Connect with us

ព័ត៌មានអន្ដរជាតិ

Hegseth ជំរុញឲ្យ សម្ព័ន្ធមិត្តអាស៊ី បង្កើនការចំណាយ លើវិស័យការពារជាតិ ឈប់ពឹងអាមេរិកទៀត

បានផុស

នៅ

ស្របពេលស្ថានការណ៍ពិភពលោកកំពុងក្តៅ ឈានដល់កម្រិតគួរឲ្យខ្វល់ខ្វាយ, សហរដ្ឋអាមេរិក បានជំរុញឲ្យសម្ព័ន្ធមិត្តអាស៊ីទាំងអស់ ត្រូវបង្កើនការចំណាយ លើវិស័យការពារជាតិ ដើម្បីរក្សាសន្តិភាព និងស្ថិរភាព ឈប់ពឹងលើទីក្រុងវ៉ាស៊ីនតោន ទៀត។

រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក Pete Hegseth (រូប៖ Reuters)

ថ្លែងក្នុងវេទិកា Shangri-La នៅប្រទេសសិង្ហបុរី រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក Pete Hegseth អំពាវនាវឲ្យសម្ព័ន្ធមិត្តអាស៊ី បង្កើនការចំណាយលើវិស័យការពារជាតិ ឲ្យដល់ ៣.៥ %នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេ។

តាមសម្តីលោក Hegseth, អស់រយៈពេលជាយូរមកហើយ សន្តិសុខតំបន់នេះ ពឹងផ្អែកខ្លាំងពេកហើយ លើអំណាចយោធាអាមេរិក។ នេះជាបន្ទុកមួយ ដែលអាមេរិក មិនអាចលីសែង ម្នាក់ឯងបានទេ។

រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក Pete Hegseth (រូប៖ Reuters)

លោកបញ្ជាក់ថា យុគសម័យដែលអាមេរិក ចេញលុយឧបត្ថម្ភធនដល់ការការពារជាតិរបស់ប្រទេសអ្នកមាន គឺត្រូវបានបញ្ចប់ហើយ។ អាមេរិក ត្រូវការដៃគូ មិនមែនប្រទេសស្ថិតក្រោមអាណាព្យាបាលនោះទេ។ អាមេរិក ស្វែងរកសម្ព័ន្ធភាព ដែលបង្កើតឡើងនៅលើការទទួលខុសត្រូវរួមគ្នា មិនមែនលើការពឹងផ្អែកនោះឡើយ។

យោងតាមទិន្នន័យចុងក្រោយ ពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកខុល (SIPRI), ការចំណាយលើវិស័យការពារជាតិ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានកើនដល់ ៦៨១ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ដែលជាការកើនឡើង ៨.១ ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ហើយជានិន្នាការកើនឡើងខ្ពស់បំផុត បើគិតចាប់តាំងពីឆ្នាំ២០០៩ មក។

និន្នាការនេះ ត្រូវគេព្យាករថា នឹងបន្តកើនឡើងក្នុងឆ្នាំបន្ទាប់ៗទៀត ដោយសារតែ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការជំរុញឲ្យបង្កើន ការការពារខ្លួន ពីសំណាក់សម្ព័ន្ធមិត្តអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម