Connect with us

វប្បធម៌ ជំនឿ

ទឹកដីអង្គរ មិនត្រឹមជាតំបន់បេតិកភណ្ឌទេ តែជាកន្លែងដែលដួងព្រលឹងវប្បធម៌ខ្មែរ បន្តរស់រវើក

បានផុស

នៅ

ទោះបីសង្គមកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័សទៅរកភាពទំនើប នៃបច្ចេកវិទ្យាក៏ដោយ តំបន់អង្គរ នៅតែជាគន្លងសំខាន់មួយដែលបន្តរក្សា “ព្រលឹងវប្បធម៌” របស់ជាតិឱ្យរស់រវើក។ ជាក់ស្តែង ទំនៀមទម្លាប់បុរាណខ្មែរ មិនបានរលាយបាត់ទៅតាមពេលវេលាទេ ប៉ុន្តែត្រូវបានសហគមន៍មូលដ្ឋានអភិរក្ស និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងជីវភាពប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលគួរឱ្យកត់សម្គាល់ ក្នុងចំណោមប្រពៃណីដែលបន្តមានឥទ្ធិពលខ្លាំង ដែលក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរា តែងបង្ហាញជារឿយៗ រួមមាន ពិធីកោរជុក, ពិធីកាត់សក់បង្កក់ឆ្មប, ពិធីប្លុងក្រឡាន, ពិធីឡើងអ្នកតា ឬឡើងមាឃ និង ប្រពៃណីបណ្តែតប្រទីប ជាដើម។ល។


១. «ពិធីកាត់សក់បង្កក់ឆ្មប» ត្រូវបានគេចាត់ទុកថាជាពិធីដំបូងនៃជីវិតមនុស្ស។ ទោះបីស្ត្រីសម័យថ្មីជ្រើសរើសសម្រាលកូននៅមន្ទីរពេទ្យ ដើម្បីសុវត្ថិភាពសុខភាពក៏ដោយ ក៏ពិធីនេះនៅតែត្រូវបានរៀបចំ ដើម្បីសុំសេចក្តីសុខ សិរីមង្គល និងបន្តជំនឿបុរាណពីបុព្វបុរស។

២. «ពិធីកោរជុក» ជាពិធីឆ្លងវ័យក្មេងស្រីប្រុស និងជាទំនៀមទម្លាប់របស់ខ្មែរដែលមានវ័យចំណាស់មួយ ដែលនរវិទូបានយល់ថា ប្រហែលមានកំណើតតាំងពីសម័យអង្គរមក។ ការប្រារព្ធពិធីនេះស្ទើរតែពេញទម្រង់ គឺឃើញនៅបន្តមានសម្រាប់អ្នកស្រុកអង្គរ។ ទោះបីមានការថយចុះ ក៏ពិធីនេះនៅតែមានតម្លៃជាការបង្ហាញពីដំណាក់កាលសំខាន់ក្នុងជីវិត និងការបញ្ចូលខ្លួនជាសមាជិកពេញវ័យក្នុងសង្គម។

៣. «ពិធីប្លុងក្រឡាន» ជា​រៀងរាល់ឆ្នាំ​ឱ្យតែ​ដល់​ថ្ងៃ​ពេញ​បូ​ណ៌ ខែបុស្ស អ្នកភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ស្ទើរ​គ្រប់​ផ្ទះ​តែង​នាំគ្នា​ដុត​ក្រឡាន វេច​នំអន្សម​ផ្អាវ អន្សម​ក្បុង ដើម្បី​យកទៅ​ចូលរួម​ក្នុង​ពិធី​ប្លុង​ក្រឡាន​នាពេល​យប់ នៅ​សាលាឆទាន​ឬ​វត្ត​អារាម​។​

បើតាមអាជ្ញាធរជាតិអប្សរា ពិធី​ប្លុង​ក្រឡាន មានន័យថា ពិធីបុណ្យ​ដែល​គេ​យក​ក្រឡាន​ទៅ​ប្លុង​ឬ​ទុកចោល ក្នុង​គោលបំណង​ឲ្យ​ព្រះសង្ឃ​ទៅ​ទស់​យក ដើម្បី​ឱ្យបាន​បុណ្យ​កុសល​ឧទ្ទិស​ដល់​ញាតិ​កា​ដែល​ស្លាប់​ទៅហើយ​។ ពិធីនេះមិនត្រឹមជាការធ្វើបុណ្យឧទ្ទិសទេ ប៉ុន្តែជាការបង្ហាញពីវប្បធម៌ចែករំលែក និងការភ្ជាប់ជាមួយរដូវកាលកសិកម្ម បន្ទាប់ពីការប្រមូលផល។ ការយកក្រឡានទៅប្លុង ដើម្បីឱ្យព្រះសង្ឃយកទៅប្រើប្រាស់ គឺជារូបិយនៃការធ្វើទាន និងការបន្តគំនិតសាមគ្គីក្នុងសហគមន៍។

៤. «ពិធីឡើងអ្នកតា ឬឡើងមាឃ» ជាប្រពៃណីទំនៀមទម្លាប់ដ៏យូរលង់មកហើយ របស់អ្នករស់នៅជុំវិញតំបន់អង្គរក្នុងខេត្តសៀមរាប។ អ្នកស្រុកតែងនាំគ្នាប្រារព្ធពិធីនេះក្នុងគោលបំណងសុំសេចក្តីសុខសប្បាយ សុំឱ្យមានទឹកភ្លៀងគ្រប់គ្រាន់ ក្នុងការធ្វើកសិកម្មឆ្នាំក្រោយ សុំឱ្យដីមានជីវជាតិទទួលបានភោគផលច្រើន ឱ្យសត្វចៀសផុតពីជំងឺ ជាពិសេសគឺបង្ហាញពីការបិទបញ្ចប់រដូវធ្វើកសិកម្មកាលពីឆ្នាំមុន។

រៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃ៣កើតខែមាឃ រហូតដល់ខែផល្គុន (ខែកុម្ភៈ-មីនា) អ្នកស្រុកក្នុងតំបន់អង្គរតែងនាំគ្នាប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេង ទៅតាមលទ្ធភាពដែលពួកគេមាន មិនដែលខកខានឆ្នាំណាឡើយ។

៥. ប្រពៃណីបណ្តែតប្រទីប ប្រពៃណីបណ្តែតប្រទីបនៅវត្តអារញ្ញសាគរ ខេត្តសៀមរាប ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ បន្ទាប់ពីចេញព្រះវស្សា១ថ្ងៃ ដោយមានការចូលរួមយ៉ាងច្រើនពីព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងតំបន់។ ពិធីនេះមានគោលបំណងសុំខមាទោស និងស្មាលាបាបកម្មចំពោះធាតុធម្មជាតិ ដូចជា ព្រះគង្គា ព្រះពាយ ព្រះធរណី និងព្រះពៃស្រពណ៍។

កម្មវិធីរួមមាន ពិធីក្រុងពាលី បួងសួង ដង្ហែប្រទីប និងបណ្តែតប្រទីបលើទឹក ដោយមានការតុបតែងស្រស់ស្អាត និងការសម្តែងភ្លេងប្រពៃណី។ ពិធីនេះជាមរតកវប្បធម៌សំខាន់ ដែលបង្ហាញពីជំនឿ និងជីវភាពរបស់អ្នកស្រុកអង្គរ ហើយមានតម្លៃទាំងផ្នែកអភិរក្សវប្បធម៌ និងទាក់ទាញទេសចរណ៍។

ការបន្តរស់រវើកនៃទំនៀមទម្លាប់ទាំងនេះ គឺជាភស្តុតាងច្បាស់លាស់នៃភាពរឹងមាំនៃអត្តសញ្ញាណជាតិ។ ជាមួយនឹងការគាំទ្រពីអាជ្ញាធរជាតិអប្សរា និងការចូលរួមយ៉ាងសកម្មពីសហគមន៍មូលដ្ឋាន ទំនៀមទម្លាប់បុរាណខ្មែរនៅតំបន់អង្គរ កំពុងបន្តដើរតួនាទីជាសសរស្តម្ភសម្រាប់ការអភិវឌ្ឍវប្បធម៌ក្នុងអនាគត។

ជារួម ទឹកដីប្រវត្តិសាស្ត្រមួយនេះ មិនមែនត្រឹមតែជាមូលដ្ឋាននៃស្ថាបត្យកម្មបុរាណដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងដែលដួងព្រឹលឹងវប្បធម៌ខ្មែរ “បន្តជាមរតករស់” ក្នុងសង្គមសម័យថ្មី និងជាសក្ខីភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម