ព័ត៌មានជាតិ
កម្ពុជា បន្តបកអាក្រាតទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា នៅលើវេទិកាអន្តរជាតិធំៗ ខណៈភាគីពាក់ព័ន្ធសន្យាឃ្លាំមើល
កម្ពុជាបន្តបកអាក្រាតទង្វើឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជាគ្រប់សព្វបែបយ៉ាង នៅលើវេទិកាអន្តរជាតិធំៗ ដោយក្នុងនោះភាគីពាក់ព័ន្ធបានសម្តែងការភ្ញាក់ផ្អើល ហើយសន្យាថានឹងរាយការណ៍ជូនរដ្ឋាភិបាលរៀងៗខ្លួន និងផ្តល់បទពិសោធល្អៗដើម្បីដោះស្រាយដោយសន្តិវិធី។

ការបន្តលាតត្រដាងការពិតនេះ ធ្វើឡើងតាមរយៈ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូអន្តរស្ថាប័នកម្ពុជា ទៅបំពេញបេសកកម្មសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី២-៥ ខែមីនា ឆ្នាំ២០២៦ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធខាងលើនេះបានគូសបញ្ជាក់ថា ក្នុងបេសកកម្មនេះ តំណាងកម្ពុជាបានជួបពិភាក្សាទ្វេភាគីចំនួន ២៩ ជំនួប ជាមួយភាគីសំខាន់ៗរួមមាន ថ្នាក់ដឹកនាំនិងតំណាងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដូចជា ប្រធានក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងហ្សឺណែវ និងគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ (ICRC)។ បណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដូចជា បារាំង សាធារណរដ្ឋ នៃប្រជុំកោះម៉ាសាល់ សាធារណរដ្ឋដូមីនីក កូរ៉េខាងត្បូង កូឡុំប៊ី អេស្តូនី ប្រេស៊ីល ជប៉ុន គុយបា កូវ៉ែត អ៊ីរ៉ាក់ អ៊ីតាលី ជាដើម។ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស តាមវិស័យនានាដូចជា សិទ្ធិមានលំនៅឋានសមរម្យ សិទ្ធិវប្បធម៌ និងសិទ្ធិមនុស្សរបស់ជនភៀសសឹក ជាដើម។

នៅក្នុងជំនួបទាំងនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសកម្មភាពនានារបស់ភាគីថៃ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេស ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមានការបិទព្រំដែនជាឯកតោភាគីដោយគ្មានការជូនដំណឹងជាមុនពីសំណាក់យោធាថៃ ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជាពីសំណាក់កងទ័ពថៃ។
ការប្រើប្រាស់សំឡេងមានដេស៊ីបែលខ្ពស់ សំឡេងខ្មោច សំឡេងយន្តហោះ ដើម្បីរំខានដល់ផ្លូវចិត្តប្រជាជននៅតាមព្រំដែន ការវាយប្រហារដោយមិនរើសគោលដៅដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16, Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែងតាមរយៈការដាក់ពង្រាយលួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ ហើយដាក់ឈ្មោះផ្លូវថ្មីក្នុងតំបន់ឈ្លានពាននិងបន្តកាន់កាប់ដោយខុសច្បាប់ ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលធ្វើឱ្យជនភៀសសឹកប្រមាណ ៨០ ០០០ នាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបានដោយសុវត្ថិភាព។

ជាការឆ្លើយតប ភាគីពាក់ព័ន្ធបានសម្តែងការភ្ញាក់ផ្អើល និងសន្យាថានឹងរាយការណ៍ជូនរដ្ឋាភិបាលរៀងៗខ្លួន អំពីព័ត៌មានដ៏សំខាន់នេះ។ ទន្ទឹមនេះ ភាគីទាំងអស់ក៏បានផ្តល់យោបល់ និងបទពិសោធល្អៗ ផ្សេងៗគ្នាជាច្រើន ដែលជាគន្លឹះក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងដើម្បីធានាដល់ការគោរពអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ការបន្តការពិភាក្សាតាមយន្តការទ្វេភាគី និងពហុភាគីដែលមានស្រាប់៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


