ​សាកសួរ។

រហូត​ដល់​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ ២០២៦ សមត្ថកិច្ច​ក៏​អញ្ជើញ​បុរស​ខាង​លើ​មក​សួរនាំ​បន្ថែម ទើប​ដឹង​ថា បុរស​នោះ​បំប៉ោង​សភាពការណ៍ ចាញ់​ល្បែង​យក​ម៉ូតូ​ទៅ​បញ្ចាំ​លេង​អស់​លុយ​កុហក​ថា​ចោរ​ប្លន់​ម៉ូតូ​ទៅវិញ។

តាម​ការ​សារភាព​របស់​បុរស​ខាង​លើ បាន​បញ្ជាក់​ថា នេះ​ជា​លើក​ទី ២ ហើយ ដែល​យក​ម៉ូតូ​ទៅ​បញ្ចាំ​យក​លុយ​លេងល្បែង​តាម​អន​ឡាញ។ បច្ចុប្បន្ន បុរស​ខាង​លើ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម