Connect with us

ព័ត៌មានជាតិ

បទ​ល្មើស​ព្រហ្មទណ្ឌ​ថ្មី​ចំនួន​៥​ត្រូវ​បាន​បង្កើត​តាម​ច្បាប់​ប្រឆាំង​ការ​ឆបោក​បច្ចេកវិទ្យា

បានផុស

នៅ

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​បច្ចេកវិទ្យា​ ត្រូវ​បាន​សមាជិក​សភា​កម្ពុជា​អនុម័ត​ក្នុង​សំឡេង​១១២​សំឡេង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៦​នេះ​។ តាម​សេចក្ដី​ព្រាង​ច្បាប់​នេះ​ បទ​ល្មើស​ព្រហ្មទណ្ឌ​ចំនួន​៥​ថ្មី​​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទ​ល្មើស​ថ្មី​ទាំង​៥​នេះ​រួម​មាន​ ១. បទ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ២. បទរៀបចំ​ឬ​ដឹក​នាំ​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ៣. បទ​ជ្រើសរើស​ឬ​បណ្ដុះ​បណ្ដាល​អ្នក​ដទៃ​ឱ្យ​ចូលរួម​ប្រព្រឹត្តិ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ៤. បទ​ប្រមូល​ក្នុង​ចេតនា​ទុច្ចរិត​នូវ​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ ឬ​ឯកសារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​នានា​របស់​អ្នក​ដទៃ​ និង​៥. ការ​បង្កើត​ទម្រង់​ពិសេស​នៃ​បទ​ល្មើស​សម្អាត​ប្រាក់​។

បទ​ល្មើស​ទាំង​នេះ​បើ​យើង​មើល​ទៅ​ជនល្មើស​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​​ខ្ពស់​បំផុត​ដល់​១​ជីវិត​ និង​ពិន័យ​ជា​ប្រាក់​ដល់​ទៅ​១០០០លានរៀល​ ថែម​ទាំង​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ជន​ល្មើស​ផងដែរ​។

រដ្ឋមន្ត្រី​យុត្តិធម៌​ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បាន​ឡើង​ថ្លែង​ការពារ​ច្បាប់​នៅ​សភា​ព្រឹក​នេះ​ផង​ដែរ​ ដោយ​ថា​នេះ​ជា​ការ​ឈាន​មុខ​គេ​របស់​កម្ពុជា​ក្នុង​ពិភពលោក ដើម្បី​ពង្រឹង​នូវ​ប្រសិទ្ធភាព​ប្រឆាំង​ការ​ឆបោក​ និង​បង្ហាញ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ផងដែរ​។


សេចក្ដី​ព្រាង​ច្បាប់​នេះ​ ត្រូវបាន​បង្កើត​ឡើង​ដោយ​ផ្អែក​តាម​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ជា​ពិសេស​ អនុសញ្ញា​សហប្រជាជាតិ​ស្ដីពី​ការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ដែល​មាន​អង្គ​ចាត់​តាំង​ និង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ព្រមទាំង​ច្បាប់​នៃ​បណ្ដា​ប្រទេស​មូយ​ចំនួន​ផងដែរ​។

សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​ការ​ឆបោក​បច្ចេកវិទ្យា​នេះ​មាន​៥ជំពូក និង​២៤​មាត្រា ដែល​ត្រូវ​បាន​សម្រេច​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា និង​ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​សម្រេច​ដាក់​ប្រជុំ​ពេញ​អង្គ​កាល​ពី​ចុង​សប្ដាហ៍​មុន​។ បន្ទាប់​ពី​សភា​អនុម័ត​ សេចក្ដីព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ពិភាក្សា​នៅ​ព្រឹទ្ធសភា​មួយ​ដំណាកកាល​ទៀត​មុន​ដឹក​ថ្វាយ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម