Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ណែនាំវិធានការ ៦ ចំណុច ឲ្យម្ចាស់រោងចក្រ សហគ្រាស អនុវត្ត ដើម្បីការពារសុវត្ថិភាពកម្មករក្នុងរដូវប្រាំង

បានផុស

នៅ

លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា ក្រសួង​ការងារ បាន​ណែនាំ​វិធានការ ៦ ចំណុច ឲ្យ​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ អនុវត្ត​ដោយ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​លើក​កម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករ-និយោជិត ដើម្បី​ការពារ​កុំ​ឲ្យ​មាន​បញ្ហា​សុខភាព​ណាមួយ​កើត​ឡើង​អំឡុង​ពេល​បំពេញ​ការងារ​ក្នុង​រដូវ​ប្រាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ៥ ខែ​មីនា ថា វិធានការ​ទាំង ៦ ចំណុច ដែល​ក្រសួង​ណែនាំ​រួមមាន ៖ ទី ១-ត្រួតពិនិត្យ និង​ថែទាំ​ជាប្រចាំនូវប្រព័ន្ធ​បញ្ចេញបញ្ចូល​ខ្យល់នៅតាម​អគារ​ធ្វើការ និងបើក​ឲ្យ​ដំណើរការ ឲ្យបានយ៉ាង​ហោចណាស់ ១ ម៉ោង មុន​ពេល​អនុញ្ញាត​ឲ្យ​កម្មករ-និយោជិត ចូល​ធ្វើការ។ ទី ២-បើក​បង្អួច ទ្វារ​ទាំងអស់ ឬ​បន្ថែម​កង្ហារ​បញ្ចេញ​ខ្យល់ ឬ​បឺត​ខ្យល់​ចេញ នៅ​កន្លែង​ធ្វើការ​ដែល​មិន​មាន​លំហូរ​ខ្យល់​គ្រប់គ្រាន់​នៅ​ពេល​អាកាសធាតុ​កើន​កម្ដៅ និង​រៀបចំ​ទុក​ដាក់​សម្ភារៈ និង​វត្ថុធាតុ​ដើម​ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​កុំ​ឲ្យ​បាំង​ប្រភព​ខ្យល់​ចេញ​ចូល។

លោក​បន្ត​ថា វិធានការ​ទី ៣-ត្រូវ​ផ្គត់ផ្គង់​ទឹកស្អាតឲ្យ​បានគ្រប់គ្រាន់ស្របតាម​ការកើនកម្ដៅ នៃ​អាកាសធាតុ និងណែនាំ​ដល់​កម្មករ-និយោជិត ឲ្យ​បរិភោគ​ទឹកស្អាត​ឲ្យ​បាន​ញឹកញាប់ និង​យ៉ាង​តិច ២ លីត្រ ក្នុង ១ ថ្ងៃ ព្រមទាំង​ស្លៀក​សម្លៀកបំពាក់​សម​ស្រប​តាម​ស្ថានភាព​អាកាសធាតុ។ ទី ៤-បាញ់​ទឹក​នៅ​លើ​ដំបូល​អគារ​ធ្វើការ​ឲ្យ​បាន​យ៉ាងតិច ២ ដង ក្នុង ១ ថ្ងៃ និង​ត្រូវ​ចាត់​វិធានការ​ផ្សេងៗ ទៀត ដើម្បី​កាត់បន្ថយ​កម្ដៅ​ជា​បន្ទាន់។

អ្នកនាំពាក្យ​រូបនេះ បាន​ឲ្យ​ដឹង​ទៀត​ថា វិធានការ​ទី ៥-ក្រសួង ក៏បានណែនាំ​ឲ្យ​មានការ​ចាត់​បុគ្គលិក​ទទួល​បន្ទុក​ត្រួតពិនិត្យ​ឧបករណ៍​វាស់​ស្ទង់​កម្ដៅ​ជាប្រចាំ​នៅ​កន្លែង​ធ្វើការ។ និង​ទី ៦-បង្កើន​ការ​អប់រំ និង​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​សុខភាព​ជា​ប្រចាំដល់​កម្មករ-និយោជិត និង​ក្រើន​រំឭក អំពី​វិធានការ​ទាំងនោះ​តាមរយៈ​ប្រព័ន្ធ​ជូនដំណឹង​ជា​សំឡេង​នៅ​ក្នុង​សហគ្រាស គ្រឹះស្ថាន។

បើតាម លោក ស៊ុន មេសា ការ​ណែនាំ​វិធានការ​ទាំង ៦ នេះ រំពឹង​ថា អាចជួយ​បង្ការ​ហានិភ័យ​សុខភាព​ដែល​អាច​កើតឡើង និង​លើក​កម្ពស់​សុវត្ថិភាព​សុខភាព​កម្មករ។ លោក​បញ្ជាក់​ថា សុខទុក្ខ​របស់​កម្មករ-និយោជិត ជា​សុខទុក្ខ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក៏ដូចជា​សុខទុក្ខ​របស់ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ។

ទន្ទឹម​នេះ ក្នុង​ករណី​ចាំបាច់ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​កម្មករ-និយោជិត អាច​ធ្វើការ​ទំនាក់ទំនង​មក​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​ប្រព័ន្ធ Hotline លេខ “១២៨៦” ឬ “១២៩៧” ឬ ក្រុម​តេឡេក្រាម “សម្រាប់​និយោជក” (https://t.me/EmployerChat) ឬ​ក្រុម​តេឡេក្រាម “សម្រាប់​កម្មករ-និយោជិត” (https://t.me/KhmerWorkerChat) ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ឬ​អាច​ដាក់​ពាក្យ​បណ្តឹង​តាម​នីតិវិធី​ប្រអប់​បណ្តឹង​អនាមិក​របស់​ក្រសួង ដើម្បី​ចុះ​ធ្វើការ​វាយតម្លៃ​កម្រិត​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង​ចំពោះ​សុវត្ថិភាព និង​សុខភាព​កម្មករ-និយោជិត ក្នុង​អំឡុង​ពេល​សីតុណ្ហភាព​នៅ​ក្នុង​សហគ្រាស គ្រឹះស្ថាន​ឡើង​កម្ដៅ​ខ្លាំង។

យ៉ាងណាក៏ដោយ លោក ស៊ុន មេសា ជឿជាក់​ថា ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន នឹង​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ស្មារតី​ទទួល​ខុសត្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម