Connect with us

ជីវិតកម្សាន្ដ

លោក ឆាយ បូរ៉ា លើកពីក្តីកង្វល់ចំពោះគុណភាពភាពយន្តខ្មែរ ជំរុញឱ្យមានមតិវែកញែក និងពិចារណារកមូលហេតុ

បានផុស

នៅ

ផលិតករខ្មែរជើងចាស់ដ៏ល្បីឈ្មោះ លោក ឆាយ បូរ៉ា បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពវិស័យភាពយន្តខ្មែរ ដោយលើកឡើងថា “ភាពយន្តខ្មែរ គុណភាពរឿងធ្លាក់ចុះ បានក្លាយជាជំងឺធ្ងន់ធ្ងរ ទាំងផលិតករមិនដឹងថាខ្លួនឈឺអី”។ ក្នុងន័យនេះ លោកចង់សំដៅដល់ គុណភាពរឿងកំពុងធ្លាក់ចុះ និងក្លាយជាបញ្ហាធ្ងន់ធ្ងរ ដល់ថ្នាក់ផលិតករមួយចំនួនមិនទាន់ដឹងថា ខ្លួនកំពុងប្រឈមមុខនឹងបញ្ហាអ្វីផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារដែលបានបង្ហោះលើគណនី Facebook នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ សាររបស់លោក ឆាយ បូរ៉ា បានរំលឹកថា បញ្ហានេះមិនមែនជារឿងថ្មីទេ ប៉ុន្តែកំពុងក្លាយជាស្ថានភាពគួរឱ្យព្រួយបារម្ភកាន់តែខ្លាំងឡើង នៅក្នុងឧស្សាហកម្មភាពយន្តជាតិ។

ការលើកឡើងនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីសាធារណជន ជាពិសេសអ្នកជំនាញក្នុងវិស័យភាពយន្ត និងអក្សរសិល្ប៍ ដែលបានចូលរួមបញ្ចេញមតិយោបល់យ៉ាងសកម្ម។ មតិយោបល់មួយចំនួនបានសន្និដ្ឋានថា កត្តាសំខាន់ អាចទាក់ទងនឹងភាពអន់ថយនៃសិល្បៈ គុណតម្លៃរឿង ឬបច្ចេកទេសថត ឯខ្លះយល់ថា អាចទាក់ទងនឹងការពេញនិយម (Trending) នូវលំហូរចូលនៃភាពយន្តក្រៅស្រុក។

ជាមួយគ្នានេះ ក៏មានមតិយោបល់មួយចំនួនផ្សេងទៀត យល់ថា បញ្ហានេះអាចពាក់ព័ន្ធនឹងការកើនឡើងនៃការពេញនិយមលើមាតិកាខ្លីៗតាមបណ្ដាញសង្គម ដូចជា TikTok ដែលធ្វើឱ្យទស្សនិកជនមានទំនោរទៅរកការកម្សាន្តដែលមិនចាំបាច់មានគុណតម្លៃអប់រំអ្វីឡើយ ពោលគឺមើលគ្រាន់តែដើម្បីកម្សាន្តអារម្មណ៍។

លើសពីនេះ ក៏មានការវែកញែកថា និន្នាការនេះក៏បានជំរុញឱ្យមានការកើនឡើង នៃអ្នកសម្តែងក្រៅអាជីព ដែលចូលរួមក្នុងការផលិតភាពយន្តដោយខ្វះបទពិសោធ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ស្ថានភាពនេះ ត្រូវបានមើលឃើញដែរថា ជាផ្នែកមួយធ្វើឱ្យគុណតម្លៃសិល្បៈនៃភាពយន្តខ្មែរ ទទួលរងផលប៉ះពាល់ផងដែរ។

យ៉ាងណាមិញ ប្រធានបទខាងលើនេះ ក៏ត្រូវបានគេមើលឃើញថា ជាសញ្ញាវិជ្ជមានមួយ សម្រាប់ជំរុញឱ្យមានការពិចារណាឡើងវិញ និងស្វែងរកដំណោះស្រាយ ដើម្បីលើកកម្ពស់គុណភាព និងស្ដារឡើងវិញនូវតម្លៃសិល្បៈក្នុងវិស័យភាពយន្តខ្មែរ នៅពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម