Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ចាប់ផ្តើមពង្រាយ​​មីននៅច្រកសមុទ្រ Hormuz កាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចពិភពលោក

បានផុស

នៅ

សភាពការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែដុនដាបខ្លាំង បន្ទាប់ពីមន្ត្រីអាមេរិកបានទម្លាយ​ឲ្យ​ដឹង​ថា កងកម្លាំងអ៊ីរ៉ង់បានចាប់ផ្តើមទម្លាក់គ្រាប់មីន​ក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់បំផុតសម្រាប់ដឹកជញ្ជូនប្រេងឆៅ និងហ្គាសធម្មជាតិ​២០ភាគរយ នៃតម្រូវការសកល។ យុទ្ធសាស្ត្រថ្មីនេះ ធ្វើឡើងក្នុងគោលបំណងបង្កកការដឹកជញ្ជូនអន្តរជាតិ និងសងសឹកទៅកាន់សហរដ្ឋអាមេរិក។

រូបតំណាង បង្កើត​ដោយ AI
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍​ចេញ​​ផ្សាយ​ថ្ងៃទី​១៣​មីនា​២០២៦​​ដោយ​ទីភ្នាក់ងារ​​ព័ត៌មា​ន Anadolu បន្ទាប់ពីកងទ័ពជើងទឹកខ្នាតធំរបស់អ៊ីរ៉ង់ត្រូវបានកងទ័ពអាកាសអាមេរិកកម្ទេចចោល កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានផ្លាស់ប្តូរយុទ្ធសាស្ត្រមកប្រើប្រាស់ទូកតូចៗ​រាប់រយគ្រឿង ដើម្បីលបដាក់គ្រឿងផ្ទុះក្នុងសមុទ្រវិញ។ ចារកម្ម​អាមេរិកវាយតម្លៃថា ការដាក់មីននេះមានសភាពយឺត និងមិនសូវមានប្រសិទ្ធភាព ប៉ុន្តែពួកគេព្រមានថា អ៊ីរ៉ង់កំពុងព្យាយាមព្រួសគ្រាប់មីន​ឲ្យ​បានលឿនជាងសមត្ថភាពដែលអាមេរិកអាចបោសសម្អាតទាន់ ដើម្បីធ្វើ​ឲ្យ​កប៉ាល់ដឹកប្រេងអន្តរជាតិមិនហ៊ានឆ្លងកាត់។

ភាពតានតឹងនេះបានកើតឡើងបន្ទាប់ពីមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានប្រកាសយ៉ាងដាច់អហង្ការថា អាវុធបិទច្រកសមុទ្រ Hormuz ត្រូវតែបន្តប្រើប្រាស់ ដើម្បីដាក់សម្ពាធលើពិភពលោក។ ទោះបីជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានចេញមុខបដិសេធរឿងដាក់មីននេះកាលពីថ្ងៃអង្គារក៏ដោយ ប៉ុន្តែជាក់ស្តែងមានកប៉ាល់ជាច្រើនគ្រឿងក្នុងតំបន់បានរងការវាយប្រហាររួចទៅហើយ ហើយអ៊ីរ៉ង់ខ្លួនឯងក៏បានចេញមុខទទួលខុសត្រូវលើការវាយប្រហារមួយចំនួនផងដែរ។

កងទ័ពអាមេរិកបានបើកការវាយប្រហារកម្ទេចនាវាដាក់មីនរបស់អ៊ីរ៉ង់អស់ចំនួន១៦គ្រឿង។ ចំណែកឯប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានផ្ញើសារព្រមានយ៉ាងធ្ងន់ៗទៅកាន់ទីក្រុងតេហេរ៉ង់ថា អ៊ីរ៉ង់នឹងត្រូវប្រឈមមុខនឹងវិបាកដ៏ធ្ងន់ធ្ងរបំផុត ប្រសិនបើហ៊ានធ្វើ​ឲ្យ​ស្ទះចរន្តប្រេងពិភពលោកមែននោះ។

បច្ចុប្បន្ន ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះប្រសិនបើច្រកសមុទ្រដ៏ចង្អៀតនេះត្រូវបានបិទជិត​ទាំង​ស្រុង​មែន នោះតម្លៃប្រេង និងហ្គាសទូទាំងសកលលោកនឹងហក់ឡើងដល់កម្រិតដែលមិនធ្លាប់មានពីមុនមក ដែលអាចបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដល់គ្រប់ប្រទេសទាំងអស់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម