Connect with us

ចរាចរណ៍

សមត្ថកិច្ចកំពុងស៊ើបអង្កេតរកអ្នកបើកបរដើម្បីទទួលខុសត្រូវ លើករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវបណ្ដាលឲ្យក្មេងប្រុសម្នាក់របួសធ្ងន់

បានផុស

នៅ

មនុស្សប្រុសស្រីពីរនាក់ដែលនៅក្នុងរថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់កាលពីយប់ថ្ងៃទី១៨ ខែមីនា នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនយកមកសាកសួរ ហើយក៏កំពុងស៊ើបអង្កេតស្រាវជ្រាវតាមជំនាញបច្ចេកទេស ក្នុងគោលដៅសុក្រឹតភាពនៃការទទួលខុសត្រូវក្នុងនាមជាអ្នកបើកបរបង្កហេតុ។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី នារសៀលថ្ងៃទី២០មីនា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកនាំពាក្យ យោងតាមការបំភ្លឺរបស់ភាគីរថយន្តបង្កបានឆ្លើយចំពោះមុខសមត្ថកិច្ចឲ្យដឹងថា អ្នកបើកបររថយន្តបង្កជាស្រ្តី ដោយមុនពេលកើតហេតុ ស្រ្តីនោះបានបើករថយន្តចេញពីកន្លែងផឹកស៊ីជាមួយបុរសដែលរួមដំណើរ ចេញពីហាងមួយកន្លែងក្នុងខណ្ឌសែនសុខ។ តែទោះបីយ៉ាងណា ករណីនេះសមត្ថកិច្ចកំពុងបន្តអង្កេតស្រាវជ្រាវតាមជំនាញបច្ចេកទេស ក្នុងគោលដៅសុក្រឹតភាពនៃការទទួលខុសត្រូវក្នុងនាមជាអ្នកបើកបរបង្កហេតុ ដោយអនុលោមតាមនីតិវិធីកំណត់ក្នុងច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការឆាប់ៗនេះ ដើម្បីពិនិត្យសម្រេច។

គួររំលឹកថា ​កាលពី​វេលា​ម៉ោង​ប្រមាណ ៨និង៥០នាទី​យប់ ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ១៧១១ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឫស្សីកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដម៉ាក FORTHING ពាក់​ស្លាក​លេខ កម្ពុជា P.YEAN.7 បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់។ បើតាមការអះអាងពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ អ្នកបើករថយន្ដបង្កជាបុរសស្ថិតក្នុងស្ថានភាពស្រវឹង និងត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់អភិបាលស្រុកកងមាស ខេត្តកំពង់ចាម។

ក្រោយបង្កហេតុ បុរសដែលគេស្គាល់ថាជាកូនប្រុសចៅហ្វាយស្រុកផងនោះបានបោះពាក្យសម្ដីថា «បុក​ងាប់​សង​ប៉ុន្មាន?»ទើបធ្វើឲ្យប្រជាពលរដ្ឋនៅកន្លែងកើតហេតុផ្ទុះកំហឹងយ៉ាងខ្លាំងរហូតបង្កជាអំពើហិង្សាទៀតផង៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម