Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងរណសិរ្សប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា កម្ពុជានិងវៀតណាមប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងរណសិរ្សកម្ពុជា និងរណសិរ្សខេត្តឡាវកាយវៀតណាមឲ្យកាន់តែស៊ីជម្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ កាលពីរាត្រីថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ មានជំនួបរវាង លោកស្រី ហ្សាង ធិហ្សុង (Gian Thi Dung) លេខាធិការរងបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តឡាវកាយ នៅទីស្នាក់ការបក្សខេត្តឡាវកាយ។

លោកស្រី ហ្សាង ធិហ្សុង (Gian Thi Dung) ក៏បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទីតាំងភូមិសាស្ត្ររបស់ខេត្តឡាវកាយ ក្រោយពីការច្របាច់បញ្ចូលគ្នារវាងខេត្តឡាវកាយ និងខេត្តអៀនបាយ ក្លាយទៅជាខេត្តឡាវកាយថ្មីដែលមានព្រំប្រទល់ជាប់នឹងប្រទេសចិន។ ទន្ទឹមនឹងនោះផងដែរ លោកស្រី បានបន្តទៀតថា សម្រាប់ខេត្តឡាវកាយ មានសក្តានុពលចម្បងលើផ្នែកសិកម្ម និងទេសចរណ៍ ដែលកាលពីឆ្នាំ២០២៥ ខេត្តអាចទាក់ទាញបានទេសចររហូតដល់ ១០លាននាក់ ដែលបានជួយដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តផងដែរ។

ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៤ នៃបក្សកុម្មុនីស្តវៀតណាម និងជោគជ័យនៃការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

សម្តេចកិត្តិសង្គហបណ្ឌិត មានជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់ ថ្នាក់ដឹកនាំខេត្ត និងការណែនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមាន លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ខេត្តឡាវកាយ នឹងបន្តធ្វើដំណើរយ៉ាងស្វាហាប់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកាន់តែល្អប្រសើរពីមួយកម្រិតទៅមួយកម្រិតទៀតបានយ៉ាងឆាប់រហ័ស។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីចំណងសាមគ្គីភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរណសិរ្សនៃប្រទេសទាំងពីរ តាមរយៈការផ្សព្វផ្សាយ និងការបំផុសគំនិតដល់យុវជនជំនាន់ក្រោយ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម