Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី និងមន្ត្រីបក្សកុម្មុយនីស្តវៀតណាម បញ្ជាក់ពីចំណងដ៏រឹងមាំកម្ពុជា-វៀតណាម ហើយប្ដេជ្ញាពង្រឹងបន្ថែម

បានផុស

នៅ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម លោក ត្រិន កឹមទូ បានអះអាងពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម ដែលប្រទេសទាំងពីរបានចងភ្ជាប់ចំណងមិត្តភាពដ៏យូរអង្វែង និងមិត្តភាពជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងដ៏ស្អិតរមួត។ ភាគីទាំងពីរ បានបញ្ជាក់ពីការប្ដេជ្ញាចិត្ត ដើម្បីពង្រឹងពង្រីកចំណងទ្វេភាគីនេះបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅឯវិមានសន្តិភាព ភាគីទាំងពីរ បានពិភាក្សា​ និងផ្លាស់ប្ដូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមានវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្ដិសុខ និងការពារជាតិ អប់រំ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាពិសេសរវាងយុវជន និងយុវជននៃប្រទេសទាំងពីរ។

លោក ត្រិន កឹមទូ បានសម្តែងការពេញចិត្ត​ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលកំពុងឈានចូលដល់ដំណាក់កាលថ្មី។ ទន្ទឹមគ្នានេះ លោកបង្ហាញជំនឿថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី កម្ពុជានឹងបន្តសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ដូចគ្នានេះចំពោះភាព​រីកចម្រើន​នៃទំនាក់​ទំនង​ និងកិច្ច​សហប្រតិបត្តិការ​ដ៏ល្អ​រវាង​ប្រទេសទាំងពីរ​ និងបាន​បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តបន្តពង្រឹងពង្រីកទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ឆ្លៀតក្នុងជំនួបនោះ សម្ដេចធិបតី បានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនីស្ដវៀតណាម ព្រមទាំងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ​ថ្មីវៀតណាម​នាពេលថ្មីៗនេះ។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ច និងសមិទ្ធផលធំៗដែលបក្ស និងរដ្ឋវៀតណាមសម្រេចបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម