Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិនៅតែបន្តកើនឡើងមិនស្រន់ ជុំវិញជម្លោះអាមេរិក-អ៊ីរ៉ង់

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​នៅតែបន្តកើនឡើងសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃអង្គារ (២៨ មេសា) នេះ ចំពេលដែលកិច្ចប្រឹងប្រែង​ចរចាដើម្បីសន្ដិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ហាក់ជាប់គាំង ដែលធ្វើឱ្យការបិទខ្ទប់​ច្រកហ័រមូហ្សនៅតែបន្ត និងប៉ះពាល់ដល់លំហូរប្រេងចេញពីតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅ ម៉ាក Brent បាន​កើនឡើង ៤៥ សេន ឬ ០,៤% ដល់ ១០៨,៦៨ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត​ ៨ ព្រឹក នៅទីក្រុងហុងកុង។ ពេលបិទការជួញដូរថ្ងៃចន្ទ តម្លៃប្រេងនេះ បាន​កើនឡើង ២,៨% ដល់កម្រិតខ្ពស់បំផុតរាប់តាំងពីថ្ងៃទី ៧ មេសា និងដែលជាកំណើនប្រចាំថ្ងៃ ៧ ថ្ងៃជាប់ៗគ្នា។ ​

ដោយឡែកតម្លៃប្រេងឆៅអាមេិរក WTI វិញ បាន​កើនឡើង ៥៨ សេន ឬ ០,៦% ដល់ ៩៦,៩៦​ ដុល្លារ/បារ៉ែល បន្ទាប់ពីកើនឡើង ២,១% កាលពីថ្ងៃចន្ទ។ ​

អ្នកជំនាញទីផ្សារបានគូសភ្ជាប់កំណើននេះ ទៅនឹងការវិវត្តនៃភាពតានតឹងមជ្ឈិមបូព៌ារវាងសហរដ្ឋ​អាមេរិក និងអ៊ីរ៉ង់។ មន្ត្រីអាមេរិក​បាន​ឱ្យដឹងកាលពីថ្ងៃចន្ទថា លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនពេញចិត្តនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់សង្គ្រាមនោះទេ។ ប្រភពពីអ៊ីរ៉ង់ឯណោះវិញ បាន​និយាយថា​ សំណើរបស់​អ៊ីរ៉ង់បាន​បញ្ចៀសការ​ពិភាក្សាលើកម្មវិធី​នុយក្លេអ៊ែររបស់ខ្លួន រហូតដល់អាមេរិកបញ្ឈប់អរិភាព​ ហើយជម្លោះដឹកជញ្ជូននៅឈូងសមុទ្រត្រូវបានដោះស្រាយដាច់ស្រេច។ ​

ការវិវត្តយ៉ាងដូច្នេះ បង្ហាញថា ដំណើរឆ្ពោះទៅរកសន្តិភាពរវាងភាគីទាំង២ កំពុងបន្តជាប់គាំង ខណៈអ៊ីរ៉ង់បន្តបិទខ្ទប់នាវាចរណ៍កាត់តាមច្រកហ័រមូហ្ស ដែលដឹកជញ្ជូនប្រេង និងឧស្ម័ន ២០% នៃតម្រូវការប្រចាំថ្ងៃរបស់ពិភព​លោក​ ហើយអាមេរិកឯណោះវិញ បន្ត​បិទខ្ទប់ការដឹកជញ្ជូនចេញចូលកំពង់ផែរបស់អ៊ីរ៉ង់។

អ្នកជំនាញទីផ្សារម្នាក់បាន​ប្រាប់រ៉យទ័រថា សម្រាប់ពាណិជ្ជករប្រេង វោហាសាស្រ្តនយោបាយ​លែងសំខាន់ដូចមុនទៀតហើយ មានតែលំហូរប្រេងពិតប្រាកដកាត់តាមច្រកហ័រមូហ្សទេ ដែលសំខាន់ ហើយលំហូរនោះនៅតែជាប់គាំង។ ទោះបីជាដំណោះស្រាយរវាងអាមេរិក និងអ៊ីរ៉ង់សម្រេចឡើង កង្វះផលិតកម្ម ឬឧបសគ្គផ្នែកភស្តុភារ នៅតែត្រូវការរយៈពេលច្រើនខែ ដើម្បីត្រឡប់ទៅដូចដើមវិញ​ ដែលមាន​ន័យថា តម្លៃប្រេងនៅតែមាន​និន្នាការថ្លៃ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម