Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រមានពលរដ្ឋខ្លួននៅទូទាំងពិភពលោក ត្រូវប្រយ័ត្នឲ្យមែនទែន

បានផុស

នៅ

សហរដ្ឋអាមេរិក បានចេញការព្រមានដល់ពលរដ្ឋខ្លួននៅទូទាំងពិភពលោក ឲ្យប្រយ័ត្នខ្លួន ព្រោះតែសង្គ្រាមជាមួយអ៊ីរ៉ង់ កំពុងបញ្ឆេះកំហឹងដល់ក្រុមសកម្មប្រយុទ្ធ ឲ្យបើកការវាយប្រហារលើជនជាតិអាមេរិក នៅគ្រប់ទីកន្លែង។

(រូប៖ Reuters)

ក្រសួងការបរទេសបានបង្ហោះសេចក្តីប្រកាសលើបណ្តាញសង្គម X នៅថ្ងៃអាទិត្យទី២២ខែមីនាឆ្នាំ២០២៦ថា៖ «សូមជនជាតិអាមេរិក នៅទូទាំងពិភពលោកនិងជាពិសេសនៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ការបិទដែនអាកាស អាចរំខានដល់ការធ្វើដំណើរ។ មូលដ្ឋានការទូតរបស់សហរដ្ឋអាមេរិក រួមទាំងទីតាំងដែលស្ថិតនៅក្រៅតំបន់មជ្ឈិមបូព៌ា ក៏ក្លាយជាគោលដៅវាយប្រហារផងដែរ»។

សេចក្តីប្រកាសដដែលបន្តថា៖ «ក្រុមដែលគាំទ្រអ៊ីរ៉ង់ អាចនឹងកំណត់គោលដៅលើផលប្រយោជន៍ផ្សេងទៀតរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេស ឬទីតាំងនានាដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និង/ឬ ជនជាតិអាមេរិកនៅទូទាំងពិភពលោកតែ»។

ការព្រមាននេះ កើតឡើងបន្ទាប់ពីអ្នកនាំពាក្យយោធាអ៊ីរ៉ង់ Abolfazl Shekarchi គំរាមកាលពីថ្ងៃសុក្រថា ក្រុមភេរវករតេហេរ៉ង់ នឹងចាប់ផ្ដើមវាយប្រហារលើ «ឋានសួគ៌ទេសចរណ៍ដ៏ពេញនិយមនានា» ព្រោះតែអាមេរិកនិងអ៊ីស្រាអែល នៅតែបន្តវាយប្រហារប្រឆាំងអ៊ីរ៉ង់។

(រូប៖ Reuters)

ស្ថានភាពនេះធ្វើឲ្យពិភពលោកទាំងមូលស្ថិតក្នុងភាពភ័យខ្លាច ព្រោះសង្រ្គាមលែងកំណត់ត្រឹមតែសមរភូមិជួរមុខទៀតហើយ ពោលគឺវាបានក្លាយជា «សង្រ្គាមអសន្តិសុខសកល» ដែលប៉ះពាល់ដល់ជនស៊ីវិលនិងភ្ញៀវទេសចរនៅគ្រប់ទីកន្លែង។

នេះគឺជាកំហឹងរបស់អ៊ីរ៉ង់ បន្ទាប់ពីការអាមេរិកចាប់ដៃអ៊ីស្រាអែល ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់កាលពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៦ ដោយធ្វើឲ្យអ៊ីរ៉ង់ខូចខាតយ៉ាងធ្ងន់ធ្ងរ។ 

ជាពិសេសការសម្លាប់មេដឹកនាំអ៊ីរ៉ង់គ្រប់ជាន់ថ្នាក់ជាបន្តបន្ទាប់ ដែលចំណុចនេះធ្វើឲ្យក្រុមសកម្មប្រយុទ្ធដែលនៅសេសសល់ កាន់តែមានកំហឹងឆេះឈួលចង់សងសឹក៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម