ព័ត៌មានជាតិ
កម្ពុជា-វៀតណាម ប្តេជ្ញាបន្តពូនជ្រំទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធនាំមកនូវផលប្រយោជន៍ទ្វេភាគី
កម្ពុជា-វៀតណាម តាមរយៈមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេស បានអះអាងជាថ្មីពីការបន្តពូនជ្រំទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ដោយបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវផលប្រយោជន៍ទ្វេភាគី។
ការបញ្ជាក់ជំហរជាថ្មីធ្វើឡើងនៅក្នុងជំនួបកិច្ចពិភាក្សារវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ង្វៀន មាញ់គឿង អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបបានឱ្យដឹងថា ក្នុងឱកាសនោះលោក ប្រាក់ សុខុន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ង្វៀន មាញ់គឿង ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏សកម្មរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
ក្រសួងការបរទេសបញ្ជាក់ថា៖«ជាមួយនឹងការកត់សម្គាល់ពីសន្ទុះវិជ្ជមាននៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យសំខាន់ៗមួយចំនួនរួមមាន ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ ការតភ្ជាប់ ការផ្លាស់ប្តូររវាងប្រជាជន និង ប្រជាជន និងការអភិវឌ្ឍធនធានមនុស្ស ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះសំដៅនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ»។
ភាគីកម្ពុជា ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរក្សាបាននូវការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាគ្រប់ជាន់ថ្នាក់ដើម្បីបន្តពង្រឹងចំណងមិត្តភាពរឹងមាំដូចដែលបានសបញ្ជាក់តាមរយៈទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅចំពោះរដ្ឋាភិបាលវៀតណាម អំពីជោគជ័យ នៃការរៀបចំការបោះឆ្នោតសកលកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។
ដោយកម្ពុជា និងវៀតណាមនឹងប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ នេះ លោក ង្វៀន មាញ់គ្រឿង បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីរួមគ្នារៀបចំសកម្មភាពប្រកបដោយអត្ថន័យឱ្យបានច្រើនសម្រាប់អបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នេះ។ ក្នុងឱកាសកិច្ចពិភាក្សានេះ លោក ប្រាក់ សុខុន ក៏បានធ្វើបច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។

គួរជម្រាបថា អំឡុង ៥៩ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេសចាប់ពីក្រោយប្រទេសកម្ពុជា បង្កើតព្រះរាជាណាច្រកទី២ឡើងវិញ ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី កសាងបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងបង្កើតបានជាសម្ទុះជំរុញឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងកម្ពុជា និងវៀតណាម ឱ្យឡើងឈានដល់កម្រិតកំពូលថ្មីមួយដែលធានាបានស្ថិរភាពយូរអង្វែង នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បើទោះបីជាស្ថានភាពនយោបាយនៅក្នុងតំបន់ និងនៅលើពិភពលោក កំពុងតែមានការវិវត្តមិនប្រក្រតី ដោយកត្តាប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្តី។
កម្ពុជា-វៀតណាម បានបន្តបង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ចការទូតរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជាប្រចាំ ហើយក្នុងជំនួបកំពូលរវាងប្រមុខដឹកនាំប្រទេសទាំងពីរ ភាគីទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ ជាប្រពៃណីរវាងបក្ស និងរដ្ឋ នៃប្រទេសទាំងពីរ។
គួរកត់សម្គាល់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០០០ ភាគីទាំងពីរ បានចេញសេចក្តីថ្លែងការណ៍ កំណត់គោលការណ៍អាទិភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការអប់រំ-បណ្តុះបណ្តាល វប្បធម៌ សុខាភិបាល ពង្រីកសកម្មភាពផ្លាស់ប្តូរមិត្តភាព វប្បធម៌ កីឡា និងជួយគ្នាទៅវិញទៅមក៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


