Connect with us

វប្បធម៌ ជំនឿ

គុណប្រយោជន៍របស់ស្លឹកម្លូ និងប្រវត្តិ ម្លូ ស្លា កំបោរ ដែលនិយមប្រើក្នុងពិធីបុណ្យផ្សេងៗ​តាំងពីដូនតា

បានផុស

នៅ

ស្លឹកម្លូគឺជាប្រភេទរុក្ខជាតិម្យ៉ាង ដែលជាតម្រូវការចាំបាច់ ដោយខ្វះមិនបាន សម្រាប់ប្រើប្រាស់ក្នុងពិធីផ្សេងៗដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរតាំងពីដូនតារៀងមក ហើយម្យ៉ាងទៀតវាក៏ជាឱសថបុរាណ ក្រៅពីលោកតា លោកយាយ ទទួលទាន។ ដោយបច្ចុប្បន្នគេសង្កេតឃើញថា ពពួកដើមម្លូនេះកម្រមានអ្នកដាំបន្តណាស់ដូច្នេះស្ទើរតែផុតពូជទៅហើយ សម្រាប់អ្នករស់នៅតាមបណ្ដាខេត្តនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីចង់ដឹងគុណប្រយោជន៍ របស់ស្លឹកម្លូ និងចង់ដឹងអំពីប្រវត្តិរបស់ ម្លូ ស្លា កំបោរ ដែលមានការដំណើរតៗគ្នាតាំងពីយូរលង់ណាស់មកហើយនោះ កម្ពុជាថ្មី បានព្យាយាមស្កាត់ជួបលោកចៅមហាមួយរូបដែលមានឈ្មោះ ហ៊ាន សាវ៉ន និងអ្នកស្រី រី មុំ ដែលលោកធ្លាប់ធ្វើជាចៅមហានៅក្នុងពិធីមង្គលការរាប់សិបឆ្នាំមកហើយ ដោយបច្ចុប្បន្នលោករស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីឱ្យលោកលាតត្រដាងអំពីគុណប្រយោជន៍ នៃស្លឹកម្លូ ដែលជាតម្រូវការចាំបាច់ដោយខ្វះមិនបាន។

លោកចៅមហា ហ៊ាន សាវ៉ន បានរៀបរាប់ថា ចំពោះស្លឹកម្លូបើគេរៀបតាមលំដាប់ដើម្បីយកទៅលក់ គឺគេត្រូវរៀបជាស្របក ដោយមួយស្របក ស្មើនឹង ២០ សន្លឹក ស្មើនឹង ១០ ស្នើ ដោយក្នុងមួយស្នើ មាន ២ សន្លឹក ។ ចំពោះនៅក្នុងពិធីបុណ្យ ឬពិធីរៀបអាពាហ៍ពិពាហ៍ក្តី គេមិនអាចខ្វះបានឡើយនូវស្លឹកម្លូ និងផ្លែស្លា ជាដាច់ខាត ព្រោះតាំងពីដូនតារហូតមក  វាជាទំនៀមទម្លាប់ប្រពៃណីដែលយើងត្រូវគោរពខ្ជាប់ខ្ជួនជាដរាបរៀងមក។

លោកបានបន្តថា គុណប្រយោជន៍នៃស្លឹកម្លូ សម្រាប់ក្នុងពិធីមង្គលការ គឺគេត្រូវរៀបចំជា ម្លូព័ន្ធ ស្លាព័ន្ធ ម្លូប្រសព្វមុខ ពិធីបង្វិលពពិល មូរម្លូតាមបែបមាត់ចាប និង តាមបែបមាត់ខ្ចៅ ដាក់លើជើងពានសម្រាប់សែនដូនតា រៀបព្រះពិស្នុការ (សម្រាប់ដង្វាយគ្រូ) រៀបជាស្លាដក់ និង ស្លាកន្សែង សម្រាប់ពិធីលើកស្លា (ហែរជំនូន) ទាំងនេះគឺជាគុណប្រយោជន៍របស់ស្លឹកម្លូដែលចាំបាច់ដោយខ្វះមិនបាន។

លោកចៅមហាបានបន្ថែមថា ក្រៅពីសម្រាប់លោកតា លោកយាយពិសា ស្លឹកម្លូក៏ជាឱសថបុរាណម្យ៉ាង ហើយក៏សម្រាប់គ្រូស្ដោះផ្លុំ ដែលប្រើមន្តអាគមផងដែរ។ ហើយបើនិយាយអំពីដើមម្លូ បើយើងដាំឱ្យឡើងបង្គោលជន្លង់ គឺមិនសូវជាល្អដូចដាំនៅក្បែរដើមស្លាឡើយ ព្រោះបើមានដើមស្លានៅក្បែរ ដើមម្លូតែងតែរុំព័ទ្ធឡើងដើមស្លា ទ្រុបទ្រុល និងលាស់ល្អជាទីបំផុត ។

នៅចុងក្រោយលោកចៅមហា ហ៊ាន សាវ៉ន បានរៀបរាប់រឿងរ៉ាវខ្លះៗដែលបានដំណើរតៗគ្នា តាំងពីដូនតារៀងមក ពាក់ព័ន្ធទៅនឹងដើមស្លា ដើមម្លូ និងថ្មកំបោរ យ៉ាងដូច្នេះថា ÷ ក្រោយពីឪពុកម្ដាយស្លាប់អស់ បងប្អូនប្រុសពីរនាក់បាននាំគ្នាចាកចេញពីភូមិត្រាច់ចរពីភូមិមួយទៅភូមិមួយដើម្បីរកការងារធ្វើ។ នៅទីបំផុតពួកគេក៏បានសម្រេចដូចបំណង ហើយនៅទីនោះអ្នកភូមិផងស្រឡាញ់រាប់អានពួកគេទាំងពីរណាស់ ដោយសារតែការឧស្សាហ៍ព្យាយាមធ្វើការដោយពុំមានការខ្ជិលច្រអូសឡើយ។ នៅទីបំផុតបុរសជាបងត្រូវបានអ្នកភូមិរៀបចំផ្សំផ្គុំឱ្យមានប្រពន្ធនៅទីនោះតែម្ដង។

ដោយឡែកនិយាយពីប្អូនប្រុសក្រោយពីបងមានប្រពន្ធ ខ្លួនហាក់ដូចជាកណ្ដោចកណ្ដែង និងកាន់តែរយាលអំពីការទំនាក់ទំនងគ្នារវាងបងនិងប្អូន ដូច្នេះហើយប្អូនប្រុសក៏បានចាកចេញពីភូមិនោះដើរពនាចរម្នាក់ឯង រហូតដល់មាត់សមុទ្រ ដោយអស់កម្លាំងពេកគេក៏សម្រាកនៅទីនោះ ចៃដន្យអីក៏មានអារក្សទឹកផុសចេញពីទឹកសមុទ្រហើយក៏បានសម្លាប់បុរសជាប្អូននោះទៅ ដោយចោទប្រកាន់ថាហ៊ានមកស្នាក់នៅកន្លែងដែលគេគ្រប់គ្រង នៅពេលនោះហើយដែលសពប្អូនប្រុសក៏បានក្លាយទៅជាដុំថ្ម។

លោកចៅមហាបានបន្តថា ដោយបាត់ប្អូនប្រុសពីក្នុងភូមិ បងប្រុសបានលាប្រពន្ធដើរតាមរកប្អូនកាត់ព្រៃកាត់ភ្នំរហូតមកដល់មាត់សមុទ្រដែលប្អូនបានស្លាប់ ហើយក៏អង្គុយផ្អែកនឹងដុំថ្ម ដើម្បីសម្រាកកាយ ក៏ស្រាប់តែអារក្សទឹកផុសមកទៀតហើយក៏បានសួរនាំ ក្រោយពីដឹងថាបុរសរូបនេះតាមរកប្អូនប្រុសដែលកំពុងក្លាយជាដុំថ្ម អារក្សទឹកក៏បានស្រែកថាយើងនឹងបញ្ជូនឯងឱ្យទៅជួបប្អូនប្រុស ហើយគេក៏បានសម្លាប់បុរសជាបងនោះទៅ ដោយបងប្រុសក៏បានក្លាយទៅជាដើមស្លាដុះនៅក្បែរដុំថ្មនោះតែម្ដង។

ដោយបាត់ស្វាមីយូរពេក ស្ត្រីជាភរិយាក៏បានធ្វើដំណើរតាមរកស្វាមីរហូតមកដល់ទីតាំងដដែល ហើយក៏បានជួបនឹងអារក្សទឹកដូចមុន ដោយក្រោយពីដឹងថាស្ត្រីនេះតាមរកស្វាមីនិងប្អូនប្រុស អារក្សទឹកក៏បានសម្លាប់នាងដើម្បីឱ្យទៅជួបជុំគ្នា នៅពេលនោះហើយសពស្ត្រីជាប្រពន្ធបានក្លាយទៅជាដើមម្លូ ហើយដើមម្លូនោះ ក៏បានដុះរុំព័ទ្ធដើមស្លាយ៉ាងណែន ដែលសបញ្ជាក់ថាដើមស្លាដែលជាស្វាមីគឺជាបង្គោលយ៉ាងរឹងមាំ នៅក្នុងគ្រួសារ ឯងស្ត្រីជាប្រពន្ធដែលមានស្វាមីភ័ក្រ្តចំពោះស្វាមីពេលដែលក្លាយទៅជាដើមម្លូ ក៏បានព្រមព័ទ្ធដើមស្លាដោយក្តីស្រឡាញ់។ ដោយឡែកដុំថ្មដែលជាកំបោរ គឺគេចាត់ទុកជាប្អូន ជាកូន ឬជាញាតិមិត្ត បើគេយកម្លូ ស្លា និងកំបោរ ទៅបុកឬទំពារចូលគ្នា នោះគេនឹងទទួលបាន ទឹកម្យ៉ាងដែលមានពណ៌ក្រហមដូចឈាម យ៉ាងដូច្នេះដែរ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម