Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំប្រាប់អ៊ីស្រាអែលឲ្យ​ឈប់វាយប្រហារលើប្រភពថាមពលអ៊ីរ៉ង់ ខណៈវិបត្តិប្រេង​កាន់តែ​អាក្រក់​

បានផុស

នៅ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ នៅ​ថ្ងៃទី១៩មីនាថា លោកបានប្រាប់អ៊ីស្រាអែលកុំបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ខណៈការវាយប្រហារសងសឹក​វិញលើរោងចក្រថាមពល​ពីសំណាក់​អ៊ីរ៉ង់​បានធ្វើឲ្យតម្លៃថាមពលកើនឡើងយ៉ាងខ្លាំង និងធ្វើឲ្យសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ កាន់តែធ្ងន់ធ្ងរឡើងៗ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមភ្នាក់ងារ Reuters ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval របស់​ប្រធានាធិបតី​នៅសេតវិមាន លោកត្រាំ បាននិយាយថា លោក​បានស្នើសុំដោយផ្ទាល់ដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឲ្យបញ្ឈប់ការវាយប្រហារលើប្រភពថាមពលអ៊ីរ៉ង់ ដោយ​សង្ឃឹម​ថា ភាគី​អ៊ីស្រាអែល នឹងមិនធ្វើសកម្មភាពនេះម្តងទៀតទេ។

ការអត្ថាធិប្បាយរបស់លោកត្រាំ បានកើតឡើងនៅពេលដែល តម្លៃថាមពលបានកើនឡើងយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអ៊ីរ៉ង់បានឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើ​​​អណ្តូង​​ឧស្ម័នដ៏សំខាន់មួយ ដោយការវាយប្រហារ​​រោងចក្រ​ឧស្សាហកម្ម Ras Laffan ក្នុងប្រទេសកាតា ដែលជាប្រភពឧស្ម័នធម្មជាតិរាវទូទាំងពិភពលោក បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាមិញ នៅក្នុងបរិបទនៃហានិភ័យនៃវិបត្តិថាមពលសកលដែលកំពុងកើនឡើង ប្រទេសជាច្រើនដូចជាចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងជប៉ុន បានប្រកាសពីការត្រៀមខ្លួនរបស់ពួកគេ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពផ្លូវសមុទ្រនៅក្នុងច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រហែល ២០% នៃធនធានប្រេងរបស់ពិភពលោក។ ទោះជាយ៉ាងណា ប្រទេសទាំងនោះនៅតែមានការប្រុងប្រយ័ត្ន ដោយនិយាយថា ការចូលរួមអាចកើតឡើងបាន លុះត្រាតែជម្លោះបានបញ្ចប់ជាស្ថាពរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម