Connect with us

ព័ត៌មានជាតិ

៤ខែឆ្នាំនេះ គ្រោះធម្មជាតិកើតឡើងជាង ៤៥០ លើក ស្លាប់ និងរបួសមនុស្សជាង៦០នាក់ និងខូច​ខាតផ្ទះជិត២ពាន់ខ្នងថយចុះជាងឆ្នាំមុន

បានផុស

នៅ


នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦ នេះគ្រោះធម្មជាតិរួមមានគ្រោះរន្ទះបាញ់ គ្រោះអគ្គិភ័យ និងខ្យល់កន្ត្រាក់បានកើតឡើង ៤៥៨លើក បង្កឱ្យស្លាប់មនុស្ស១៥នាក់ របួស៤៨នាក់ និងខូចខាតផ្ទះ១៩៣៨ខ្នង មានការថយចុះបើប្រៀបធៀបទៅនឹងរយៈពេល៤ខែដូចគ្នាកាលពីឆ្នាំ២០២៥កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅរសៀលថ្ងៃទី៥ឧសភា ថា ក្នុងនោះគ្រោះរន្ទះបាញ់កើតឡើងចំនួន១៣លើកបណ្តាលឱ្យឆេះផ្ទះ៤ខ្នង ស្លាប់មនុស្ស៧នាក់ របួស៧នាក់ និងងាប់គោលក្របី៨ក្បាល។ ចំណែកគ្រោះអគ្គិភ័យវិញបានកើតឡើងចំនួន៣៤៥លើក បណ្តាលឱ្យឆេះផ្ទះចំនួន៣៤១ខ្នង តូបផ្សារ៤៨តូប ឃ្លាំងទំនិញ១៨កន្លែង រោងចក្រសិប្បកម្ម១៣កន្លែង អគាររដ្ឋបាល៨កន្លែង ស្លាប់មនុស្ស៧នាក់ និងរបួស៣៣នាក់។ រីឯ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន១០០លើក បណ្តាលឱ្យរលំផ្ទះចំនួន១៥៦ខ្នង របើកដំបូលផ្ទះចំនួន១៤៣៧ខ្នង សាលារៀន៣៧ខ្នង តូបផ្សារ៦តូប អគាររដ្ឋបាល៨កន្លែង ស្លាប់១នាក់ និងរបួស៨នាក់។

លោកបានបន្តថា តួលេខនេះបើធៀបទៅនឹងរយៈពេល៤ខែដូចគ្នាឆ្នាំ២០២៥កន្លងទៅឃើញថា មានការថយចុះ​ខណៈ៤ខែឆ្នាំមុនគ្រោះធម្មជាតិរួមមានគ្រោះរន្ទះបាញ់ គ្រោះអគ្គិភ័យ និងខ្យល់កន្ត្រាក់បានកើតឡើងចំនួន៥៥៥លើក ខូចខាតផ្ទះ៤៣២៦ខ្នង ស្លាប់មនុស្ស២៥នាក់ និងរបួស៧៨នាក់។ ក្នុងនោះ ខ្យល់កន្ត្រាក់ បានកើតឡើងចំនួន ១០៧ លើក បានបណ្តាលឱ្យរលំផ្ទះចំនួន ២៦៧ ខ្នង ផ្ទះរបើកដំបូលចំនួន ៣ ៦៩២ ខ្នង សាលារៀន ២៨ អគារតូបផ្សារ ១៤ តូបអគាររដ្ឋបាល ១២ កន្លែង ស្លាប់មនុស្ស ៤ នាក់ និងរងរបួស ១៥ នាក់។ រីឯគ្រោះអគ្គិភ័យបានកើតឡើងចំនួន៤១៨លើក បណ្តាលឱ្យឆេះផ្ទះ៣៦១ខ្នង តូបផ្សារ២៩តូប ឃ្លាំងទំនិញ១៥កន្លែង រោងចក្រសិប្បកម្ម៨កន្លែង អគាររដ្ឋបាល៩កន្លែង ស្លាប់មនុស្ស៩នាក់ និងរបួស២២នាក់ និងគ្រោះរន្ទះបាញ់បានកើតឡើងចំនួន ៣០ លើកបណ្តាលឱ្យខូចខាតផ្ទះចំនួន ៦ ខ្នង ស្លាប់មនុស្ស ១២ នាក់ របួស ១៦ នាក់ និងងាប់គោក្របីចំនួន ២១ ក្បាល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម