Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​ច្រាន​ចោល​​​សំណើសុំចរចា​និង​បទឈប់​បាញ់​ដែល​អះអាងដោយ លោក ត្រាំ​

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាន​បញ្ជាក់​ជំហរ​ជាថ្មី​​កាលពីថ្ងៃអាទិត្យទី១៥មីនា​​ ថា ទីក្រុង​តេហេរ៉ង់មិនបានស្នើសុំបទឈប់បាញ់ ឬស្វែងរកការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងពេលសង្គ្រាមដែលកំពុងបន្តនៅ​លើ​ទឹកដី​របស់ខ្លួន​ ដែលផ្តើម​ដោយ​​​​អ៊ីស្រាអែល​និង​​​អាមេរិក​ នោះឡើយ ខណៈប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថា អ៊ីរ៉ង់ចង់បានបទឈប់បាញ់។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយដោយ CBS លោក Araghchi បាននិយាយថា៖​«យើងមិនឃើញមានហេតុផលណាមួយ ដើម្បីធ្វើការសន្ទនាជាមួយសហរដ្ឋអាមេរិក​នោះ​ទេ ពីព្រោះពួកគេបានសម្រេចចិត្តវាយប្រហារយើង ខណៈពេលដែលភាគីទាំងពីរកំពុងស្ថិតក្នុងដំណាក់​កាល​នៃការ​ចរចាគ្នា​។ ហេតុដូច្នេះ មិនមានបទពិសោធន៍ល្អក្នុងការនិយាយជាមួយអាមេរិកទេ»។

ការ​ថ្លែង​របស់ លោក Araghchi បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បាននិយាយថា អ៊ីរ៉ង់ចង់បានបទឈប់បាញ់។ ​លោក ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់បទឈប់បាញ់ជាមួយទីក្រុង​តេហេរ៉ង់ទេ ពីព្រោះ «លក្ខខណ្ឌបច្ចុប្បន្នមិនល្អគ្រប់គ្រាន់» ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតណាមួយឡើយ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបន្ថែមថា ប្រទេសខ្លួនត្រៀមខ្លួនរួចរាល់សម្រាប់ការសន្ទនាជាមួយប្រទេសដែលចង់ចរចាលើការអនុញ្ញាតឲ្យនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។ អ៊ីរ៉ង់ធ្លាប់បានអះអាងថា ខ្លួនគ្រប់គ្រងផ្លូវដឹកជញ្ជូនដ៏សំខាន់ ហើយកប៉ាល់ទាំងអស់របស់ «សត្រូវ» រួមទាំងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់​ពួកគេ​ នឹងមិនត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ឡើយ។

លោក Araghchi មានប្រសាសន៍ថា៖​«ខ្ញុំមិនអាចនិយាយ​ឈ្មោះប្រទេសជាក់លាក់ណាមួយបានទេ ប៉ុន្តែប្រទេសមួយចំនួនដែលចង់ឲ្យកប៉ាល់របស់ពួកគេធ្វើដំណើរដោយសុវត្ថិភាព សូមមករកយើង»។ ជាក់ស្ដែង ទីក្រុងតេហររ៉ង់នាបច្ចប្បន្ននេះ គ្រាន់តែការពារប្រជាជនរបស់ខ្លួននៅក្នុងជម្លោះមួយនេះតែប៉ុណ្ណោះ។

ដោយឡែក នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃដដែល ជាមួយទីភ្នាក់ងារសារព័ត៌មាន Al-Araby Al-Jadeed លោក Araghchi បាននិយាយថា ការប្រយុទ្ធគ្នានឹងបញ្ចប់លុះត្រាតែអ៊ីរ៉ង់ «ប្រាកដថា វានឹងមិនកើតឡើងម្តងទៀតទេ ហើយសំណងនឹងត្រូវបានបង់»។

នៅក្នុងនោះដែរ លោកក៏បានផ្ញើសារដ៏លំបាកមួយទៅកាន់ប្រទេសជិតខាងអារ៉ាប់ ដោយប្រកាសថា ទីក្រុងតេហេរ៉ង់មាន «ភស្តុតាងគ្រប់គ្រាន់» ដែលមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសទាំងនោះ កំពុងត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារអ៊ីរ៉ង់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម