Connect with us

កីឡា

ក្រុម​​ហ្វីលីពីន Manila Digger អាច​លើក​ពេល ២ ប្រកួត ត្រៀម​ប៉ះ ព្រះ​ខ័នរាជ​ស្វាយរៀង

បានផុស

នៅ

ក្រុម​ខ្លាំង​របស់​ប្រទេស​ហ្វីលីពីន Manila Digger ទំនង​ជា​លើក​ពេល ២ ប្រកួត​​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជា​មួយ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុង​ពាន​រង្វាន់​អាស៊ី AFC Challenge League នា​ខែ​មេសា ឆ្នាំ ២០២៦។

ក្រុម Manila Digger ពេល​ប្រកួត​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ទទួល​ក្រុម Manila Digger នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​​មរតក​តេជោ សម្រាប់​ការ​ប្រកួត​ជើង​ទី​១ និង​ជើង​ទី​២ ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​ហ្វីលីពីន នា​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ ២០២៦។

តាម​មើល​កាល​វិភាគ​ក្នុង​លីគ​កំពូល​ហ្វីលីពីន ក្រុម Manila Digger ត្រូវ​ប្រកួត​ជា​មួយ​ក្រុម Taquig នៅ​ថ្ងៃ​ទី​៨ ខែ​មេសា និង​ប្រកួត​ជា​មួយ​ក្រុម Stallions នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ដូច្នេះ​ពីរ​ប្រកួត​នេះ ពួក​គេ​ទំនង​ជា​លើក​ពេល។ ជា​ពិសេស ការ​ប្រកួត​ជា​មួយ Taquig នៅ​ថ្ងៃ​ទី​៨ ខែ​មេសា គឺ​ច្បាស់ ១០០ % ពួក​គេ​នឹង​ត្រូវ​លើក​ពេល ខណៈ ថ្ងៃ​ទី១១ ខែ​មេសា ជា​មួយ​ក្រុម Stallions ក៏​ទំនង​ជា​អាច​​លើក​ពេល​ដែរ​​ ពី​ព្រោះ​ពួក​គេ​ត្រូវ​ប្រកួត​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង ថ្ងៃ​ទី​៩ ខែ​មេសា ហើយមាន​ពេល​ខ្លី​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​​ហ្វីលីពីន ដើម្បី​ត្រៀម​ប្រកួត​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា សម្រាប់​ជើង​ទី​២។

ក្រុម ព្រះខ័ន​រាជ​ស្វាយរៀង

ក្រុម Manila Digger បាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ដែល​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​អាស៊ី AFC Challenge League បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​របស់​ឥណ្ឌូណេស៊ី Dewa United ទាំង​ពីរ​ជើង​ដោយ​លទ្ធផល ៣-២។

រហូត​ដល់​ពេល​នេះ ក្រុម Manila Digger កំពុង​ស្ថិត​នៅ​លេខ ៤ នៃ​លីគ​បាល់ទាត់​កំពូល​ហ្វីលីពីន បន្ទាប់​ពីឈ្នះ ៩ និង ស្មើ ៣ មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ ដោយ​មាន ៣០ ពិន្ទុ។ ពួក​គេ​ជា​ក្រុម​ដែល​ប្រកួត​បាន​តិច​ជាង​គេ​នៅ​ក្នុង​លីគ​រដូវ​កាល​នេះ​គឺ​ទើប​តែ​ ១២ ប្រកួត​ប៉ុណ្ណោះ ដោយសារ​ពួក​គេ​ត្រូវ​បាន​លើក​ពេល​ការ​ប្រកួត​ដើម្បី​ពាន​រង្វាន់​អន្តរជាតិ​ ខណៈ​ក្រុម​ខ្លះ​បាន​ប្រកួត​ ១៦ ទៅ ១៧ ប្រកួត​ហើយ។

កីឡាករ Kwame Peprah ប្រកួត​ជា​មួយកីឡាករ Manila Digger

ចំណែក​ក្រុម​ ព្រះខ័ន​រាជ​ស្វាយរៀង ក៏​មាន​ការ​មមាញឹក​ខ្លាំង​ទាំង​ពាន​រង្វាន់​ក្នុង​ស្រុក និង​អន្តរជាតិ។ ទោះ​បី​ជា​យ៉ាង​ណា នៅ​មិន​ទាន់​មាន​ការ​ប្រកួត​ណា​មួយ​ត្រូវ​បាន​លើក​ពេល​ឡើយ។ នៅ​ក្នុង​ដំណាក់​កាល​នេះ ក្រុម​តំណាង​កម្ពុជា​មួយ​នេះ​កំពុង​សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ជើង​ឯក ៣ ក្នុង​មួយ​រដូវ​កាល។

សូម​បញ្ជាក់​ថា ក្រុម Manila Digger និង ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​នៅ​ក្នុង​ពូល​ជា​មួយ​គ្នា ដែល​ធ្លាប់​បាន​ប្រកួត​គ្នា​ម្តង​ហើយ​គឺ​បញ្ចប់​ដោយ​លទ្ធផលស្មើ ២-២ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ ពេល​នេះ ពួក​គេ​ត្រូវ​ជួប​គ្នា​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែល​ត្រូវ​ធ្វើ​ដំណើរ​មក​ទឹក​ដី​កម្ពុជា​ម្តង​ទៀត៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម