Connect with us

ព័ត៌មានជាតិ

កម្ពុជា លើកយកបញ្ហាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងករណីយោធាថៃរំលោភបូកមកលើពលការិនីខ្មែរ ប្រាប់មន្រ្តីUN

បានផុស

នៅ

ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរើសអើងលើពលករទេសន្តរប្រវេសន៍កម្ពុជា ការវាយប្រហារលើតំបន់ជនស៊ីវិល រួមទាំងករណីចាប់រំលោភបូកយ៉ាងព្រៃផ្សៃលើពលការិនីខ្មែរចំណាកស្រុកម្នាក់ ដែលប្រព្រឹត្តដោយយោធាថៃ ត្រូវបានតំណាងសិទ្ធិមនុស្សកម្ពុជា លើកយកទៅជម្រាបជូនអ្នក​តំណាងការិយាល័យ​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរាយការណ៍នេះ ធ្វើឡើងក្នុងជំនួបរវាងលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោកស្រី Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស​ប្រចាំកម្ពុជា( OHCHR) នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជាដែលធ្វើការនិងរស់នៅក្នុងប្រទេសថៃ រួមទាំងការគំរាមកំហែង និងប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ។ លើសពីនេះលោករាយការណ៍ថា មានការចាប់រំលោភបូកយ៉ាងព្រៃផ្សៃចំពោះពលការិនីខ្មែរចំណាកស្រុកម្នាក់ពីសំណាក់យោធាថៃ នៅពេលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។

លោក កែវ រ៉េមី បញ្ជាក់ទៀតថា ថៃវាយប្រហារដោយមិនរើសគោលដៅ ចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះ ចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្កឱ្យមានជនភៀសសឹកជាង ៦៤ ម៉ឺន នាក់។

លោកលើកឡើងទៀតថា យោធាថៃព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង តាមរយៈការឈូសបំផ្លាញ ផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ឈ្លានពាននិងបន្តកាន់កាប់ ដោយខុសច្បាប់ និងការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ។

ភាគីកម្ពុជាសម្តែងការព្រួយបារម្ភថា ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏រហូតមកដល់ពេលបច្ចុប្បន្ននេះ ជនភៀសសឹកជាង ២០ ០០០ នាក់ មិនអាចវិលត្រឡប់ទៅ លំនៅឋានរបស់ខ្លួនបាននោះទេ ដោយសារការកាន់កាប់ទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់ របស់យោធាថៃ ការដាក់ពង្រាយបន្លាលួសនិងទូរកុងតឺន័រ ក៏ដូចជាការបំផ្លាញផ្ទះសម្បែង របស់ប្រជាពលរដ្ឋកម្ពុជា។

ជាការឆ្លើយតប លោកស្រី Matilda Bogner បានថ្លែងអំណរគុណចំពោះព័ត៌មានដែលបានចែករំលែក និងបញ្ជាក់ថា OHCHR បានតាមដានស្ថានការណ៍នៅតាមព្រំដែនដោយយកចិត្តទុកដាក់ ហើយបានចុះជួបដោយផ្ទាល់ជាមួយជនភៀសសឹកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់ពួកគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម