Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ ប្រាប់ថា នឹង​ «ឆៀង​ចូលលេង» ​គុយបា ក្រោយចប់សង្គ្រាមនៅអ៊ីរ៉ង់

បានផុស

នៅ

ថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឲ្យ​ពិភពលោកមានការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីលោកបានលើកឡើងថា សហរដ្ឋអាមេរិកអាចនឹង «ឆៀង​ចូល​លេង» ប្រទេសគុយបា បន្ទាប់ពីបញ្ចប់សង្គ្រាមដែលកំពុងកើតឡើងនៅអ៊ីរ៉ង់។ នេះ​បើ​យោង​ Kyiv Post ចុះផ្សាយ​ថ្ងៃទី​១៤​ខែមេសា​ឆ្នាំ​២០២៦។

(រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកត្រាំ បានបង្ក​ឲ្យ​មានក្តីកង្វល់យ៉ាងខ្លាំងថា សម្ពាធយោធារបស់សហរដ្ឋអាមេរិកអាចនឹងពង្រីកវិសាលភាពលើសពីតំបន់មជ្ឈិមបូព៌ា ទៅដល់តំបន់អាមេរិកឡាទីន។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅការិយាល័យរាងពងក្រពើ លោកត្រាំ បានរិះគន់គុយបាថាជា «ប្រទេសដែលកំពុងបរាជ័យ» និងបានលើកឡើងថា ប្រទេសនេះត្រូវបានដឹកនាំយ៉ាងអាក្រក់អស់រយៈពេលជាច្រើនឆ្នាំក្រោមការគ្រប់គ្រងរបស់មេដឹកនាំកុម្មុយនិស្តដ៏យូរលង់គឺលោក Fidel Castro។ លើសពីនេះ លោកបានអះអាងថា ពលរដ្ឋអាមេរិកាំងដើមកំណើតគុយបាជាច្រើនបានរងទុក្ខវេទនា ដោយលោកចោទប្រកាន់ថា ពួកគេខ្លះមានសាច់ញាតិដែលត្រូវបានសម្លាប់ ឬធ្វើទារុណកម្មនៅទីនោះ។ យ៉ាង​ណាមិញ លោកត្រាំ មិនបានពន្យល់លម្អិតទេថា តើលោកមានន័យយ៉ាងណាឲ្យ​ប្រាកដចំពោះពាក្យថា «ឆៀង​ចូល​លេង» ​គុយបា ដែលធ្វើឲ្យ​មជ្ឈដ្ឋានទូទៅមានការមន្ទិលសង្ស័យថា តើនេះជាការគំរាមកំហែងដោយប្រើកម្លាំងយោធា ឬក៏យ៉ាងណា។

ឆ្លើយតបទៅនឹងសម្តីនេះ ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍មួយ លោកបានព្រមានអាមេរិកកុំឲ្យ​មានការគិតគូរណាមួយឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាដោយផ្ទាល់។ លោក Díaz-Cane បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានហេតុផលណាមួយដែលសមស្របសម្រាប់ឲ្យ​អាមេរិកបើកការវាយប្រហារ ឬព្យាយាមដកមេដឹកនាំគុយបានោះទេ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើមានសកម្មភាពឈ្លានពានកើតឡើង ប្រទេសគុយបានឹងធ្វើការតស៊ូ និងការពារខ្លួនយ៉ាងដាច់ខាត។ លោកថែមទាំងបានអះអាងថា លោកមិនមានការភ័យខ្លាចអ្វីឡើយ ហើយត្រៀមខ្លួនរួចជាស្រេចបូជាជីវិតដើម្បីបដិវត្តន៍របស់ខ្លួន។

ភាពតានតឹងនេះបានកើតឡើងក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងជាប់ផុងក្នុងជម្លោះជាមួយអ៊ីរ៉ង់ ហើយលោកត្រាំ ក៏បានបញ្ជាឲ្យ​កងទ័ពជើងទឹករបស់ខ្លួនបិទផ្លូវនាវាចរណ៍ទាំងអស់ដែលព្យាយាមចេញ ឬចូលតាមច្រកសមុទ្រហ័រមូសផងដែរ។ ការកើនឡើងនៃភាពតានតឹងជុំវិញពិភពលោកនេះ បានធ្វើឲ្យបណ្តាប្រទេសក្នុងតំបន់អាមេរិកឡាទីនមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលរដ្ឋាភិបាលជាច្រើននៅក្នុងតំបន់នេះបានប្រឆាំងនឹងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គុយបាជាយូរមកហើយ។ ចំពោះប្រជាជនគុយបាជិត​១១លាននាក់ ការណ៍នេះមិនមែនជារឿងធម្មតាឡើយ វាគឺជាការប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្ររាប់ទសវត្សរ៍ក្រោយបដិវត្តន៍ឆ្នាំ១៩៥៩ ដោយត្រូវរងសម្ពាធទាំងវិបត្តិសេដ្ឋកិច្ច ការធ្វើចំណាកស្រុក និងហានិភ័យនៃសង្គ្រាមដោយផ្ទាល់ជាមួយមហាអំណាចអាមេរិក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម