Connect with us

ព័ត៌មានជាតិ

ឃុំ​ថ្ម​ដា​​ក្នុង​ខេត្ត​ពោធិ៍សាត់ រងការឈ្លានពាន​ពី​​យោធា​ថៃ មាន​​ភូមិ​សរុប ៥ ភូមិ​ មាន​​គ្រួសារ​ពលរដ្ឋ​រស់នៅ​ជាង ៩០០ គ្រួសារ

បានផុស

នៅ

ឃុំ​ថ្ម​ដា ស្រុកវាលវែង ​ខេត្ត​ពោធិ៍សាត់ បាន​រងការឈ្លានពាន​ពី​​យោធា​ថៃដែលបានព័ទ្ធយកផ្ទះ និង​ដីលំនៅដ្ឋាន​របស់​ពលរដ្ឋខ្មែរ​ទាំង​បំពាន។ ឃុំ​ថ្ម​ដា​​ ​មាន​ភូមិ​សរុប​ចំនួន ៥ ភូមិ​ និង​មានពលរដ្ឋរស់នៅ​សរុប​ជាង ៩០០ គ្រួសារ។ នេះបើតាមលោក គង់ សំអុល ស្មៀន​ឃុំថ្ម​ដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។

ផ្តល់​បទ​សម្ភាសន៍​ដល់​កម្ពុជាថ្មី ក្នុង​ដំណើរ​បេសកកម្ម​ចុះ​ទៅ​ឃុំថ្មដា ស្រុក​វាលវែង កាលពីពេលថ្មីៗ​នេះ​ក្រោម​ការ​ដឹកនាំនិងសម្របសម្រួលពីក្រសួងព័ត៌មាន លោក គង់ សំអុល ស្មៀនឃុំ​ថ្មដា​ ស្រុកវាលវែង បានប្រាប់ពី​ភូមិសាស្រ្ត​ទឹកដីព្រៃភ្នំ​នៃឃុំថ្មដា ដែល​កន្លងទៅ​ពលរដ្ឋធ្លាប់រស់នៅ​យ៉ាង​សុខសាន្ត ប៉ុន្តែ​ក្រោយ​ពេលយោធា​ថៃ​បើកការឈ្លានពានទន្រ្ទាន​​ចូលកាន់កាប់ទឹកដីប្រទេស​កម្ពុជា បាន​បង្កការ​ខូច​ខាត​ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ និង​ថែម​ទាំងបង្ខំ​ឲ្យ​គ្រួសារ​ពលរដ្ឋខ្មែរ​មួយ​ចំនួន​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅដ្ឋានចោល​ការងារ និង​មុខរបរប្រចាំថ្ងៃ។​

១. ភូមិសាស្ត្រ និងប្រជាសាស្ត្រ៖

• ឃុំថ្មដាមានភូមិផ្លូវការចំនួន ៣ គឺ ភូមិសង្គមថ្មី ភូមិកណ្ដាល និងភូមិឯកភាព។ ក្រៅពីភូមិផ្លូវការ ក៏មានភូមិឧប​សម្ព័ន្ធចំនួន ២ ទៀត គឺភូមិស្ទឹងមេទឹក និងភូមិអូរសួស្តី
• ប្រជាពលរដ្ឋសរុបនៅក្នុងឃុំមានចំនួនជាង ៣ ០០០ នាក់ ស្មើនឹង ៩០៩ គ្រួសារ។

២. ជីវភាព និងសេដ្ឋកិច្ច៖

• របរចម្បងរបស់ប្រជាពលរដ្ឋគឺការដាំដុះដំណាំកៅស៊ូ និ​ងទុរេន រួមទាំង​ដំណាំផ្សេងៗ​មួយ​ចំនួន​ទៀត។
• កន្លងមក វត្តមានក្រុមហ៊ុនវិនិយោគចិនបានជួយឱ្យជីវភាពពលរដ្ឋធូរស្រាលមួយកម្រិត និង​បង្កើត​ការងារ​បានច្រើន។ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនចិនបានដកចេញមួយចំនួនធំ ដែលធ្វើឱ្យ​ឱកាស​ការងារ​សម្រាប់ពលរដ្ឋធ្លាក់ចុះយ៉ាងខ្លាំង។

៣. ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើដំណើរ៖

• ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មានការរីកចម្រើន ដែលកាលពីមុន​ពលរដ្ឋត្រូវ​ចំណាយពេល​ដេក​ផ្លូវ​ដើម្បីធ្វើដំណើរ​ទៅមកទីរួម​ខេត្ត​ឬទីប្រជុំជនស្រុក​​។ ប៉ុន្តែ​ក្រោយ​ផ្លូវ​ជាតិលេខ ៥៥ រួមទាំង​ផ្លូវ​ជាតិ​លេខ ១០ បាន​ស្ថាបនាតភ្ជាប់ បាន​សម្រួល​ការ​​ធ្វើដំណើររបស់​ពលរដ្ឋ​ពី​តំបន់​មួយ​ទៅតំបន់​មួយ​កាន់តែងាយស្រួល នាំ​ឲ្យមាន​​លំហូរ​ទេសចរ​មក​កម្សាន្តកាន់តែ​ច្រើន​ដែល​បាន​ជួយលើកស្ទួយ​​ជីវភាព​ពលរដ្ឋកាន់តែ​ល្អ​ប្រសើរ។

៤. បញ្ហាប្រឈម និងជម្លោះព្រំដែន៖

• ជម្លោះពីការ​ឈ្លាន​ពាន​របស់​យោធា​ថៃ​​ បានធ្វើឱ្យប៉ះពាល់ដល់ការធ្វើកសិកម្ម និងការរស់នៅរបស់ពលរដ្ឋដោយសារ​មាន​​ការ​ភ័យ​ខ្លាច និងមួយ​ចំនួន​ត្រូវ​ជម្លៀស​ចោល​លំនៅដ្ឋាននិង​មុខ​របរប្រចាំថ្ងៃ។
• មានផ្ទះប្រជាពលរដ្ឋប្រហែល ១៥ ខ្នង រងផលប៉ះពាល់​ដោយសារ​ការរំលោភ​យក​ពី​ភាគីថៃ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម