ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ៖ ការចេះភាសាចិន គឺជាឧត្តមភាពប្រកួតប្រជែងដ៏សំខាន់សម្រាប់យុវជនកម្ពុជាក្នុងការចាប់យកឱកាសការងារ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីសារៈសំខាន់នៃភាសាចិន ដែលជាស្ពានក្នុងការពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។ សម្រាប់យុវជនកម្ពុជា លោកថា ការចេះភាសាចិន គឺជាឧត្តមភាពប្រកួតប្រជែងដ៏សំខាន់ ក្នុងការចាប់យកកាលានុវត្តភាពការងារ និងការធ្វើធុរកិច្ចក្នុងសតវត្សទី២១។ នេះ បើតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ។

តាមប្រភពដដែល ការលើកឡើងរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ធ្វើឡើងនារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសរដ្ឋមន្ត្រីក្រសួងអប់រំ និង លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុង ពិធីអបអរសាទរ ទិវាភាសាចិនអន្តរជាតិ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្រសួងបញ្ជាក់ថា ទិវានេះ គឺជាកម្មវិធីដែលគាំទ្រដោយស្ថានទូតចិនប្រចាំកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ ផ្លាស់ប្ដូរភាសាចិន-បរទេសនៃក្រសួងអប់រំចិន គឺជាវេទិកាដ៏សំខាន់មួយដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់យុវជនក្នុងការសិក្សាភាសាចិន លើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា និងពន្លាតការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន។

ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា៖ “ចំណេះដឹងផ្នែកភាសានេះ មិនត្រឹមតែជួយដល់ការអភិវឌ្ឍបុគ្គលប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្នុងការក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ព្រមទាំងបន្តថែរក្សាចំណងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត”។
ជាមួយគ្នានេះ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលមានប្រវត្តិសាស្ត្រយ៉ាងយូរអង្វែង និងកំពុងឈានទៅមុខយ៉ាងរឹងមាំ តាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីឆ្ពោះទៅរកការកសាងអនាគតរួមគ្នាមួយដ៏ត្រចះត្រចង់។ លោកថា៖ “ភាសាចិន គឺជាស្ពានសម្រាប់ទំនាក់ទំនង និងជាចំណងវប្បធម៌នៃមិត្តភាពដែលអនុញ្ញាតឱ្យអ្នកសិក្សាអាចស្វែងយល់ពីអរិយធម៌ចិន ក៏ដូចជាបើកកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនឱ្យកាន់តែស៊ីជម្រៅ”។

ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញមោទនភាពចំពោះវឌ្ឍនភាពនៃមិត្តភាពរវាងប្រទេសទាំងពីរ ដែលបានដាក់បញ្ចូលភាសាចិនទៅក្នុងប្រព័ន្ធអប់រំជាតិរបស់កម្ពុជា។ លោក វ៉ាង វិនពីន បានប្ដេជ្ញាចិត្តបន្តបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជនកម្ពុជាក្នុងការរៀនសូត្រ ដើម្បីបន្តរក្សាមិត្តភាពនេះឱ្យកាន់តែរីកសុសសាយ។
បន្ថែមពីនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានបន្តគាំទ្រដល់ការអភិវឌ្ឍ នៅកម្ពុជានាពេលកន្លងមក និងថ្លែងអំណរគុណចំពោះដៃគូអប់រំ បុគ្គលិកអប់រំ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកលើកកម្ពស់ការអប់រំ និងជាពិសេសការអប់រំភាសាចិននៅកម្ពុជា ព្រមទាំងលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ចាប់យកឱកាសនេះដើម្បីសិក្សារៀនសូត្រ ផ្លាស់ប្ដូរបទពិសោធ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត៕






-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


