Connect with us

សេដ្ឋកិច្ច

​ហាងឆេង​មាស​ដាំ​ក្បាល​ចុះ​ ២០០ ដុល្លារ​ ក្នុង​មួយ​តម្លឹង​

បានផុស

នៅ

តម្លៃ​ហាង​ឆេង​មាស​បាន​ដាំក្បាល​ចុះ​យ៉ាង​គំហុក​នៅព្រឹក​ថ្ងៃ​សុក្រ​នេះ​ប្រមាណ ​២០០ ដុល្លារ ដោយស្ថិតក្នុងតម្លៃ ៥៦០២ ដុល្លារ ​ក្នុង​មួយ​តម្លឹង​​ ដោយ​សារ​វិនិ​យោគិនធំៗ ​មួយ​ចំនួន​បាន​ដកប្រាក់​ទៅ​វិនិយោគ​លើ​តម្លៃប្រេង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​បានឱ្យ​ដឹង​ថា ​តម្លៃមាសធ្លាក់ចុះ ​ពាក់ព័ន្ធនឹងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ​ជុំវិញការរឹតត្បិតច្រកសមុទ្រហូមូស្ស ​ហើយ​មានការលក់ភាគហ៊ុនជាច្រើន ​ដើម្បីយកប្រាក់ដុល្លារ ​ហើយយកទៅវិនិយោគលើប្រេង។​

​លោក ឡុង ​សំណាង ​បញ្ជាក់ថា​៖ ​«ប្រសិនបើប្រេងនៅតែជាកត្តាចម្បង ​តម្លៃហាងឆេងមាស ​នឹង​បន្តធ្លាក់ចុះ​ទៀត ​ដោយ​សារអ្នកវិនិយោគ​ចាប់យក​ឱកាស​លើហាងឆេងប្រេង​ ប៉ុន្តែ​ក្នុង​ដំណាក់​កាល​មួយទៀត ​មាស​នឹង​ត្រឡប់​ហក់​ឡើង​ទៅវិញ​ដោយសារ​តែវិបត្តិសេដ្ឋកិច្ច​អត់ល្អ»។​

អ្នកជំនាញទីផ្សារអន្តរជាតិបាន​លើកឡើងថា កត្តាសំខាន់ដែលធ្វើឱ្យតម្លៃមាសដាំក្បាលចុះ​ប៉ុន្មានថ្ងៃចុងក្រោយ​នេះ គឺ​ពាក់ព័ន្ធនឹង​ការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed)។

រាប់តាំងពីសង្រ្គាមរបស់អ៊ីស្រាអែល និងអាមេរិក ប្រឆាំងអ៊ីរ៉ង់ផ្ទុះឡើង អ្នកវិនិយោគិន​ចាប់ផ្ដើមថយចុះក្ដីសង្ឃឹមថា Fed នឹង​កាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត ដោយសារតែសម្ពាធអតិផរណា ដែលបណ្ដាលមកពីវិបត្តិ​ប្រេង​នៅ​មជ្ឈិមបូព៌ា ដែលធ្វើឱ្យតម្លៃប្រេងសកលហក់ឡើង។

ដូចការព្យាករទុក Fed កាលពីថ្ងៃពុធ បាន​សម្រេចរក្សាទុកនូវអត្រាការប្រាក់គោលរបស់ខ្លួនដដែល (៣,៥-៣,៧៥%) ដោយលើកឡើងពី​​​​កំណើន​ភាពស្រពេចស្រពិលនៃសង្រ្គាមនៅមជ្ឈិមបូព៌ា។ ការសម្រេចនេះហើយ រួមចំណែកដល់ការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃមាសនៅថ្ងៃព្រហស្បតិ៍។

គិត​ត្រឹមម៉ោង ៨៖៣០ ព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ ​តម្លៃហាងឆេង​មាសអន្តរជាតិ​បានធ្លាក់ចុះ​ដល់ ​៤៦៥០​ ក្នុង​មួយអោន ​ស្មើនឹង ​៥៦០២ ដុល្លារ ​ក្នុង​មួយតម្លឹងនៅកម្ពុជា៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម