Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរ និងជូនពរ បងប្អូនម៉ូស្លីមក្នុងឱកាសចូលបួសខែរ៉ម៉ាឌន ឆ្នាំ២០២៦

បានផុស

នៅ

ភ្នំពេញ ៖ តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងភរិយា បានផ្ញើសារអបអរសាទរ និងជូនពរជ័យ សិរីសួស្តី សុភមង្គល ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងពិភពលោក ក្នុងឱកាសចូលបួសខែរ៉ម៉ាឌន ដែលជាខែពិសិដ្ឋក្នុងសាសនាឥស្លាម និងជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារនោះ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅប្រទេសកម្ពុជា នឹងចាប់ផ្តើមចូលបួសខែរ៉ម៉ាឌន នៅថ្ងៃព្រហស្បតិ៍ ទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។

សម្តេច ហ៊ុន ម៉ាណែត និងភរិយា ក៏បានផ្ញើជូននូវក្តីនឹករឭក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានបន្តមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេច ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក។

សម្តេចបានលើកឡើងថា បងប្អូនខ្មែរឥស្លាមកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក្នុងការបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ជាពិសេសបានចូលរួមតាមរយៈសកម្មភាពមនុស្សធម៌ ក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា នាពេលកន្លងមក។

ជាទីបញ្ចប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសូមព្រះអល់ឡោះប្រទានពរជ័យ សិរីសួស្តី ដល់បងប្អូនមូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបងប្អូនមូស្លីមលើសាកលលោក សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងកិច្ចប្រតិបត្តិជំនឿសាសនាឥស្លាម អំឡុងខែបួសរ៉ម៉ាឌន ឆ្នាំ២០២៦ នេះ កុំបីឃ្លៀងឃ្លាតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម